ថ្នាំអង់ទីប្យូទិច ឬ ហៅថាថ្នាំផ្សះ  ជាប្រភេទថ្នាំប្រើប្រាស់ពិសេសសម្រាប់សម្លាប់បាក់តេរី ដែលជារបកគំហើញតាំងពីឆ្នាំ១៩២៨ រកឃើញដោយលោក Alexander Fleming (ជនជាតិស្កុតឡេន) ដែលទទួលបានពានរង្វាន់ Nobel Prize សម្រាប់ការរកឃើញនូវថ្នាំ Pennicillin (ថ្នាំផ្សះដំបូងគេបង្អស់)។

វាជារបកគំហើញមួយដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រនៃវិស័យវេជ្ជសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ខ្លាំង សម្រាប់ការផលិតថ្នាំផ្សះរាប់ពាន់ប្រភេទដែលយើងមានប្រើសព្វថ្ងៃនេះ។

បើទោះបីជាយ៉ាងណា  ធម្មជាតិបានធ្វើឲ្យជិវីតទាំងឡាយលើភពផែនដី មិនថា មេរោគ  ក៏ចេះវិវឌ្ឍខ្លួនទៅតាមបរិស្ថានជុំវិញរបស់ខ្លួនវាដែរ។ នេះក៏អាចនិយាយបានថាជាហេតុផលចម្បងបណ្តាលឲ្យបាក់តេរីចាប់ផ្តើមមានភាពរេស៊ីស្តង់ជាមួយនឹងថ្នាំផ្សះ។

អស់រយៈពេលជិតមួយសតវត្សរ៍មកនេះ មនុស្សបានបង្កើតថ្នាំផ្សះជាច្រើនប្រភេទ និងមានឥទ្ធិពលខ្លាំងជាងមុនក្នុងការសម្លាប់បាក់តេរី ដែលមានការវិវឌ្ឍន៍យ៉ាងលឿន ប្រឆាំងទប់ទល់នឹងឥទ្ធិពលរបស់ថ្នាំ។ ហើយនេះក៏ដោយសារការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ឬក៏ពុំមាននូវចំណេះដឹងសោះទាក់ទងនឹងរបៀបក្នុងការប្រើប្រាស់ថ្នាំអង់ទីប្រូទិចនេះ។ ជាហេតុធ្វើឲ្យបាក់តេរីមានភាពស៊ាំជាមួយនឹងថ្នាំ ហើយធ្វើឲ្យវាកាន់តែចាប់ផ្តើមបង្កើតជាបញ្ហាដល់ការស្រាវជ្រាវរកថ្នាំដែលខ្លាំងជាងមុនទៀតដើម្បីសម្លាប់វា។

ជាការពិតកាលណាអ្នកធ្វើការប្រើប្រាស់ថ្នាំផ្សះកាន់តែច្រើន វាធ្វើឲ្យប្រសិទ្ធភាពនៃថ្នាំនោះអន់ថយបន្តិចម្តងៗ ព្រោះបាក់តេរីពុំបានងាប់ទាំងអស់ឡើយ ហើយពពួកបាក់តេរីនៅសល់បានធ្វើការវិវឌ្ឍន៍ទៅជាទម្រង់ប្រភេទផ្សេងទៀត ដែលអាចឲ្យពួកវា ខ្លាំងជាងមុន និងអាចទប់ទល់នឹងឥទ្ធិពលរបស់ថ្នាំយូរជាងមុន ហើយប្រភេទបាក់តេរីមួយចំនួននៅពេលបច្ចុប្បន្នលែងខ្លាចថ្នាំទៀតហើយ ពោលគឺថ្នាំចាប់ផ្តើមពុំមានប្រសិទ្ធភាពក្នុងការសម្លាប់ពួកវា។

ជាភស្តុតាង ជំងឺរលាកផ្លូវតម្រងនោម និងជំងឺរលាកទងសួត បានក្លាយជាទុក្ខកង្វល់សម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព និងប្រជាជន។ ពពួកបាក់តេរីបង្កជំងឺនេះ ចាប់ផ្តើមមានភាពស៊ាំជាមួយនឹងថ្នាំខ្លាំងៗ ដែលពីមុនប្រើប្រាស់មានប្រសិទ្ធភាព។ ក្នុងចំណោមមនុស្ស ១០០នាក់ដែលមានជំងឺនេះមានអ្នកជំងឺលើសពី ៥០នាក់ទៅហើយ ដែលប្រើប្រាស់ថ្នាំផ្សះពុំត្រូវ។

ទាំងអស់នេះក៏បណ្តាលមកពីការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ហើយពុំបានអនុវត្តត្រឹមត្រូវតាមវេជ្ជបញ្ជា ឬក៏ការទិញថ្នាំផ្សះពីឱសថស្ថានដោយគ្មានការណែនាំពីគ្រូពេទ្យឡើយ។ ជាលទ្ធផលនៅពេលឈឺធ្ងន់ថ្នាំអង់ទីប្យូទិចដែលខ្លាំងៗសម្រាប់ប្រឆាំងនឹងជំងឺទាំងនោះនឹងពុំសូវមានប្រសិទ្ធភាពឡើយ៕

លោក Alexander Fleming មីក្រូវិទូ ដែលរកឃើញនូវថ្នាំផ្សះ
ការធ្វើតេស្តរក រេស៊ីស្តង់នៃថ្នាំផ្សះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]