ស៊ុយអ៊ែត៖ មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នាចំពោះការញ៉ាំអាហារ។ ជួនកាល ម្ហូបមួយមុខមានរសជាតិឆ្ងាញ់សម្រាប់យើង តែវាបែរជាគួរឱ្យឆ្អើមសម្រាប់អ្នកដទៃក៏ថាបាន។ ដោយយោងតាមគំនិតនេះហើយ ទើបសារមន្ទីរអាហារដ៏គួរឱ្យខ្ពើមថ្មីមួយ ត្រូវបានបង្កើតនិងសម្ពោធឡើងនៅក្រុងម៉ាលម៉ូ ប្រទេសស៊ុយអ៊ែត កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែវិច្ឆិកា ២០១៨ នេះ។ 

លិង្គគោស្រស់ៗ

ស្ថាបនិកសារមន្ទីរ លោកវេជ្ជបណ្ឌិត Samuel West ដែលជាគ្រូពេទ្យចិត្តសាស្ត្រនៅពេលថ្ងៃ និងជាអ្នកគ្រប់គ្រងសារមន្ទីរនៅពេលយប់បានឱ្យដឹងថា វាជាការណែនាំអំពីការទទួលទានអាហារ និងឥទ្ធិពលរបស់វាចំពោះបរិស្ថានដែលជំរុញឱ្យអ្នករស់នៅបស្ចឹមលោក ស្វែងយល់បន្ថែមពីប្រភពផ្សេងៗនៃប្រូតេអ៊ីន។

លោក West បានបញ្ជាក់ថា “បើអ្នកសួរគេថាចង់ហូបសត្វល្អិតឬអត់? គេនឹងឆ្លើយថា “គួរឱ្យខ្ពើមណាស់។ នេះហើយជាឧបសគ្គ ប៉ុន្តែប្រហែលជាខ្ញុំអាចធ្វើឱ្យគេពិចារណាឡើងវិញ។” ហើយជាលទ្ធផល គាត់ក៏បានបង្កើតទីតាំងទំហំ ៤០០ ម៉ែត្រការ៉េដើម្បីផ្តល់ពិសោធន៍ផ្នែកឃានវិញ្ញាណ ដែលអាចឱ្យភ្ញៀវបានហិត ប៉ះ និងភ្លក់រសជាតិអាហារផ្សេងៗដែលត្រូវបានចាត់ទុកថា “គួរឱ្យខ្ពើម” ជុំវិញពិភពលោក ដោយយកថង់ទុកក្អួតប្រើជាសំបុត្រ។

“អ្វីដែលយើងយល់ថាគួរឱ្យខ្ពើមរអើម យើងត្រូវតែស្វែងយល់បន្ថែមពីវា។ វាជាផ្នែកមួយនៃវប្បធម៌សុទ្ធសាធ” លោកបានបន្ថែមដូច្នេះ។  

កូនកណ្តុរដុត

ស្ថាបនិកសារមន្ទីរដ៏ប្លែកមួយនេះគ្រោងនាំយកការតាំងបង្ហាញ និងសារមន្ទីររបស់លោកទៅក្រុងផ្សេងៗទៀត ដើម្បីឱ្យមនុស្សស្វែងយល់ និងគិតឱ្យបានស៊ីជម្រៅ ដោយមិនមែនត្រឹមតែថតរូបស៊ែលហ្វ៊ីប៉ុណ្ណោះទេ។

គួរបញ្ជាក់ថា សារមន្ទីរនេះមានអាហារប្លែកៗជាច្រើនដូចជា ពងទាកូន លិង្គគោ ដង្កូវក្នុងឈីស កូនកណ្តុរ ក្បាលទន្សាយ កណ្តុរត្រាំស្រាអង្ករ ធុរេន ញាំចាហួយ និងអាហារជាច្រើនទៀតសរុប ៨០ មុខ ដោយខ្លះជាវត្ថុគំរូ ហើយខ្លះទៀតត្រូវបានបង្ហាញតាមវីដេអូ៕ 

ពងទាកូន
ប្រចៀវ
ស្រា-សត្រាំកូនកណ្តុរ
ក្បាលទន្សាយ
ភេសជ្ជៈដែលមានគ្រាប់ភ្នែកចៀម
ដង្កូវក្នុងឈីស
ធុរេន

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]