ថៃ៖ ថ្មីៗនេះអាជ្ញាធរថៃបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីន (methamphetamine) ចំនួន២២លានគ្រាប់ ក្នុងភូមិភាគខាងជើងនៃខេត្តឈៀងរ៉ៃ ដែលមានដែនដីជាប់នឹងព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា។

រូបភាពនៃការរឹបអូសគ្រឿងញៀន

យោងតាមការមានប្រសាសន៍របស់អាជ្ញាធរថៃបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

អាជ្ញាធរថៃបន្តថា ថ្នាំញៀនយ៉ាបាប្រមាណ១២.២លានគ្រាប់ត្រូវបានរឹបអូសកាលពីថ្ងៃសៅរ៍នេះ ហើយ១០លានគ្រាប់ទៀតត្រូវបានរកឃើញនិងរឹបអូសក្នុងថ្ងៃបន្ទាប់ដែលជាថ្ងៃអាទិត្យ។

ថ្នាំញៀនដែលអាជ្ញាធរថៃបានរឹបអូសក្នុងរយៈពេលពីរថ្ងៃនេះ ត្រូវបានគេប៉ាន់ស្មានក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ២.៣៥ពាន់លានបាតដែលស្មើនឹង ៧១លានដុល្លារអាមេរិក។ 

យោងតាមប្រសាសន៍របស់ការិយាល័យបង្ក្រាបគ្រឿងញៀនក្នុងប្រទេសថៃបានឲ្យដឹងថា ឈ្មួញបានវេចខ្ចប់ថ្នាំញៀនទាំងអស់នេះដោយដាក់វាក្នុងថង់ជី ហើយក្នុងថង់នីមួយៗអាចផ្ទុកថ្នាំញៀនបានជិត៤០ម៉ឺនគ្រាប់។ 

រូបភាពនៃការរឹបអូសគ្រឿងញៀន

លើសពីនេះទៅទៀត អាជ្ញាធរថៃក៏បានរកឃើញគ្រឿងញៀនបន្ថែមដែលមានដូចជា ម៉ាទឹកកកចំនួន១០០គីឡូក្រាម, កញ្ឆា១,៨តោ និង ថ្នាំញៀនកូកាអ៊ីនចំនួន៨គីឡូក្រាមទៀត។ 

ប៉ូលិសថៃក៏បានបង្ហើបបា្រប់ពី មុខសញ្ញាជនសង្ស័យ១៣នាក់ ដែលត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀននេះ។ 

ករណីនេះបែកការណ៍នៅពេលអាជ្ញាធរថៃសុំឆែកឆេរឡានភីកអាប់មួយគ្រឿងដោយសង្ស័យថាមានរត់ពន្ធគ្រឿងញៀន ប៉ុន្តែឈ្មួញដែលបើកឡានមិនព្រមបើកទ្វារឲ្យប៉ូលិសថៃឆែកឆេរទេ ថែមទាំងជិះរត់ទៀតរហូតដល់ប៉ូលិសថៃជិះប្រដេញចាប់ក្របួចបានទាំងឈ្មួញនិងថ្នាំញៀនដ៏សន្ធឹកសន្ធាប់។

គួរបញ្ជាក់ថាអាជ្ញាធរថៃកំពុងបន្តការស៊ើបអង្កេត៕ 

រូបភាពនៃការរឹបអូសគ្រឿងញៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]