ការសិក្សាថ្មីមួយបានរកឃើញថា កម្រិតអរម៉ូនស្ត្រេស ឬហៅថាករទីស៊ូលអរម៉ូន របស់បុគ្គលក្នុងវ័យកណ្តាល អាចធ្វើឲ្យខួរក្បាលថយវិមាត្រដោយរួមតូចជាងមុន និង ថយចុះសមត្ថភាពខួរក្បាលដូចជាការចងចាំ និងការគិតទៀតផង។

គេបានសិក្សាទៅលើសំណាក ២ ២៣១នាក់ អាយុចន្លោះពី៤០ ទៅ៥០ឆ្នាំ ដោយក្នុងនោះមានអ្នកស្ម័គ្រចិត្ត ២០១៨នាក់ព្រមទទួលយកការថតរូបភាព MRI (រូបភាព 3D ខាងក្នុងរាងកាយ)។  គេបានផ្តោតយ៉ាងចម្បងនិងធ្វើតេស្តមើលកម្រិតអរម៉ូនស្ត្រេសនៅពេលព្រឹកមុនទទួលទានអាហារពេលព្រឹក។ គេក៏បានគិតទៅលើកត្តាលំអៀងផ្សេងៗទៀតដែរដូចជា អាយុ ភេទ កម្រិត BMI (Body Mass Index) និងការប្រើប្រាស់បារីជាដើម ដែលសុទ្ធតែអាចចូលរួមចំណែកប៉ះពាល់ដល់សុខភាពខួរក្បាល។

ជាលទ្ធផលបានបង្ហាញឲ្យឃើញថា សំណាកដែលមានកម្រិតអរម៉ូនស្ត្រេសខ្ពស់ មានហានិភ័យខ្ពស់ប្រឈមមុខនឹងបញ្ហានៃការផ្លាស់ប្តូរទ្រង់ទ្រាយនៃខួរក្បាល និង ការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល។

លោកសាស្ត្រាចារ្យ Sudha Seshadri ប្រធាននៃវិទ្យាសា្ថនជំងឺសរសៃប្រសាទ នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក បាននិយាយថា "ការរស់នៅក្នុងសម័យទំនើបនៃសតវត្សរ៍ទី២១នេះ គ្មានពីណាគេដែលអាចគេចផុតពីបញ្ហាស្ត្រេសបានឡើយ"។ លោកបានបន្តទៀតថា "យើងពុំទាន់ដឹងច្បាស់អំពីមូលហេតុ រវាងកត្តានៃកម្រិតអរម៉ូនស្ត្រេសខ្ពស់ជាមួយនឹងហានិភ័យនៃការប្រែប្រួលលក្ខណៈនិងដំណើរការនៃខួរក្បាលនៅឡើយ។ តែរឿងមួយដែលយើងដឹងច្បាស់នោះគឺ ស្ត្រេសញឹកញាប់ធ្វើឲ្យសុខភាពខួរក្បាលមានការធ្លាក់ចុះ"។

ការសិក្សាមួយនេះក៏បានក្រឡេកទៅមើលលើកត្តាសែនដែលបង្កើនហានិភ័យនៃជំងឺផ្លូវចិត្តមួយចំនួនផងដែរ។ ប៉ុន្តែលទ្ធផលបង្ហាញថា អរម៉ូនស្ត្រេសពុំមានទំនាក់ទំនងអ្វីជាមួយនឹងកត្តាសែនឡើយ។

ទោះបីយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវបែបបរិមាណនេះគ្រាន់តែបានបង្ហាញឲ្យឃើញនូវទំនាក់ទំនងរវាងកម្រិតនៃអរម៉ូនករទីស៊ូលជាមួយនឹងហានិភ័យនៃការធ្លាក់ចុះនៃវិមាត្រ និងសមត្ថភាពខួរក្បាលតែប៉ុណ្ណោះ។

ដូច្នេះសរុបមកវិញ ការថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ពិតជាសំខាន់ដូចគ្នា ពោលគឺពុំអាចខ្វះមួយណាបានឡើយ។  ការទទួលទានអាហារឲ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំ ជាការអនុវត្តដ៏ត្រឹមត្រូវនិងជាទម្លាប់មួយដ៏ល្អប្រសើរ ដើម្បីសុខភាពរបស់លោកអ្នក និងចៀសឆ្ងាយពីជំងឺ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]