អាហ្វ្រិក៖ យោងតាមការស្រាវជ្រាវថ្មីៗនេះ ដំរីចាប់ផ្តើមប្រែទៅរកការលូតលាស់ដោយគ្មានភ្លុកហើយ បន្ទាប់ពីរងការប្រមាញ់និងសម្លាប់ដោយព្រានព្រៃខុសច្បាប់ឥតឈប់ឈរ។ 

ដំរីអាហ្វ្រិកដែលអត់ភ្លុក

ដំរីអាហ្វ្រិកជិត ៩០% ក្នុងឧទ្យានជាតិហ្គូរ៉ុងហ្គូសា (Gorongosa) របស់ប្រទេសម៉ូសំប៊ិក ត្រូវបានសម្លាប់យកភ្លុកទៅលក់ ដើម្បីយកលុយទិញអាវុធក្នុងអំឡុងសង្គ្រាមស៊ីវិលនៅប្រទេសនេះ។

បើតាមតួលេខក្នុងការស្រាវជ្រាវ ដំរីញីមួយក្បាលក្នុងចំណោមបីក្បាល ដែលកើតក្រោយបញ្ចប់សង្គ្រាមក្នុងឆ្នាំ ១៩៩២ ពុំមានដុះភ្លុកនោះទេ។ រីឯដំរីឈ្មោលវិញ ភ្លុករបស់វាកាន់តែធំ និងធ្ងន់ជាងមុន ប៉ុន្តែដោយសារការលួចបាញ់មានចំនួនកើនឡើង ព្រានព្រៃចាប់ផ្តើមផ្តោតលើដំរីញីម្តង។

លោក Joyce Poole នាយកផ្នែកវិទ្យាសាស្ត្រនៃអង្គការមិនយកប្រាក់ចំណេញ ElephantVoices បានឱ្យដឹងថា “យូរៗទៅ ជាមួយអត្រាដំរីវ័យកាន់តែចាស់ ដំរីញីមួយភាគធំនឹងចាប់ផ្តើមធំធាត់ដោយគ្មានភ្លុក។”  

ដំរីអាហ្វ្រិកដែលអត់ភ្លុក

គួរឱ្យដឹងថា ប្រទេសផ្សេងៗទៀតក៏មានករណីនេះដូចគ្នាដែរ។ ក្នុងនោះ ៩៨% នៃដំរីញី ១៧៤ ក្បាលនៅឧទ្យានជាតិអាដូ (Addo) នៃប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានរាយការណ៍ថាមិនដុះភ្លុកឡើយក្នុងដើមទសវត្សរ៍ឆ្នាំ ២០០០។

បន្ថែមពីនេះ ការលួចបរបាញ់ក៏បណ្តាលឱ្យទំហំនៃភ្លុកដំរីតូចជាងមុនផងដែរ ក្នុងតំបន់ដែលមានការប្រមាញ់ច្រើនខ្លាំង ដូចជានៅប៉ែកខាងត្បូងនៃប្រទេសកេនយ៉ាជាដើម។

អ្នកវិទ្យាសាស្ត្របានលើកឡើងថា ដំរីដែលកំពុងជួបស្ថានភាពនេះអាចផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ ព្រោះជាទូទៅវាប្រើភ្លុកដើម្បីជីកទឹក ឬគាស់សម្បកឈើធ្វើជាចំណី។ ដូច្នេះថនិកសត្វដ៏ធំនេះអាចនឹងត្រូវធ្វើដំណើរកាន់តែឆ្ងាយដើម្បីរស់។  

ដំរីអាហ្វ្រិកដែលភាគច្រើនអត់ភ្លុក

ជាងនេះទៅទៀត អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការប្រែប្រួលដើម្បីរស់នេះ អាចមានឥទ្ធិពលកាន់តែធំចំពោះប្រព័ន្ធបរិស្ថានដែលនៅជុំវិញខ្លួនពួកវា។

"ការប្រែប្រួលណាមួយ ឬទាំងអស់នៃឥរិយាបថនេះ អាចនាំឱ្យមានការប្រែប្រួលចំពោះការចែកចាយនៃដំរីទូទាំងតំបន់នោះ។ ការប្រែប្រួលទ្រង់ទ្រាយធំនេះហើយដែលភាគច្រើនទំនងជាមានផលប៉ះពាល់ដល់ប្រព័ន្ធបរិស្ថានផ្សេងៗទៀតទាំងអស់។" នេះបើតាមការលើកឡើងរបស់លោក Ryan Long ដែលជាអ្នកស្រាវជ្រាវពីឥរិយាបថនៃបរិស្ថាន នៅសាកលវិទ្យាល័យអាយដាហូ (Idaho)៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]