ការសិក្សាកន្លងមកជាច្រើនរួចមកហើយ ដែលបង្ហាញទំនាក់ទំនងរវាង ការដេកមិនគ្រប់គ្រាន់ជាមួយនឹងហានិភ័យនៃជំងឺលើសឈាម។ ការសិក្សាថ្មីមួយបានឲ្យដឹងថា បញ្ហារំខានដល់ការដេកតិចតួចដូចជា សម្លេងរំខាន ពន្លឺ ឬបញ្ហាដេកមិនលក់ សុទ្ធតែធ្វើឲ្យសម្ពាធឈាមស្ត្រីកើនឡើងខុសពីធម្មតា ដែលជាកត្តាបង្កជំងឺលើសឈាម បើទោះបីជាដេកបានគ្រប់គ្រាន់ ៧ ទៅ៩ម៉ោងក្តី។

ការសិក្សាថ្មីរបស់សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានផ្តោតទៅលើប្រធានបទមួយថា៖ "តើបញ្ហាតិចតួចរំខានដល់ការដេក អាចបង្កើនហានិភ័យនៃជំងឺលើសឈាមដែរឬទេ?" ។

គេបានសិក្សាទៅលើសំណាកចំនួន ៣២៣នាក់ដែលសុទ្ធសឹងជាស្ត្រី (វ័យ២០ ដល់ ៧៩ឆ្នាំ)  អំពីបញ្ហាទាក់ទងទៅនឹងការដេក។ គួរបញ្ជាក់ផងដែរថា ភាគច្រើនមនុស្សស្រីតែងតែជួបប្រទះជាញឹកញាក់រាប់តាំងពីបញ្ហាមើលថែទាំកូន បញ្ហានៃលក្ខណៈធម្មជាតិរបស់រាងកាយមនុស្សស្រី (ការផ្លាស់ប្តូរនៃអរម៉ូន) ។ល។ កត្តាទាំងនេះហើយ ដែលគេធ្វើការផ្តោតសិក្សាតែទៅលើស្ត្រីតែប៉ុណ្ណោះ។

គេបានបំពាក់ឧបករណ៍នៅកដៃ សម្រាប់ស្ទង់និងវាស់ដំណើរការនៃការដេករបស់សំណាកទាំងអស់ ដោយគេផ្តោតទៅលើបញ្ហាមួយចំនួនតូចដែលអាចរំខានដល់ការដេកដូចជា គុណភាពនៃការដេកមិនល្អ  ចំណាយពេលយូរទំរាំតែដេកលក់ មានពន្លឺរំខានក្នុងអំឡុងពេលដេក  មានសំលេងរំខាន និងមានបញ្ហាដេកមិនលក់ ជាដើម។

ជាលទ្ធផលសរុបមក គេបានទាញការសន្និដ្ឋានថា កត្តាដែលបានរៀបរាប់ខាងលើនេះសុទ្ធតែអាចរំខានដល់ការដេក និងបានបង្កើនសម្ពាធឈាមចំពោះសំណាកដែលជួបបញ្ហាទាំងអស់នេះ និងជាពិសេសវាអាចបង្កហានិភ័យនៃជំងឺលើសឈាមនេះឯង។

ដូច្នេះការដេកឲ្យបានគ្រប់គ្រាន់បូកផ្សំជាមួយគុណភាពនៃកាដេក (ពុំមានការរំខាន, ដេកលក់ស្រួល) ជាកត្តារួមដ៏សំខាន់ដែលត្រូវតែដើរទន្ទឹមគ្នា ដើម្បីសុខភាពរាងកាយយើងទាំងមូល៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]