បរទេស៖ Cesc Fabregas ដែលធ្លាប់ឈ្នះពានរង្វាន់ World Cup និងពានរង្វាន់ Premier League ចំនួន២ដងនោះ ពេលនេះបានបន្ថែមនូវជ័យលាភីរបស់ខ្លួនជាបន្ដ ដោយរូបគេបានជាប់កំណត់ត្រានៅក្នុងសៀវភៅ Guinness សម្រាប់ឆ្នាំ២០១៩។ 

Cesc Fabregas

កីឡាករវ័យ៣១ឆ្នាំនេះ បានជាប់នូវកំណត់ត្រាក្លាយជាកីឡាករលឿនជាងគេដែលអាចបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមរបស់ខ្លួនបានចំនួន១០០ដង ក្នុងក្របខណ្ឌលីកកំពួលរបស់អង់គ្លេស។

«ខ្ញុំមិនលឿនជាងគេទេ ហើយខ្ញុំក៏មិនខ្លាំងដែរ។ ខ្ញុំមិនមែនជាមនុស្សបត់បែនខ្លាំងដែរ ណាមួយខ្ញុំក៏មិនអាចហក់ខ្ពស់ដែរ» សម្ដីរបស់ Fabregas ក្រោយទទួលយកនូវជ័យលាភីខាងលើ»។  

អតីតខែ្សបម្រើរបស់ក្រុម FC Barcelona បានបន្ដថា៖ «ការដែលឈ្នះនូវកំណត់ត្រាបែបនេះក្នុងអាជីពរបស់ខ្ញុំ វាពិតជាធើ្វឲ្យខ្ញុំមានមោទកភាពចំពោះការងាររបស់ខ្ញុំ ព្រោះថាវាជាការងារខ្ញុំ ហើយខ្ញុំធើ្វវាបានយ៉ាងល្អ»។ 

Cesc Fabregas

ការបញ្ចូនបាល់ឲ្យ Willian ក្នុងជ័យជម្នះទៅលើ Stoke City ៤-២ បានធើ្វឲ្យរូបគេក្លាយជាអ្នកកាន់កាប់កំណត់ត្រាអ្នកដែលបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមស៊ុតបញ្ចូលទីចំនួន១០០ដង លឿនជាងកីឡាករណាៗទាំងអស់ក្នុងក្របខណ្ឌមួយនេះ ខណៈលេខ២ គឺវីរបុរសក្រុមបិសាចក្រហម Manchester United លោក Ryan Giggs។ 

Ryan Giggs

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយរបស់ Fabregas ដែលឈ្នះ Gunnies នោះ ដោយរូបគេធ្លាប់ជាប់កំណត់ត្រាពិភពលោកនេះម្ដងហើយកាលពីឆ្នាំ២០១៧ ជាមួយនឹងអតីតកីឡាករ Liverpool Jamie Redknapp ដោយកាលនោះ ពួកគេទាំងពីរបានជាប់កំណត់ត្រា Guinness រួមគ្នាដោយបានប៉ះបាល់បែប Volley បានសម្រេចច្រើនដងបំផុតក្នុងរយៈ៣០វិនាទី (ប៉ះបាល់បែបនេះបានសម្រេចចំនួន ១៥ ដង)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]