ហ្វ៊ីលីពីន៖ ទោះជាមានព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលធ្វើឱ្យជន់លិចព្រះវិហារគ្រឹស្តមួយក្នុងប្រទេសហ្វ៊ីលីពីនយ៉ាងណា ក៏មិនអាចរារាំងគូស្នេហ៍មួយគូពីការភ្ជាប់ចំណងស្នេហ៍អមតៈក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួនបានឡើយ។

គូស្នេហ៍ដែលរៀបការទាំងលិចទឹកខ្លាំង

បើតាមវីដេអូយើងឃើញកូនក្រមុំបានដើរលុយទឹក ដើម្បីទៅជួបអនាគតស្វាមីរបស់ខ្លួននៅអាសនៈព្រះ ដោយគ្មានទឹកមុខខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញគឺពោរពេញទៅដោយស្នាមញញឹមក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាត។ ថ្វីបើហ្វ៊ីលីពីនកំពុងរងគ្រោះដោយព្យុះមូសុងរដូវវស្សាប៉ុណ្ណាក៏ដោយ ក៏មិនអាចបំផ្លាញទឹកចិត្តរបស់ Jefferson និង Jobel de los Angeles នៅថ្ងៃពិសេសរបស់ពួកគេឡើយ។

“ទោះបីជាមានទឹកជំនន់ ឬភ្លៀងធ្លាក់ជោគជាំយ៉ាងណា គ្មានអ្វីអាចបញ្ឈប់ខ្ញុំបានទេ។ មួយជាតិរៀបការតែម្តងគត់ តើអ្នកនឹងពន្យារពេលទេ? ខ្ញុំបានរៀបការជាមួយបុរសដែលខ្លួនស្រលាញ់។” លោកស្រីដែលយកឈ្មោះ De los Angeles តាមស្វាមីថ្មីថ្មោងបានប្រាប់ដូច្នេះបន្ទាប់ពីពិធីត្រូវបានបញ្ចប់។

នាងបានបន្តទៀតថា “ឈុតរៀបការរបស់ខ្ញុំសើម និងប្រែជាធ្ងន់មែន ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា វាដូចជាការដើរលើកម្រាលព្រំក្រហមអីចឹង។”

អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ ទឹកភ្លៀងបានបង្ខំឱ្យគូស្នេហ៍នេះជិះទូកមកព្រះវិហារ បន្ទាប់ពីម្ចាស់ឡានបដិសេធក្នុងការជូនដំណើរមក។ 

ព្យុះភ្លៀងនៅហ្វ៊ីលីពីន

គួរបញ្ជាក់ថា តំបន់ជាច្រើនក្នុងប្រទេសហ្វ៊ីលីពីនកំពុងជួបប្រទះគ្រោះទឹកជំនន់ ដោយសារព្យុះមូសុងនៅនិរតី ហើយប្រទេសនេះរងគ្រោះដោយព្យុះទីហ្វុង និងព្យុះផ្សេងៗជាមធ្យម ២០ ដងក្នុងមួយឆ្នាំ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]