ខេត្តបន្ទាយមានជ័យៈ រថយន្តវីហ្គោមួយគ្រឿង បុក ម៉ូតូបណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់ រួចព្យាយាមបើក រត់ ពេលសមត្ថកិច្ចតាមទាន់ឆែកឃើញសុទ្ធតែឈើគ្រញូង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តវីហ្គោ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2K-7473 មួយគ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូង ចេញពីទីរួមខេត្តបន្ទាយ មានជ័យឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូស្រ្តីម្នាក់ ដែលបើក បរក្នុងទិសដៅស្របគ្នាខ្ទាតជាច្រើនម៉ែត្រ រួចរថយន្តបង្កហេតុបានបន្ថែមល្បឿន បើករត់ចូលក្នុងភូមិអស់ ជាច្រើនគីឡូម៉ែត្រ។ តែមិនអាចគេចរួចនោះទេ ត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាមទាន់ក្នុងឃុំបត់ត្រង់ ហើយម្ចាស់រថយន្តបង្កហេតុបានជញ្ជូនឈើគ្រញូងដែលច្រកការ៉ុង យកទៅលាក់ក្នុងព្រៃ ពេលឃើញ កម្លាំងសមត្ថកិច្ចទៅដល់ជនល្មើសបានរត់គេចខ្លួនតែម្តង។  

ក្រោយកើតហេតុភ្លាមៗនោះ គេសង្កេតឃើញមានវត្តមានលោក ផាន់ភីរម្យ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបន្ទាយមានជ័យចុះមកត្រួតពិនិត្យកន្លែង ដែលជនល្មើសទុករថយន្ត និងឈើគ្រញូងចោល ផងដែរ។ ដោយឡែកស្រ្តីរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯឈើ និងរថ យន្តត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាង សំណុំរឿងបញ្ជូនវត្ថុតាងទាំងនេះ ទៅតុលាការចាត់ការបន្ត៕

ដោយៈ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]