បារាំង៖ អ្នកជិះកង់វ័យ ៣៤ ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់ដោយព្រានព្រៃ ព្រោះច្រឡំស្មានថារូបគេជាសត្វ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្បែររមណីយដ្ឋានជិះស្គី Les Gets Alpine ក្នុងប្រទេសបារាំង ប៉ុន្តែម្តាយរបស់ជនរងគ្រោះមិនត្រឹមតែមិនកើតទុក្ខមុខជាំអ្វីឡើយ បែរជាមានអារម្មណ៍ផ្ទុយស្រឡះពីម្តាយផ្សេងៗដែលមានកូនស្លាប់មុនអាយុបែបនេះទៅវិញ។

បុរសជិះកង់ដែលស្លាប់ដោយព្រានព្រៃ

បុរសដែលមានមុខមាត់ដូចមនុស្សទូទៅដែរ តែមិនគួរណាត្រូវគេច្រឡំស្មានថាសត្វធាតុរូបនេះមានឈ្មោះថា Mark Sutton។ ថ្វីបើមិត្តភក្តិមួយចំនួនបានមកចូលរួមរម្លឹកវិញ្ញាណក្ខន្ធ ក្រោយពីស្លាប់ទៅក៏ពិតមែន តែម្តាយនិងប្អូនស្រីរបស់អ្នកចូលចិត្តជិះទោចក្រយានរូបនេះ បានដាក់ងារគេថា “បិសាចសាហាវ” និង “អាជួបរំលោភ” ហើយពួកគេសប្បាយចិត្តណាស់ពេលឮដំណឹងមរណភាពនេះ។

Mark Sutton

ម្តាយដែលមានឈ្មោះ Katrina បានបង្ហោះលើហ្វេសប៊ុកថា “សង្ឃឹមថាឯងនឹងរលួយរលេះវេទនាសុសសាច់ក្នុងឋាននរកទៅចុះ Mark Thomas Sutton។ យើងខកចិត្តដែរ តែខកចិត្តព្រោះឯងស្លាប់ស្រួលៗពេក ហើយមិនស្លាប់ទាំងវេទនា។ សូមផ្តាំទៅអ្នកដែលមានការភ័យខ្លាចពេលអានសារនេះថា ខ្ញុំមិនមែនមនុស្សមនុស្សយង់ខ្នងទេ។ ខ្ញុំជាស្ត្រីដែលបង្កើតក្បាលគេមក។” គាត់បន្ថែមថា “គេជាបិសាច។ គ្រាប់កាំភ្លើងដែលតម្រង់ទៅសត្វនោះ ពិតជាតម្រង់បានល្អណាស់។ កម្មតាមស្នងឯងហើយ។” 

ប្អូនស្រី និងម្តាយ Mark Sutton

រីឯប្អូនស្រីបង្កើតរបស់ Sutton ឈ្មោះ Katie Toghill អាយុ ៣២ ឆ្នាំ បានចេញមកបញ្ជាក់ថា នាងធ្លាប់ត្រូវខ្មោចបុរសខាងលើវាយ និងរំលោភប្រហែល ១០០ ដងឯណោះ ហើយពេលដឹងថាគេស្លាប់ នាងពិតជាមានអារម្មណ៍ដូចគេដកភ្នំចេញពីទ្រូងអីចឹង ហើយក៏សប្បាយចិត្តខ្លាំងដែលបងប្រុសបង្កើតមិនអាចធ្វើបាបស្រីណាទៀតបាន។

Mark Sutton និង​អតីតមិត្តស្រី

ទោះយ៉ាងណា ព្រឹកមិញនេះ ឳពុករបស់សាមីខ្លួនឈ្មោះ John Sutton បានចេញមុខអះអាងថា កូនប្រុសរបស់គាត់មិនបានរំលោភកូនស្រីទេ ហើយអ្វីៗទាំងអស់គឺដោយសារជម្លោះក្នុងគ្រួសារដ៏រ៉ាំរ៉ៃប៉ុណ្ណោះ ទើបបណ្តាលឱ្យមានការចោទប្រកាន់គ្នាបែបនេះ។ 

ក្រៅពីបុរសជាឳពុកខាងលើ នៅមានអតីតមិត្តស្រីម្នាក់ទៀតឈ្មោះ Jo Watts ក៏បានបញ្ជាក់ស្រដៀងគ្នាដែរថា នាងស្លុតចិត្តក្រោយពីដឹងរឿងចោទប្រកាន់ពីប្អូនស្រីរបស់អតីតមិត្តប្រុសរបស់ខ្លួន ហើយអតីតសង្សារដែលមានទំនាក់ទំនងជាមួយគ្នា ៩ ឆ្នាំនេះបានអះអាងថា ពាក្យសម្តីទាំងប៉ុន្មានសុទ្ធតែជាការកុហក និងប្រឌិតឡើងប៉ុណ្ណោះ៕

កូនប្រុស Sutton និងឳពុក
លោក Sutton និងអតីតមិត្តស្រី Jo Watts
លោក Sutton និងអតីតមិត្តស្រី Jo Watts

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]