តៃវ៉ាន់៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ ថ្មីៗនេះបានសាងភាពភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គម ក្រោយគេដឹងថា រូបគាត់បានចំណាយពេលយ៉ាងច្រើនលើសលុបក្នុងមួយថ្ងៃៗ ជាមួយនឹងកំពូលហ្គេមផ្សងព្រេងមួយ ទាំងទូរស័ព្ទលេងមិនចេះតិចគ្រឿង ច្នៃដាក់ជាប់កង់ ជិះវល់ពេញទីក្រុង រហូតដល់កប់ព្រលប់ក៏មាន។

លោកតា Chen San-yuan

លោកតា Chen San-yuan មានអាយុ ៧០ឆ្នាំ ជាជនជាតិតៃវ៉ាន់ ទទួលបានប្រជាប្រិយភាព នឹកស្មានមិនដល់ និងត្រូវបានគេដាក់រហស្សនាមឲ្យថា «Uncle Pokemon» (ឬ ពូ/អ៊ំ Pokemon) ក៏ដោយសារតែ រូបគាត់ គឺជាអ្នកគាំទ្រ និងជាអ្នកលេងខ្លាំងបំផុត នូវប្រភេទហ្គេម Pokemon Go មិនចាញ់ក្មេងៗប៉ុន្មានឡើយ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកតា Chen មានទូរស័ព្ទដៃស្មាតហ្វូនដល់ទៅ ១១គ្រឿងឯណោះ តម្រៀបគាបជាប់ជាជួរនៅដៃកង់របស់គាត់ ដោយមានជំនួយពីថ្មសាកបន្ថែម ឬ Power Banks ចំនួន៩ទៀត ដាក់នៅក្នុងកន្រ្តកមុខ ដើម្បីអាចឲ្យគាត់បន្តលេងហ្គេមបានយូរ រហូតដល់ទៅជាង ២០ម៉ោងឯណោះ។

លោកតា Chen តែងជិះកង់របស់គាត់នេះ ពាសពេញតាមដងផ្លូវនៃទឹកដីតៃវ៉ាន់ រហូតមានថ្ងៃខ្លះវក់លេងខ្លាំងពេកដល់ម៉ោង ៤ទៀបភ្លឺក៏មាន ដើម្បីដេញតាមចាប់សត្វក្នុងហ្គេម Pokemon Go នៅលើទូរស័ព្ទដៃរបស់គាត់ រាល់ពេលដែលវាលោតចេញថានៅទីតាំងណាមួយនោះ ដោយប្រើម្រាមដៃរបស់គាត់អូសបញ្ជាគ្រាប់បាល់ គប់ទៅលើសត្វនោះដើម្បីចាប់យកវា។

លោកតា Chen San-yuan

ប្រភពដដែលបន្តថា បុរសចំណាស់ជើងខ្លាំងរូបនេះ ក៏ចំណាយលុយអស់មិនស្ទើរនោះដែរ ក្នុងមួយខែៗ ដោយសារតែហ្គេមមួយនេះ។ ដោយរូបគាត់បានអះអាងប្រាប់ថា ចំណាយយ៉ាងហោចណាស់ក៏ ១,១៦៥ផោន (ឬប្រហែល ១,៤៨៩ដុល្លារអាមេរិក) ឯណោះ ដើម្បីទិញយកឧបករណ៍ ឬអាវុធផ្សេងៗ ដើម្បីមកជួយបង្កើនកម្លាំងធាតុហ្គេមរបស់គាត់ឲ្យកាន់តែខ្លាំង។

លោកតាបានឲ្យដឹងទៀតថា គាត់ចូលចិត្តទៅលេងនៅម្តុំឧទ្យានមួយកន្លែងក្នុងទីក្រុង យ៉ាងហោចណាស់ ៥ ទៅ ៦ដង ក្នុងមួយសប្តាហ៍ រហូតត្រូវបានអ្នកនៅទីនោះ លួចប្រមាញ់ថតរូបគាត់បាន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម ទើបធ្វើឲ្យគាត់ល្បីបែបនេះតែម្តងទៅ។

បន្ថែមលើនេះ លោកតា Chen ក៏បានបញ្ជាក់ប្រាប់ដែរថា ការលេងហ្គេមសម្រាប់លោកតា គឺវាជួយយ៉ាងខ្លាំងដល់លោកតា អាចចៀសឆ្ងាយពីជំងឺ Alzheimer ឬហៅថា ជំងឺជរាភ្លេចភ្លាំង ដោយបង្កើនភាពរហ័សរហួន និងការចងចាំ។

លោកតា Chen San-yuan

គួរឲ្យដឹងផងដែរថា លោកតា Chen ចេះលេងហ្គេម Pokemon Go នេះ តាំងតែពីឆ្នាំ២០១៦ មកម៉្លេះ ដោយចៅប្រុសរបស់លោកតាផ្ទាល់ ជាអ្នកជួយបង្ហាត់បង្រៀនពីរបៀបលេង។ ខណៈមកទល់ពេលនេះ ថ្វីដៃលេងរបស់លោកតា Chen គឺពិតជាមិនធម្មតានោះទេ សុទ្ធតែលើសកម្រិត ឬ Level 30 ហើយគាត់ក៏សង្ឃឹមថា គាត់នឹងអាចបង្កើនទូរស័ព្ទ ឲ្យដល់១៥គ្រឿងបន្ថែមទៀត ដើម្បីលេងវាផងដែរ។

គួររម្លឹកដែរថា Pokémon GO ជាហ្គេមមួយដែលលេង ដោយប្រើប្រព័ន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំង iOS និង Android។

ហ្គេមមួយប្រភេទនេះ ធ្លាប់ផ្ទុះកក្រើកខ្លាំងនាកំឡុងឆ្នាំ២០១៦ កន្លងទៅ នៅទូទាំងតំបន់អាស៊ី និងនៅបណ្តាប្រទេសមួយចំនួនលើពិភពលោក ជាពិសេស ល្បីល្បាញខ្លាំងនៅអាមេរិកតែម្តង ខណៈដែលបច្ចុប្បន្ននេះវិញ Pokémon GO ហាក់ធ្លាក់កូដយ៉ាងខ្លាំង ក្រោយកើតមានករណីមិនប្រក្រតីជាច្រើនកើតឡើង កុំថាឡើយមានមនុស្សស្លាប់ រហូតមានអ្នកខ្លះជក់លេងភ្លេចបាយភ្លេចទឹក លែងរៀនសូត្រ លែងធ្វើការងារ និងអាណាធិបតេយ្យពេញទីក្រុង ទើបទីបំផុតក៏ត្រូវបានរដ្ឋាភិបាល នៃប្រទេសមួយចំនួន បិទការហាមឃាត់លេង និងមានជាការផាកពិន័យថែមទៀតផង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

លោកតា Chen San-yuan
លោកតា Chen San-yuan
លោកតា Chen San-yuan
លោកតា Chen San-yuan
លោកតា Chen San-yuan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]