(ភ្នំពេញ)៖ បើនិយាយដល់តារាចម្រៀងស្រីរាងតូចច្រឡឹង រតនៈ ពិសី ទស្សនិកជនប្រាកដជាបានដឹងហើយថា នាងនិយមចូលចិត្តស្លៀកសិចស៊ី និងបញ្ចេញខ្នងសម្ញែងដើមទ្រូង មិនចាញ់តារាសិចស៊ីដទៃទៀត នៅក្នុងចង្កោមរង្វង់សិល្បៈនោះទេ។ ដោយឡែក ថ្មីៗនេះ ស្រាប់តែមានរឿងកក្រើកមួយ ពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលក្រសួងវប្បធម៌ និ វិចិត្រសិល្បៈ បានចេញសេចក្ដី ប្រកាសព្រមានជាផ្លូវការ ទៅដល់តារាខ្មែរចំនូន៤ដួង ក្នុងនោះក៏មាន រតនៈ ពិសី ម្នាក់ផងដែរ។ យ៉ាងណាមិញ ទោះបីជាមានការចេញលិខិត ព្រមានជាផ្លូវការ ចំពោះការស្លៀកសិចស៊ីក្ដី ប៉ុន្តែតារាសម្ដែង រតនៈ ពិសី មិនមានការអាក់អន់ស្រពន់ចិត្ត អ្វីនោះទេ ផ្ទុយទៅវិញ នាងហ៊ានទទួលយកនូវការព្រមានមួយនេះ ព្រមទាំងកាត់បន្ថយភាពសិចស៊ីរបស់ខ្លួនចេញទៀតផង។

ឆ្លើយតបទៅនឹងការព្រមានរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ស្រីស្រស់ដើមទ្រូងទ្រលុកទ្រលន់ សាច់សខ្ចី រតនៈ ពិសី បានប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា ខ្លួន ពិតជាទទួលស្គាល់ នូវការពិន័យរបស់ក្រសួងមួយនេះពិតមែន ប៉ុន្តែមិនមែនមានន័យថា ខ្លួនត្រូវដកខ្លួន ចាកឆ្ងាយពីវិស័យសិល្បៈនោះទេ ពោលគឺនៅតែសម្ដែង និងចេញមុខ នៅតាមទូរទស្សន៍ និងបទចម្រៀង ដូចមុនដដែល ប៉ុន្តែគ្រាន់តែមិនសូវស្លៀកពាក់លេចលើលេចក្រោម ខ្លាំងដូចមុន។

រតនៈ ពិសី បានបញ្ជាក់ថា «ខ្ញុំមិនគ្មានការអន់ចិត្តជាមួយនឹងក្រសួងអ្វីនោះទេ ផ្ទុយទៅវិញខ្ញុំនឹងកាត់បន្ថយការស្លៀកសិចស៊ី ពេលឡើងឆាក ប៉ុស្តិ៍ទូរទស្សន៍ ឬការប្រគំតន្រ្ដីជាដើម ប៉ុន្តែចំពោះការបង្ហោះរូបសិចស៊ី នៅតាមបណ្ដាញអ៊ីនធឺណេតនោះ គឺជារឿងធម្មតាទៅហើយ សម្រាប់រូបខ្ញុំ»។

ពិសី បន្តទៀតថា «តាមពិត ចំពោះការស្លៀកសិចស៊ីរបស់ខ្ញុំ មិនសូវជាលើសលោះ ឬហួសហេតុអ្វីពេកនោះទេ ហើយមហាជន ឬហ្វេនៗ ក៏មិនមានប្រតិកម្មអ្វីនោះដែរ។ ចំណែកឯក្រសួង ក៏មិនតាមដានពីសកម្មភាពរបស់យើង គ្រប់ពេលនោះដែរ។ ប៉ុន្តែដូចបានដឹងស្រាប់ហើយថា ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ គឺសុភាពរមទម្យ និងទន់ភ្លន់ មិនសូវបញ្ចេញលើក្រោម ដាក់ក្រសែភ្នែកបុរសៗនោះទេ ដែលមានន័យថា មិនឲ្យតម្លៃលើស្រី្ដខ្មែរ»។

ជាមួយគ្នានេះ ជុំវិញលិខិតប្រកាសរបស់ក្រសួង ដែលបានចេញព្រមាន ដល់តារាសិចស៊ីមួយចំនួន មានប្រភពអ្នកនៅក្នុងចង្គោមសិល្បៈ បានទម្លាយពីមាត់មួយទៅមាត់មួយថា មូលហេតុ ដែលធ្វើឲ្យក្រសួងចេញលិខិតព្រមាននេះ គឺបណ្ដាលមកពីមានអ្នកនៅក្នុងចង្គោមសិល្បៈមួយចំនួន បានផ្ញើលិខិតស្នើសុំទៅកាន់ក្រសួង ដើម្បឲ្យចាត់វិធានការ ឬចេញលិខិតព្រមាន ដល់តារាសិចស៊ីទាំងនោះ ក្នុងនោះក៏មានកញ្ញា រតនៈ ពិសី ម្នាក់ផងដែរ។ ម្យ៉ាងវិញទៀត ប្រភពដដែលបានបន្តថា ក្រសួងមិនបានតាមដានពីសកម្មភាព របស់អ្នកសិល្បៈនោះទេ ជាពិសេស ចំពោះសកម្មភាពមនុស្សធម៌ នៅក្នុងសង្គមផ្សេងៗ ពោលគឺចាំតែអង្គុយរិះគន់ដល់អ្នកសិល្បៈរូបណា ដែលស្លៀកសិចស៊ី លេចលើលេចក្រោម ឬមើលឃើញតែមួយជ្រុង ប៉ុណ្ណោះ។

សូមជម្រាបថា ក្រៅពីតារាចម្រៀង រតនៈ ពិសី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្ដីប្រកាសព្រមាន ដល់តារាខ្មែរ៣ ដួងទៀត ក្នុងនោះមានកញ្ញា ពេជ្រ អាវីហ្ស ,លោក អេនឌី និងអ្នកនាង សុខ ស្រីម៉ុច ក្រោមហេតុផលថា ជាតារាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ បណ្ដាលឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំង ពីមហាជនខ្មែរ តាមទំព័របណ្ដាញ សង្គមហ្វេសប៊ុក៕

ប្រភព៖ KhmerTalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី