កំពង់ចាមៈ លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាល ខេត្តកំពង់ចាម និងលោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលផែនការិយាល័យ កណ្តាលនគរបាលយុត្តិធម៌ បានចង្អុលបញ្ជា និង ដឹកនាំ កម្លាំងនគរបាលក្រោមឱវាទ ចុះប្រតិបត្តិការដល់ កន្លែងកើតហេតុ ធ្វើការហ៊ុំព័ទ្ធចាប់ខ្លួន ជនសង្ស័យចំនួន៤នាក់ រួមជាមួយអាវុធខ្លី មួយដើមកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ ផ្ទះសំណាក់ អង្គរជុំ ស្ថិតក្នុងភូមិទី៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនទី១ ឈ្មោះ ហ៊ីម គ្រីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ តេន ញ៉ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិគៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទី៣ ឈ្មោះ សុខ ឡូត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្បោងចាស់ ឃុំល្វា ស្រុកចំការលើ ទី៤ឈ្មោះ ឃឿន ឌី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិនាងហ៊ីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

លោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ផ្តើមចេញពីការ ល្បាតឃើញមុខសញ្ញាបុរសធ្លាប់ជាប់ ពន្ធនាគារពីរនាក់បាន ជិះម៉ូតូមួយគ្រឿងចូលក្រុងកំពង់ ចាម ហើយខណៈនោះ លោក បានចាត់កម្លាំងឲ្យតាមឃ្លាំមើល បានដឹងថា ជនដែលគួរឲ្យសង្ស័យទាំងពីរនាក់ នោះ បានចូលស្នាក់នៅផ្ទះសំណាក់ អង្គរជុំ ។ លោក ស្នងការរង បានមានប្រសាសន៍បន្តទៀតថា ក្រោយពី កម្លាំងបានដឹងទីតាំងស្នាក់នៅ របស់ជនទាំងពីរនាក់នោះ លោក បានសុំគោលការណ៍លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត ដើម្បីប្រើប្រាស់វិធានការឆែកឆេរ ។ លោក ស្នងការរង បន្តថា បន្ទាប់ពី មានការណែនាំ លោកបានដឹកនាំកម្លាំងក្រោមឱវាទ ចុះដល់កន្លែងកើតហេតុ(ផ្ទះសំណាក់អង្គរជុំ) ដោយជំហ៊ាន ដំបូងសមត្ថកិច្ចបានឆែកឆេរ បន្ទប់លេខ២០១ ក្នុងនោះ សមត្ថកិច្ចបានឃើញជនសង្ស័យ២នាក់ កំពុងសេព គ្រឿងញៀន បន្តបន្ទាប់នោះ សមត្ថកិច្ចយើង បានឆែកឆេរបន្ទប់លេខ២០២ ក៏ប្រទះជនសង្ស័យពីរនាក់ទៀត និងរកឃើញអាវុធខ្លី ម៉ាកការ៥៤មួយដើម គ្រាប់ចំនួន៦គ្រាប់ ដែលក្រុមជនសង្ស័យ បានលាក់ទុកក្នុងកាបូប បោះចូលក្រោមគ្រែ។

លោក ស្នងការរង បានឲ្យដឹងទៀតថា ឆ្លងតាមការសាកសួរបឋម នៅកន្លែងកើតហេតុ ជនសង្ស័យម្នាក់ បានឆ្លើយថា កាំភ្លើងខ្លីនោះ គេបានយកមកពីខេត្តមណ្ឌលគីរី ហើយបានណាត់ជាមួយក្រុម២នាក់ទៀត នៅបន្ទប់២០១ បម្រុងទៅប្លន់នៅខេត្តកំពង់ធំ។

លោក ស្នងការរង បានបន្ថែមទៀតថា ក្នុងចំណោម៤នាក់ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាធ្លាប់ជាប់ ពន្ធនាគារពីបទប្លន់។ ក្នុងនោះ ឈ្មោះ តេន ញ៉ ធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៣ពីបទប្លន់ប្រដាប់អាវុធ យកម៉ូតូនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទី២ឈ្មោះ គ្រីយ៉ា ធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០០៧ ពីបទប្លន់យកខ្សែ ក នៅភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោក ស្នងការរង បានឲ្យដឹងដែរថា ក្នុងប្រតិបត្តការខាងលើ លោក ឧត្តមសេនីយ៍ ស្នងការ បានអញ្ជើញ ចុះដល់កន្លែងកើតហេតុផងដែរ ហើយក្នុងនោះ លោក បានឧបត្ថម្ភជាថវិកាចំនួន៨០ម៉ឺនរៀល លើកទឹក ចិត្តដល់ក្រុមការងារដែលចុះបំពេញការងារនោះ ។ ចំពោះជនសង្ស័យទាំង៤នាក់ បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី  ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់៕  

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]