ស្នេហា គឺជាអារម្មណ៍មួយដ៏រំភើបអស្ចារ្យ និងជាផ្នែកមួយដ៏សំខាន់មួយរបស់ជីវិតមនុស្សម្នាក់ៗផងដែរ។ តែក្តីស្រលាញ់មិនមែនមានតែរឿងរីករាយ និងមានក្តីសុខសុភមង្គលតែរហូតនោះទេ វាតែងតែមានរឿងឈ្លោះប្រកែក ឬមានបញ្ហាដោយចៀសមិនផុត ប្រសិនជាអ្នកមិនចេះរកដំណោះស្រាយឱ្យបានល្អទេនោះ។

ក្រៅពីនេះ នៅក្នុងពេលបច្ចុប្បន្ន អ្នកដែលទើបតែស្រលាញ់គ្នាថ្មីៗមួយចំនួនទាំងតែទើបតែសារភាពថាស្រលាញ់គ្នា ក៏ងាយនឹងបែកគ្នាដែរ ដោយសារតែកត្តាធំៗមួយចំនួនដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង។

ចង់ដឹងថាកត្តាអ្វីខ្លះ ដែលធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីបែកគ្នាងាយ ទាំងដែលទើបតែស្រលាញ់គ្នា តោះ!មកតាមដានទាំងអស់គ្នា៖

រូបតំណាងគូស្នេហ៍

១. ប្រើអារម្មណ៍តឹងតែងហួសហេតុជ្រុល

ចំពោះមនុស្សដែលស្រលាញ់គ្នា តែងតែចង់បង្ហាញនូវក្តីស្រលាញ់ ការនៅជិត ការផ្តល់ពេលវេលា ជាពិសេសគឺការប្រចណ្ឌហួងហែងជាដើម។ តែការប្រើអារម្មណ៍បែបនេះច្រើនជ្រុលពេក អាចធ្វើឱ្យអ្នកម្ខាងទៀតមានអារម្មណ៍ថារងសម្ពាធ ឬបាត់បង់សេរីភាពរបស់ខ្លួនឯងទាំងស្រុង។ ដោយសារតែមិនអាចទទួលយកបាននូវការបង្ហាញក្តីស្រលាញ់ជ្រុលបែបនេះហើយ ជាហេតុធ្វើឱ្យអ្នកម្ខាងទៀតអាចនឹងដើរចេញពីអ្នកបើទោះបីជាទើបតែស្រលាញ់គ្នាថ្មីៗយ៉ាងណាក៏ដោយ។

២. ចង់ដឹងរឿងអ្នកម្ខាងទៀតច្រើនពេក

ធម្មតាស្រលាញ់អ្នកណាម្នាក់ អ្នកតែងតែចង់ដឹងពីសុខទុក្ខ ឬសកម្មភាពដែលអ្នកម្ខាងទៀតធ្វើជាប្រចាំ តែការជជីកចង់ដឹងរឿងបុគ្គលច្រើនពេកមិនមែនជារឿងល្អទេ។ មុនប្រើពាក្យស្រលាញ់ ឬបង្កើតស្នេហាមួយនេះឡើង អ្នកគួរតែមានពេលដើម្បីធ្វើការស៊ើបសួរ និងស្វែងយល់ពីដៃគូអ្នកម្ខាងទៀត មិនមែនពេលស្រលាញ់គ្នាហើយទើបប្រើចរិតហួងហែង ចង់ដឹងចង់ឮពីរឿងអ្នកម្ខាងទៀតខ្លាំងពេកនោះឡើយ។ ការធ្វើបែបនេះធ្វើឱ្យអ្នកម្ខាងទៀតធុញទ្រាន់  ហើយគិតថាជាការបំពានសិទ្ធបុគ្គល ឬជាទង្វើដែលមិនទុកចិត្តគ្នាជាច្រើន។

៣. គ្រាន់តែចូលចិត្ត

មែនហើយការមានអារម្មណ៍ថាចូលចិត្តគ្នា ឬការនិយាយត្រូវដងត្រូវផ្លែផ្កាគ្នាអាចជាមូលហេតុចម្បងដែលធ្វើឱ្យមនុស្សពីរនាក់អាចបង្កើតជាសេចក្តីស្នេហាបាន។ តែនៅពេលដែលអ្នកបានស្រលាញ់គ្នាហើយ ឬបានស្គាល់គ្នាកាន់តែយូរអ្នកអាចប្រហែលជារកឃើញថា ការពិតនេះមិនមែនជាក្តីស្រលាញ់ពិតនោះទេ វាគ្រាន់តែជាអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក ឬគ្រាន់តែជាការចូលចិត្តធម្មតាៗតែប៉ុណ្ណោះ។

៤. ការបង្ខំចិត្ត

អ្នកខ្លះបង្កើតសេចក្តីស្នេហាមិនមែនជាការពេញចិត្ត ឬចង់បានរបស់ខ្លួនឯងទេ អាចជាគំនាបពីមនុស្សជុំវិញ មិត្តភក្តិ ឬគ្រួសារជាដើម ជាពិសេសការនិយាយលេងសើចសួរនាំពីមនុស្សជុំវិញ សួរថា កាលណាមានស្នេហា កាលណាមានសង្សារជាដើម។ អារម្មណ៍គាបសង្កត់បែបនេះហើយអាចធ្វើឱ្យអ្នកព្យាយាមរកស្នេហាភ្លាមៗដោយងងឹតងងល់ និងមិនបានគិតដិតដល់ ព្រោះតែខ្លាចខ្មាសគេ ​ឬគេថាខ្លួនឯងអន់។ ហើយពេលរកមនុស្សដែលស្រលាញ់បានភ្លាមៗ អាចធ្វើឱ្យអ្នកមានអារម្មណ៍សោកស្តាយ ឬគិតថារើសមនុស្សខុសជាដើម។ ត្រូវដឹងថាការគិតរបស់អ្នកដទៃមិនមែនជាសេចក្តីសុខរបស់អ្នកទេ កុំព្យាយាមផ្គាប់ចិត្ត ឬតម្រូវចិត្តអ្នកផ្សេងច្រើនពេកអី។

រូបតំណាងគូស្នេហ៍

៥. ញ៉ែលេង

ទង្វើចែចង់ ឬញ៉ែលេងជារឿងធម្មតាសម្រាប់អ្នកដែលកំពុងតែចាប់អារម្មណ៍នឹងអ្នក តែវាមិនប្រាកដថាជាស្នេហាពិតនោះទេ។ វាគ្រាន់តែជាអារម្មណ៍ចូលចិត្ត ការចាប់ចិត្តមួយពេលៗ ហើយពេលដែលញ៉ែបានសម្រេច ឬបង្កើតស្នេហានេះជោគជ័យរួចមក អ្នកនឹងដឹងខ្លួនថា អ្នកមិនបានជាចាប់អារម្មណ៍ ឬប្រើក្តីស្រលាញ់ជ្រាលជ្រៅចំពោះអ្នកម្ខាងទៀតណាស់ណានោះទេ ទាំងនេះហើយជាហេតុដែលគ្រាន់តែប្រើពាក្យស្រលាញ់គ្នាភ្លាម អាចនឹងឆាប់បែកគ្នាភ្លែតបាន។

៦. ព្រោះតែភាពឯកា

ភាពអផ្សុក ខ្វះអ្នកនៅជិតអាចជាកត្តាដែលធ្វើឱ្យអ្នកចង់មានស្នេហា មានដៃគូនៅជិតដូចជាអ្នកដទៃ។ តែការស្វែងរកស្នេហាដោយសារតែខ្លាចខ្លួនឯកាទាំងនេះ អាចធ្វើឱ្យអ្នកជ្រើសមនុស្សម្នាក់ខុសពីការរំពឹងទុក ឬខុសពីចិត្ត ព្រោះតែការស្វែងរកមិនបានច្បាស់លាស់ ឬម្យ៉ាងទៀតបើអ្នកមិនបានស្រលាញ់គេផង អ្នកបែរជាយកគេដើម្បីកំដរភាពអផ្សុក នោះអ្នកអាចធ្វើឱ្យអ្នកម្ខាងទៀតខូចចិត្ត មានរឿងឈ្លោះប្រកែកគ្នា ហើយឈានទៅរកការបែកបាក់មិនយូរមិនឆាប់ជាមិនខាន។

៧. ការសងសឹក

ស្នេហាមិនមែនជាល្បែងឱ្យអ្នកលេងសើចជាមួយនឹងអារម្មណ៍ និងបេះដូងរបស់មនុស្សទេ។ ដូច្នេះការដែលអ្នកមានស្នេហា ឬមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ដោយសារតែផ្គើន ឬសងសឹកចំពោះនរណាម្នាក់ទៀតនោះ លទ្ធផលមិនត្រឹមតែធ្វើឱ្យមនុស្សដែលអ្នកមានទំនាក់ទំនងឈឺចាប់នោះទេ អ្នកខ្លួនឯងក៏នឹងស្តាយក្រោយចំពោះទង្វើខ្លួនឯងដែរ។ ចុងក្រោយអ្នកនឹងអាចបែកគ្នាដោយងាយៗជាមិនខាន។

៨. ស្វែងរកផលប្រយោជន៍ពីគ្នា

ស្នេហាជារឿងបេះដូងរបស់មនុស្សម្នាក់ៗ ការដែលមានស្នេហាដោយការសម្លឹងមើលផលប្រយោជន៍ពីអ្នកម្ខាងទៀតជារឿងដែលមិនត្រឹមត្រូវឡើយ ហើយក៏មិនមែនជាស្នេហាពិតនោះទេ។ ការដែលមានស្នេហាទាមទារដោយសារតែការចង់បានផលប្រយោជន៍បែបនេះ គឺនៅពេលដែលមានទំនាក់ទំនងស្នេហាហើយ អ្នកបែរជារកឃើញថាអ្នកម្ខាងទៀតគ្មានផលប្រយោជន៍ ឬអស់ផលប្រយោជន៍ចំពោះអ្នក អ្នកនឹងបែកគ្នាដោយផុយស្រួយជាទីបំផុត។

រូបតំណាងគូស្នេហ៍

៩. មិនដូចជាអ្វីដែលចង់បាន

មុនពេលស្រលាញ់គ្នា អ្នកអាចនឹងមិនទាន់ដឹងពីអ្នកម្ខាងទៀតច្បាស់ ឬមានរឿងជាច្រើនទៀតដែលអ្នកមិនទាន់ដឹងជាច្រើន ដែលជាហេតុធ្វើឱ្យខុសពីអ្វីដែលអ្នករំពឹងទុក។ ហើយអ្វីដែលសំខាន់អ្នកម្ខាងទៀតអាចនឹងមានចំណុចជាច្រើនខុសពីអ្វីដែលអ្នកចង់បានជាដើម ឬអ្នកបានរកឃើញអ្នកផ្សេងទៀតដែលត្រូវចិត្តអ្នកជាដើម។ កត្តាទាំងនេះហើយ ដែលជាហេតុធ្វើឱ្យគ្រាន់តែបានស្រលាញ់គ្នាមិនយូរប៉ុន្មានក៏ស្រាប់តែបែកគ្នាដោយងាយៗនោះ។

១០. គ្មានពេលគ្រប់គ្រាន់

ធម្មតាមនុស្សដែលស្រលាញ់គ្នាតែងតែចង់រកពេលវេលាចំណាយជាមួយគ្នាឱ្យបានច្រើន តែពេលដែលស្នេហារបស់អ្នកស្រាប់តែជួបឧបសគ្គរឿងពេលវេលា ដោយមិនមានពេលជួបគ្នាគ្រប់គ្រាន់ ឬស្នេហាមួយនេះធ្វើឱ្យអ្នកបាត់បង់ពេលវេលាបុគ្គលផ្ទាល់ខ្លួន វាក៏ជាហេតុធ្វើឱ្យស្នេហាងាយបែកបាក់ដែរ។

១១. ស្មុគស្មាញពីអនាគត

ពេលទើបតែស្រលាញ់គ្នា អ្នកមិនគួរឆាប់គិតគូរ ឬខ្វល់ពីអនាគតច្រើនពេកទេ។ ការដែលទាមទារឱ្យអ្នកម្ខាងទៀតគិតគូពីអនាគតលឿនពេក ដែលទើបតែស្រលាញ់គ្នាអាចធ្វើឱ្យអ្នកម្ខាងទៀតស្មុគស្មាញ ឬមានភាពខ្លាចរអារជាដើម។ ទាំងនេះអាចធ្វើឱ្យអ្នកម្ខាងទៀតសុំបែកពីអ្នកទាំងដែលទើបតែស្រលាញ់គ្នាបាន។

១២. ខ្វះទំនុកចិត្ត និងមានបញ្ហាមិនចេះចប់

ទោះជាស្រលាញ់គ្នាយ៉ាងណាក៏ដោយ តែបើមនុស្សពីរនាក់ចេះតែមានរឿងឈ្លោះប្រកែកគ្នាឥតល្ហែ ឬមានបញ្ហាមិនចេះចប់មិនចេះហើយ ហើយមានតែរឿងសង្ស័យមិនចេះទុកចិត្តគ្នា នេះក៏ជាកត្តាធ្វើឱ្យបែកគ្នាងាយដែរ ទោះបីជាទើបតែស្រលាញ់គ្នា៕    

រូបតំណាងគូស្នេហ៍

ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]