ភ្នំពេញ៖ បើទោះបីជា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ មានការកំណែកែវិញ្ញាសា របស់បេក្ខជនរហូតដល់ទៅ២ដងយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា តួលេខបេក្ខជនដែលប្រឡងជាប់គឺមានច្រើនគួរឲ្យកត់សម្គាល់ ថែមទាំងភាគច្រើនសុទ្ធសឹងតែធ្វើបានល្អ និងទទួលបាននិទ្ទេសល្អៗថែមទៀតផង។

ជាការពិតណាស់ យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឲ្យដឹងថា សិស្សដែលប្រឡងជាប់និទ្ទេសA នៅក្នុងឆ្នាំនេះ គឺមានចំនួនរហូតដល់ទៅ៤០៨នាក់ឯណោះ ដោយសារតែរាល់សន្លឹកកិច្ចការ របស់ពួកគេសុទ្ធសឹងតែធ្វើបានល្អ និងមានលំដាប់ពិន្ទុខ្ពស់បំផុត ក្នុងចំណោមបេក្ខជនប្រឡងរាប់ម៉ឺននាក់ផងដែរ។

ជាក់ស្តែង យើងក៏បានជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយនឹងសិស្សឆ្នើមនិទ្ទេស A រូបស្រស់មួយរូប មកពីសាលារៀន អាមេរិកាំង អន្តរជាតិ (AIS) ដែលលនាងនឹងបង្ហើបប្រាប់ពីតិចនិក​ ក្នុងការរៀនឲ្យបានជោគជ័យ រួមទាំងចំណាប់អារម្មណ៍មួយចំនួនផងដែរ។

កញ្ញា ពេជ្រ ស្រីនីន មានអាយុ ១៨ឆ្នាំ ដែលស្គាល់ថាជាសិស្សនិទ្ទេសA ប្រចាំឆ្នាំ២០១៨ ទទួលបានលំដាប់ពិន្ទុ ៩៩.៨៥២។ ដោយក្នុងនោះ នាងបានរៀបរាប់ថា នាងពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងមែនទែន ដែលខ្លួនឯងអាចទទួលបាននិទ្ទេសដ៏ល្អបែបនេះ ហើយនាងក៏សប្បាយចិត្តនិងមោទនភាព ដែលបានលើកមុខមាត់កិត្តិយសជូនគ្រួសារ ក៏ដូចជាសាលារៀនរបស់នាងផ្ទាល់ផងដែរ។

ពេជ្រ ស្រីនីន សិស្សនិទ្ទេសA ប្រចាំឆ្នាំ២០១៨
ពេជ្រ ស្រីនីន

មិនតែប៉ុណ្ណោះ ស្រីនីន ក៏បានរៀបរាប់បង្ហើបប្រាប់ពីតិចនិកមួយចំនួន ដែលជួយឲ្យយើងទទួលបានជោគជ័យក្នុងការសិក្សា ដែលជាពិសេសនោះគឺប្រឡងមុខវិទ្យាគណិតទទួលបានពិន្ទុល្អថែមទៀតផង។

ដោយនាងបានលើកឡើងថា ការដែលទទួលបានជោគជ័យក្នុងការសិក្សា មិនមែនពឹងផ្អែក ទៅលើការរៀនតែ ជាមួយនឹងគ្រូមួយមុខនោះទេ ប៉ុន្តែយើងត្រូវរៀនដោយខ្លួនឯងផងដែរ។ កាលដែលរៀនជាមួយគ្រូ គឺការសិក្សាពីគ្រឹះនិងគន្លឹះសំខាន់ៗ ដែលយើងគប្បី ត្រូវយកវាមកអនុវត្តន៍ ជាពិសេសគឺយើងត្រូវតែរៀនបន្ថែមដោយខ្លួនឯងនៅឯផ្ទះផ្ទាល់តែម្តង ។ យើងត្រូវចេះកំណត់ពេលវេលាខ្លួនឯងឲ្យបានច្បាស់លាស់ ថាពេលណាគួរលេង និងពេលណាត្រូវរៀន ហើយពេលរៀននៅសាលាម៉ោងប៉ុន្មាន រៀនគួរនៅម៉ោងប៉ុន្មាន និងរៀននៅផ្ទះដោយខ្លួនឯងនៅម៉ោងប៉ុន្មាន។

គ្រឹះសិក្សាពីថ្នាក់ក្រោមគឺសំខាន់បំផុត ជាពិសេសគឺសម្រាប់សិស្សដែលចង់ប្រឡងគណិតបាននិទ្ទេសល្អ ពីព្រោះតែមុខវិទ្យាមួយនេះ គឺវាមានភាពជាប់ប្រទាក់ក្រឡាគ្នាតាំងពីថ្នាក់ក្រោមរហូតមកដល់ថ្នាក់ទី១២តែម្តង ដូចនេះគឺវាទាមទារឲ្យយើងសិក្សានិងស្វែងយល់ពីគ្រឹះរបស់វាឡើងវិញ។ 

ជាក់ស្តែង នាងទទួលស្គាល់ថា សិស្សយើងមួយចំនួនធំប្រាកដជាមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាននោះទេ កាលពីរៀនថ្នាក់ក្រោមៗដូចជាថ្នាក់ទី៧ ដល់ថ្នាក់ទី១០ជាដើម ដោយហេតុនេះ យើងគួរតែយកចិត្តទុកដាក់ស្វែងយល់វាជាថ្មី រយៈ២ឆ្នាំចុងក្រោយមុនពេលការប្រឡងបាក់ឌុបមកដល់។

ពេជ្រ ស្រីនីន

ដោយឡែក ក្រៅពីឆ្លាតនិងរៀនពូកែហើយ យើងក៏ចាប់អារម្មណ៍ឃើញថា ស្រីស្រស់ពេជ្រ ស្រីនីន ថែមទាំងមានរូបសម្រស់ស្អាតឲ្យគួរចង់បេតីថែមទៀតផង។ ក្នុងនោះយើងក៏បានឆ្លៀតសួរនាង ពីវិធីថែរក្សាសម្រស់ ក្នុងអំឡុងសិក្សាផងដែរ ដោយចង់ដឹងថា ជាសិស្សនិទ្ទេស A រៀនរាល់ថ្ងៃសឹងតែដកខ្លួនមុនរួច ចុះឆ្លៀតពេលឯណាថែរក្សាសម្រស់បានស្រស់ស្អាតសាច់សខ្ចីយ៉ាងនេះ?

ស្រីនីន បានរៀបរាប់លាយឡំនឹងសំណើចថា ទោះរវល់យ៉ាងណា ក៏យើងមិនអាចចោលសម្រស់របស់យើងបានឡើយ ឧទាហរណ៍ដូចជាយប់ឡើងខណៈពេលដែលយើងកំពុងមើលឬទន្ទេញមេរៀន យើងគួរឲ្យឆ្លៀតបិទម៉ាសជំនួយស្បែកមុខក្នុងអំឡុងពេលនោះ និងមុនពេលចូលគេង ឬចេញទៅសាលារៀន យើងគួរតែប្រើCream ការពារស្បែកមុខរបស់យើងខ្លះៗផងដែរ។

ពេជ្រ ស្រីនីន

លើសពីនេះ បំណងបន្ទាប់ដែលនាងត្រូវធ្វើក្រោយប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចប់ គឺនាងចង់រៀនបន្តនៅឯមហាវិទ្យាល័យអន្តរជាតិល្បីឈ្មោះមួយប្រចាំប្រទេសកម្ពុជា ផ្នែក Business ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងបើកជំនួញតូចមួយផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងផងដែរ បើតាមការខ្សឹបប្រាប់ គឺនាងនឹងនាំចូលនូវផលិតផលថែរក្សាសម្រស់ ដ៏មានគុណភាពមួយផងដែរ។

យ៉ាងណាមិញ ជាចុងក្រោយសិស្សស្រីរូបស្រស់និទ្ទេស A កញ្ញា ពេជ្រ ស្រីនីន ក៏បានឆ្លើយតបទៅកាន់សំណួរបស់សិស្សប្អូនជាច្រើន ដែលមានបំណងប្រាថ្នាចង់បាននិទ្ទេសល្អដូចជានាង ដោយនាងឲ្យដំបូន្មានខ្លះៗថា បើចង់ទទួលបាននិទ្ទេសល្អប្រសើរក្នុងការប្រឡង និងមានភាពជឿជាក់លើខ្លួនឯង យើងត្រូវរៀនសូត្រនិងអនុវត្តន៍នៅផ្ទះខ្លួនឯងឲ្យបានច្រើន ស្តាប់រាល់ដំបូន្មានលោកគ្រូអ្នកគ្រូជាពិសេសមុនពេលជិតប្រឡង ព្រមទាំងរៀនមើល និងស្តាប់តាមបទពិសោធន៍របស់សិស្សច្បងដែលទទួលបានជោគជ័យកន្លងមក ឲ្យបានច្រើនផងដែរ៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ពេជ្រ ស្រីនីន និងអ្នកម្តាយ
ពេជ្រ ស្រីនីន និងអ្នកម្តាយ
ពេជ្រ ស្រីនីន និងគ្រួសារ
ពេជ្រ ស្រីនីន
ពេជ្រ ស្រីនីន
ពេជ្រ ស្រីនីន
ពេជ្រ ស្រីនីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]