(កំពត)៖ មន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល បានដកកាំភ្លើងខ្លីចេញពីក្នុងកែបម៉ូតូ ទៅភ្ជង់គំរាមប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតំបន់ទឹកឈូ ហើយត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗផងដែរ។

​ក្រោយទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនមន្ដ្រីនគរបាលរូបនោះមកសួរនាំផងដែរ។

ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីទទួលបានព័ត៌មាននេះ ខ្ញុំបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវភ្លាមៗ ហើយរកឃើញថា មន្ដ្រីនគរបាលនោះ បម្រើការនៅអធិការដ្ឋាននគរបាលក្រុងកំពត ហើយខ្ញុំបានបញ្ជាកម្លាំងចុះទៅឃាត់ខ្លួនដើម្បីយកមកសួរនាំ»។ តែលោកស្នងការ ក៏មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណនោះទេ គ្រាន់តែបញ្ជាក់ថា​ បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយបញ្ចប់ការសួរនាំ លោកនឹងប្រជុំក្រុមប្រឹក្សាវិន័យ ហើយប្រសិនបើកំហុសមន្ដ្រីនគរបាលនោះធ្ងន់ធ្ងរ អាចនឹងឈានការកាត់ក្របខ័ណ្ឌចោលតែម្ដង ព្រោះលោកមិនបណ្ដែតបណ្ដោយឲ្យមន្ដ្រីនគរបាលដែលជាអ្នកបម្រើប្រជាពលរដ្ឋ ទៅប្រព្រឹត្តទង្វើបែបនេះជាដាច់ខាត។

សូមជម្រាបថា បើតាមការចែកចាយក្នុងបណ្ដាញសង្គម Facebook នោះ ហេតុការណ៍នេះកើតឡើងនៅចំណុច​ផ្លូវចូលទឹលឈូរ ខេត្តកំពត កាលពីនៅថ្ងៃទី១០ ខែតុលា ​ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ គេមិនទាន់ដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ដែលនាំឲ្យមន្រ្តីនគរបាលរូបនេះ ទាញកាំភ្លើងទៅភ្ជង់ប្រជាពលរដ្ឋនៅលើរថយន្តយ៉ាងដូច្នេះដែរ ខណៈលេខទូរស័ព្ទមួយខ្សែដែលអះអាងថា ជាជនរងគ្រោះនោះ ក៏អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃនេះ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]