រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បែកធ្លាយ​រូបភាព​ស្ត្រី​ម្នាក់​យក​ស្កុ​តរុំ​មាត់​កូន ត្រូវ​បាន​អ្នក លេង​បណ្តាញ​សង្គម​ស៊ែរ​ចែករំលែក​ត​ៗ​គ្នា និង​ធ្វើការ​រិះគន់​តាម​រូបភាព​ទៅ​លើ​ស្ត្រី​ជា​ម្តាយ​ហាក់បីដូចជា ធ្វើ​ទារុណកម្ម​មក​លើ​កូនប្រុស (​តាម​រូបភាព​) ដូច​ជា​សាហាវ គ្មាន​ក្តី​មេត្តា ករុណា ស្រឡាញ់ អាណិត ជា​កូន​កើត​ពី​ផ្ទៃ​ខ្លួន ។

ក៏​ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ស្ត្រី​ខាងលើ​ត្រូវ​សមត្ថកិច្ច​ទៅ​តាម​ហៅ​ដល់​ផ្ទះ ដើម្បី​សាកសួរ​នៅ​ប៉ុស្តិ៍​គោក​ឃ្លាង ទើប​ភ្ញាក់ខ្លួន​ស្រឡាំងកាំង​រឿង​រូបភាព​រុំ​ស្កុ​តមាត់​កូន​នោះ មិនមែន​កូនប្រុស​ទេ ជា​កូនស្រី​អស់​រយៈពេល​ជាង​៦​ខែ​កន្លង​មក​ហើយ។

ក្រោម​​វត្តមាន​ទាំង​គ្រួសារ​តែ​ម្តង រួម​ទាំង​កូនស្រី​ម្នាក់​នោះ​ផង​ដែរ នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្ត្រី​ខាងលើ បាន​ឲ្យ​ដឹង​ថា គាត់​មានឈ្មោះ សុទ្ធ ធា​រី អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ប្តី​ឈ្មោះ ឈឹ​ម វី​រៈ អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​តំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានកូន​២​នាក់ ប្រុស​អាយុ​៧​ឆ្នាំ និង​ស្រី​អាយុ​១​ខួប​៦​ខែ មានឈ្មោះ ផល លី​ណា ។

តាម​ការ​រៀបរាប់​ស្ត្រី​ជា​ម្តាយ​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ជាង​៦​ខែ​មុន គ្រា​ដែល​កូនស្រី​គាត់​អាយុ​ទើប​១​ខួប នាង​ជា​ក្មេង​រពឹស ខណៈ​ដែល​ក្រុម​គ្រួសារ​នៅ​ជុំ​គ្នា​ទាំងអស់​គ្នា​បាន​លេង​​ជាមួយ​កូន​គាត់​ក៏​យក​ស្កុ​តរុំ​មាត់​កូនស្រី​ពៅ​របស់​គាត់​លេង មិនមែន​កូនប្រុស ដូច​អ្នកលេង​បណ្តាញ​សង្គម​ឃើញ​រូប ហើយ​ថា​នោះ​ទេ ក្នុង​ចេតនា​លេង​ជាមួយ​កូន​នៅ​ចំពោះ​​​មុខ​ក្រុម​គ្រួសារ​ជុំ​គ្នា​ទាំងអស់ ហើយ​ត្រូវ​ប្អូនប្រុស​បង្កើត​ឈ្មោះ សុទ្ធ មុន្នី អាយុ​២៤​ឆ្នាំ យក​ទូរស័ព្ទ​របស់​គាត់​ម៉ាក Iphone 7Plush មក​ថត​លេង ហើយ​ក៏​មិន​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៅ​ណា​ដែរ។

ក៏​ប៉ុន្តែ​ប្រមាណ​ជា​កន្លះ​ខែ​ក្រោយ ប្អូនប្រុស​ជា​អ្នក​ថតរូប​ភាព​នោះ​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​​របួស​បោក​ក្បាល​ដល់​សន្លប់​បាត់បង់​ទាំង​លុយកាក់ បាត់​ទាំង​ទូរស័ព្ទ IPhone 7Plush មួយ​គ្រឿង​របស់​គាត់​នោះ​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ឆ្លងកាត់​រយៈពេល​ជាង​៦​ខែ​មក​ហើយ ទើបតែ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ស្រាប់តែ​បែកធ្លាយ​រូប​ដែល​គាត់​យក​ស្កុ​តរុំ​មាត់​កូន​នោះ មក​បង្ហោះ​លើ​បណ្តាញ​​សង្គម​ព្រោងព្រាត ថែម​ទាំង​មាន​មតិ​រិះគន់​ផង លុះ​រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​១១ តុលា​នេះ ប៉ូលិស​ប៉ុស្តិ៍​ចុះ​ទៅ​តាម​ហៅ​ដល់​ផ្ទះ សួរនាំ​រូបភាព​ខាងលើ ទើប​ភ្ញាក់ខ្លួន​ព្រើត មិន​នឹក​ស្មានថា រូបភាព​តាំងពី​ជាង​៦​ខែ​មុន ហើយ​ក្រោយ​ពី​បាត់​ទូរស័ព្ទ ទើប​មក​បែកធ្លាយ​ពេល​នេះ ។

តាម​ស្ត្រី​ត្រូវជា​យាយ​របស់​ក្មេង​ស្រី​តូច​នោះ​ឈ្មោះ ហួ​ន នឿ​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ជាមួយ​គ្នា ឲ្យ​ដឹង​ថា ពេល​ដែល​ម្តាយ​លេង​រុំ​ស្កុ​តមាត់​កូន ត្រូវ​បានកូន​ប្រុស​គាត់​ម្នាក់​ទៀត​ថត​លេង​នោះ គាត់​និង​ក្រុម​គ្រួសារ នៅ​ជុំ​គ្នា​ទាំងអស់ ហើយ​សកម្មភាព​លេង​ជា​មួយ​កូន​នេះ មិនមែន​ម្តាយ​ធ្វើ​ទារុណកម្ម​កូន​ទេ គាត់​ហ៊ាន​អះអាង​ចំពោះ​មុខ​សមត្ថកិច្ច ។

ដោយ​មាន​មតិ​រិះគន់​ច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កតាម​រយៈ​រូបភាព​ត្រូវ​បាន​គេ​បង្ហោះ​​នោះ ទោះជា​សា​ម៉ី​ខ្លួន រួម​ទាំង​ក្រុម​គ្រួសារ​អះអាង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្តី ស្ត្រី​ខាងលើ​ត្រូវ​បាន​សម្តែង​នូវ​ការ​សូមទោស​ជា​សាធារណៈ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ឃាត់​ឃាំង​អ្វី​ដែរ ក្រោយ​សូមទោស​រួច ក៏​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]