(ភ្នំពេញ)៖ ជាការពិតថ្មីៗនេះស្ទើរតែកក្រើកក្នុងរង្វង់សិល្បៈ ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញវិធានការក្តៅៗ ព្រមានអ្នកសិល្បៈចំនួន៤ដួង លើការស្លៀកសម្លៀកបំពាក់សិចស៊ី ធ្វើឲ្យប៉ះពាល់នូវប្រពៃណី ទំនៀមទំលាប់ខ្មែរ។ ក្នុងនោះមានដូចជា អ្នកនាង សុខ ស្រីម៉ុច, កញ្ញា រតនៈ ពិសី, កញ្ញា ពេជ្រ អាវីហ្សា និងលោក អេនឌី។ តែយ៉ាងណា ក្រោយពីចំណាត់ការរបស់ក្រសួង ត្រូវបានប្រកាសជាផ្លូវការ តារាសម្តែងស្រី ពេជ្រ អាវីហ្សា បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ដោយនាងប្រកាន់ជំហរថា មិនបានសិចស៊ីជ្រុលពេកនោះទេ ពោលគឺមានតែថតរូបតិចតួច ជាមួយលោក អែនឌី ប៉ុណ្ណោះ ហើយចំពោះ MV ចម្រៀងអ្វីគឺពុំមានទេ។ ការសម្រេចរបស់ក្រសួងពេលនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ដល់ថ្នាក់នាងប្រកាសថា មិនទទួលសម្តែងភាពយន្តទៀតផង។

ថ្លែងប្រាប់គេទំព័រ Khmer Talking នៅពេលថ្មីៗនេះ ស្រីស្រស់សម្រស់បាន ដើមទ្រូងធំៗគួរឲ្យទាក់ទាញ កញ្ញា ពេជ្រ អាវីហ្សា បាននិយាយថា «សម្រាប់នាងផ្ទាល់មិនបានសិចស៊ីខ្លាំងជ្រុលដូចតារាផ្សេងទៀតទេ បើនិយាយឲ្យចំគឺគ្រាន់តែរៀងជ្រុលបន្តិច ត្រង់រូបនាងថតជាមួយ អែនឌី ប៉ុន្តែវាជាការកាត់ត។ សូម្បីតែអ្នកស្គាល់នាងក៏គេលាន់មាត់ និងសម្តែងការហួសចិត្តដែរ ថាមូលហេតុអ្វីបានមានរឿងនេះកើតឡើង?»។

ពេជ្រ អាវីហ្សា និយាយថា «ខ្ញុំអត់ដឹងនិយាយថាម៉េចទេ ព្រោះការសិចស៊ីរបស់ខ្ញុំកន្លងមក គឺគ្រាន់តែជាការងារសិល្បៈ ហើយបើថតជាមួយបង អេនឌី គឺមានកាត់តបន្ថែមប៉ុណ្ណោះ។ អ្នកដែលគេស្គាល់ខ្ញុំ គេសួរខ្ញុំថា ហេតុមានរឿងបែបនេះកើតឡើង ខ្ញុំមិនដឹងជាឆ្លើយថាម៉េចទេ ព្រោះហួសចិត្ត។ ខ្ញុំអត់សប្បាយចិត្តនឹងការធ្វើបែបនេះទេ ព្រោះតែរឿងហ្នឹង ខ្ញុំត្រូវផ្អាកការងារសិល្បៈ មានគេហៅខ្ញុំតែខ្ញុំមិនទៅ ព្រោះអស់កម្លាំងចិត្តហើយបង…! មានអ្នកសិចស៊ីខ្លាំងជាងខ្ញុំទៅទៀតមិនចាប់ បែបជាមកចាប់តែខ្ញុំ..ហ៊ី..ខ្ញុំអត់សប្បាយចិត្តទេបង..!»។

ទោះមានការព្រលយបែបនេះក្ដី ប៉ុន្តែ ពេជ្រ អាវីហ្សា ពុំមានប្រតិកម្មអ្វីចំពោះក្រសួងវប្បធម៌នោះទេ គឺមានតែប្រតិបត្តិតាមក្រសួង ហើយនាងបានផ្អាកបញ្ចេញភាពសិចស៊ីជាយូរមកហើយ គឺចាប់តាំងពីលេចឮក្រសួង ត្រៀមចេញវិធានការប្រមានហ្នឹងមកម្ល៉េះ។

កញ្ញា អាវីហ្សា បានបន្តថា ចំពោះរឿងនេះ នាងមានការខកចិត្ត និងអន់ចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ក្រសួង តែមិននិយាយច្រើនទេ មានតែតាមហ្នឹងទៅ ដល់ថ្នាក់បច្ចុប្បន្ន នាងបានសម្រេចចិត្តផ្អាកការសម្តែងមួយរយៈ ខណៈមានក្រុមហ៊ុនជាច្រើនបានទាក់ទងនាងសម្តែង តែនាងមិនទទួល ព្រោះការព្រមានរបស់ក្រសួង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផ្លូវចិត្តរបស់នាង។

គួរជម្រាបថា ទោះបីជាពេលនេះ ពេជ្រ អាវីហ្សា បានប្រកាសមិនទទួលសម្តែងភាពយន្តក្តី តែមិនបានន័យថាផ្អាកទាំងស្រុងនោះទេ ពោលគឺកម្មវិធីសិល្បៈនានា នាងចូលរួមធម្មតា ខណៈសម្តែងទាល់តែជាមួយអ្នកសិល្បៈជិតស្និទ្ធបានសម្តែងជាមួយ។ អាវីហ្សា ត្រូវបានគេដឹងថា គឺជាតារាស្រីមួយដួង មានប្រជាប្រិយភាព នឹងមានទស្សនិកជនគាំទ្រច្រើន ខណៈមួយរយៈមកនេះ នាងហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ខាងបញ្ចេញរូបភាពសិចស៊ី៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]