រាជធានីភ្នំពេញ ៖ នារីម្នាក់ទិញម៉ូតូស្គូពីមួយគ្រឿងបង់រំលស់ ទើបបានមួយអាទិត្យទុកក្នុងបន្ទប់ជួល រួចចេញទៅទិញអាហារហូបមួយភ្លែត ស្រាប់តែត្រូវចោរគាស់ទ្វារលួចយកបាត់រួមនឹងលុយកាក់មួយចំនួនផង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា នៅបន្ទប់ជួលក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ ម៉ានី អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន vivo ឯទ្រព្យសម្បត្តិដែលបាត់បង់រួមមាន លុយមួយចំនួន និងម៉ូតូស្គូពីស៊េរីឆ្នាំ២០១៩ មួយគ្រឿង ពណ៌ស ទិញបង់រំលស់ទើបបាន១អាទិត្យ មិនទាន់ទាំងចាំស្លាកលេខច្បាស់នៅឡើយ ឯកាតគ្រីនៅក្រុមហ៊ុនទុកទៀត។
តាមប្រភពព័ត៌មានពីនារីរងគ្រោះឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃកើតហេតុនោះ រូបនាងបានទៅចូលរួមកម្មវិធីមិត្តភក្ដិ ដោយទុកម៉ូតូនៅក្នុងបន្ទប់ជួល ចាក់សោបន្ទប់ត្រឹមត្រូវ។
រហូតដល់ម៉ោង១២អធ្រាត្រ នាងត្រឡប់មកវិញចាក់សោទ្វារឃើញម៉ូតូនៅក្នុងបន្ទប់ធម្មតាទេ ប៉ុន្តែដោយឃ្លានបាយក៏បិទទ្វារចេញទៅរកទិញចំណីហូបនៅខាងក្រៅប្រមាណ១៥នាទី។
ពេលត្រឡប់មកវិញឃើញទ្វារបន្ទប់ចំហ ក៏សង្ស័យរត់ស្ទុះទៅមើលក្នុងបន្ទប់ ឃើញសភាពរាយប៉ាយ ហើយបាត់ម៉ូតូទើបនឹងទិញទៀត ធ្វើឲ្យនាងហួសចិត្តយ៉ាងខ្លាំង និងបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ។
ប្រភពដដែលបញ្ជាក់ថា នៅផ្ទះជួលខាងលើនោះឧស្សាហ៍មានចោរចូលគាស់បន្ទប់លួចទ្រព្យសម្បត្តិច្រើនដងមកហើយ មិនដឹងថាជនសង្ស័យបានសោរបងផ្ទះមកពីណាចាក់ចេញចូលបានស្រួលម្លេ៉ះ ព្រោះមានតែអ្នករស់នៅក្នុងផ្ទះនោះប៉ុណ្ណោះទើបមានសោរបងផ្ទះ។
នៅពេលមានបញ្ហា អ្នករស់នៅក្នុងបន្ទប់ជួលខាងលើសុំម្ចាស់ផ្ទះឆែកកាមេរ៉ាសុវត្ថិភាពមើល ប៉ុន្តែម្ចាស់ផ្ទះមិនព្រមឆែកឲ្យមើលទេ មិនដឹងជាគាត់មានមូលហេតុអ្វីឡើយ ។ ក្រោយកើតហេតុ នារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១តែប៉ុណ្ណោះ ទាំងមិនសង្ឃឹមថានឹងរកឃើញម៉ូតូត្រឡប់មកវិញឡើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]