បរទេស៖ អតីតទាសករផ្លូវភេទម្នាក់របស់ ក្រុមឥស្លាមនៃរដ្ឋអ៊ីរ៉ាក់និងស៊ីរី (ISIS) គឺអ្នកនាង Nadia Murad បានរៀបរាប់យ៉ាងលម្អិត អំពីបទពិសោធន៍ដ៏ល្វីងជូរចត់ និងពោរពេញដោយទុក្ខវេទនារបស់ខ្លួន ពេលស្ថិតក្នុងដៃពួកឈ្មួញជួញដូរផ្លូវភេទ នៅផ្សារជួញដូរទាសករមួយកន្លែងក្នុងយប់មួយ។ 

អ្នកនាង Nadia Murad

នារីវ័យ ២៥ ឆ្នាំដែលទើបតែឈ្នះរង្វាន់ណូបែលសន្តិភាពរូបនេះបានឱ្យដឹងថា “យើងអាចឮសំឡេងក្ឌូងក្ឌាំងនៅជាន់ក្រោម ខណៈពួកទាហានកំពុងចុះឈ្មោះ និងតម្រង់ជួរ ហើយពេលបុរសដំបូងម្នាក់ចូលក្នុងបន្ទប់ ស្រីៗទាំងអស់បាននាំគ្នាស្រែក។”

“ប្រុសៗចូលមកកាន់តែច្រើន នារីៗរឹតតែភ័យខ្លាចលើសមុនទ្វេដង រហូតធ្វើឱ្យអ្នកខ្លះស្រែកដល់ក្អួតទៀតផង។ ពេលនោះឈ្មួញសួរថា ពួកនាងនៅបរិសុទ្ធឬអត់? រីឯអ្នកលក់ក៏ឆ្លើយភ្លាមថា ច្បាស់ហើយ។”

នាងបានបញ្ជាក់ថា “ពួកទាហានទុកយើងដូចសត្វធាតុ ហើយលូកស្ទាបគ្រប់កន្លែងស្រេចតែនឹងចិត្ត តាំងពីសុដន់ និងជើងជាដើម។” ចៃដន្យពេលមួយ យោធាជាន់ខ្ពស់ម្នាក់ឈ្មោះ Salwan ដែលនាងប្រាប់ថាមុខដូចបិសាច បានចាប់អារម្មណ៍នាងក្នុងចំណោមនារីទាំងអស់។ “កម្លាំងរបស់វាដូចដំរីអីចឹង ដែលគ្រាន់តែប្រើដៃទទេក៏អាចបំបាក់ឆ្អឹងខ្ញុំខ្ទេចដែរ។ មិនថាវាធ្វើអ្វី មិនថាខ្ញុំប្រឹងរើប៉ុណ្ណា ក៏មិនអាចរួចខ្លួនដែរ។ ក្លិនរបស់វាដូចជាស៊ុតស្អុយ និងទឹកអប់អសោចអីចឹង។”

ដោយកម្លាំងបាយដ៏គួរឱ្យញញើតរបស់បុរសក្នុងក្រុមជីហាតនេះ នាងក៏បង្ខំចិត្តអង្វរបុរសមាឌតូចជាងនេះឱ្យទិញនាង។ បុរសដែលធ្លាប់ជាចៅក្រមក្នុងក្រុងម៉ូស៊ុលក៏យល់ព្រម។

ពួកអាយស៊ីស

គួរឱ្យដឹងថា អ្នកនាង Murad បានធ្លាក់ខ្លួនក្នុងដៃឈ្មួញជួញដូរផ្លូវភេទ បន្ទាប់ពីភូមិកំណើត ខូចូ របស់នាងដែលនៅក្នុងក្រុង ស៊ិនចារ ប៉ែកខាងជើងប្រទេសអ៊ីរ៉ាក់ ត្រូវបានវាយប្រហារ។

នាងត្រូវបានចាប់ខ្លួនជាមួយបងប្អូនស្រី ខណៈដែលបងប្អូនប្រុស ៦ នាក់ និងម្តាយត្រូវបាត់បង់ជីវិត។

សំណាងល្អ ទីបំផុត នាងអាចគេចផុតពីកណ្តាប់ដៃពួកអាយស៊ីស ដោយលក់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់។ ក្រោយមក នាងក៏បានទៅដល់អាល្លឺម៉ង់ក្នុងនាមជនភៀសខ្លួន នៅឆ្នាំ ២០១៥។

ពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ ត្រូវបានប្រគល់ឱ្យនាង និងបុគ្គលពីរនាក់ផ្សេងទៀត។ គណៈកម្មាធិការផ្តល់រង្វាន់បានលើកឡើងពីចំណុចសំខាន់ចំពោះការសម្រេចចិត្តនេះថា “នាងបានបង្ហាញនូវភាពក្លាហានដ៏កម្រមួយ ដោយរម្លឹកពីទុក្ខវេទនារបស់ខ្លួន និងបាននិយាយតំណាងឱ្យជនរងគ្រោះផ្សេងទៀតផងដែរ។ Nadia Murad ជានារីម្នាក់ក្នុងចំណោមក្មេងស្រីយ៉ាហ្ស៊ីឌី និងស្ត្រីប្រមាណ ៣,០០០ នាក់ ដែលជាជនរងគ្រោះនៃការចាប់រំលោភ និងការបំពានដទៃទៀតដោយពួកទាហានអាយស៊ីស។”

“ការបំពានទាំងនេះមានលក្ខណៈជាប្រព័ន្ធ និងជាផ្នែកមួយនៃយុទ្ធសាស្ត្រយោធា ដែលប្រើសកម្មភាពនេះជាអាវុធប្រឆាំងនឹងពួកយ៉ាហ្ស៊ីឌី និងក្រុមសាសនាភាគតិចផ្សេងទៀត ខណៈស្រីៗត្រូវបានបង្ខំឱ្យបោះបង់សាសនារបស់ខ្លួន។” 

អ្នកនាង Nadia Murad ខាងឆ្វេង

ក្រោយពីទទួលបានសិទ្ធជ្រកកោណក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៥ អ្នកនាង Murad បានបន្តការតស៊ូប្រឆាំងដើម្បីនារី ៣,០០០ នាក់ដែលកំពុងបាត់ខ្លួន ហើយត្រូវបានសន្និដ្ឋានថាត្រូវគេចាប់ដូចគ្នា។

បច្ចុប្បន្ន នាងបានក្លាយជាសំឡេងសាកល (អ្នកប្រឆាំងតវ៉ា) ក្នុងយុទ្ធនាការស្វែងរកយុត្តិធម៌ឱ្យប្រជាជនរបស់នាង និងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយពួកជីហាត ដើម្បីឱ្យមានការទទួលស្គាល់ជាអន្តរជាតិថា វាជាអំពើប្រល័យពូជសាសន៍។

នៅអាយុត្រឹម ២៥ ឆ្នាំ នាងជាម្ចាស់រង្វាន់ណូបែលសន្តិភាពដែលមានវ័យក្មេងបំផុតទី២ បន្ទាប់ពីកញ្ញា Malala Yousafzai ដែលបានឈ្នះក្នុងឆ្នាំ ២០១៤ នៅអាយុ ១៧ ឆ្នាំ បន្ទាប់ពីត្រូវបានបាញ់សម្លាប់ក្នុងចម្ងាយជិត ចំកណ្តាលក្បាលដោយពួកតាលីបង់ ដោយសារនាងហ៊ានធ្វើយុទ្ធនាការលើកកម្ពស់ការអប់រំដល់ស្ត្រីភេទ ក្នុងប្រទេសប៉ាគីស្ថាន ជាទឹកដីដែលនាងធំឡើងនៅទីនោះ៕ 

អ្នកនាង Nadia Murad

សូមទស្សនាវីដេអូដែលនាងរៀបរាប់៖

វីដេអូប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]