ស្នេហាជាអារម្មណ៍មួយដែលមនុស្សគ្រប់រូបសុទ្ធតែមាន ហើយក៏ជាអ្វីដែលបេះដូងប្រាថ្នាចង់បាន ដើម្បីស្វែងរកមនុស្សម្នាក់មករួមដំណើរជីវិតជាមួយគ្នា។ បើទោះបីជាស្នេហាស្រស់ស្អាត ធ្វើឱ្យអ្នកមានក្តីសុខ និងជួយឱ្យអ្នកមានសុភមង្គលយ៉ាងណាក៏ដោយ តែអ្នកក៏មិនអាចមានស្នេហាភ្លាមៗដោយមិនទាន់ពិចារណាឱ្យបានដិតដល់ជាមុនសិនដែរ ជាពិសេសមានចំណុចជាច្រើន ដែលបញ្ជាក់បានថាអ្នកមិនទាន់ដល់ពេលវេលាសាកសមសម្រាប់មានស្នេហានោះទេ។

ដូច្នេះមកតាមដាន ចំណុចធំៗទាំង ១៦ដែលអាចបញ្ជាក់បានថា អ្នកមិនទាន់ដល់ពេលវេលា ឬសាកសមនៅក្នុងការមានស្នេហានៅឡើយទេ៖

រូបតំណាង ​គូស្នេហ៍

១.ម្តាយឪពុកមិនពេញចិត្ត ឬស្ថិតក្នុងវ័យសិក្សា

ឪពុកម្តាយស្ទើរតែគ្រប់រូបពិតជាមិនពេញចិត្តនោះឡើយ បើសិនជាកូនៗមានស្នេហានៅពេលកំពុងសិក្សានោះ ព្រោះខ្លាចបែកសតិអារម្មណ៍ កើតជំងឺគិតច្រើន និងគេងមិនលក់ជាដើម ដែលសុទ្ធតែជាកត្តានាំឱ្យប៉ះពាល់ដល់ការសិក្សា និងអនាគតក្នុងពេលខាងមុខ។ ដូច្នេះប្រសិនជាអ្នកកំពុងតែនៅរៀននៅឡើយ ហើយម្តាយឪពុករបស់អ្នកមិនពេញចិត្ត ដោយចាំឱ្យអ្នករៀនចប់សិននោះ អ្នកគួរតែស្តាប់បង្គាប់ និងគោរពតាមដំបូន្មានរបស់អ្នកមានគុណទើបជាការប្រសើរ។

២.គ្មានប្រាក់ចំណូល

អ្នកណាថាមានស្នេហាមិនចាំបាច់ចាយលុយនោះ? ជាការពិតណាស់ នៅពេលដែលអ្នកមានស្នេហាអ្នកប្រាកដជាត្រូវរកពេលវេលាណាត់ជួបគ្នា ដើរលេង ឬទៅលេងផ្ទះភាគីម្ខាងទៀតជាដើម ដែលធម្មតានោះមិនដែលថាមិនចំណាយលុយសោះនោះឡើយ។ ដូច្នេះអ្នកមិនអាចលាដៃសុំលុយពីម៉ាក់ប៉ា ឬអាណាព្យាបាលដោយគ្រាន់តែបំពេញសេចក្តីសុខសម្រាប់ស្នេហារបស់អ្នកនោះទេ ចាំមានមុខរបរពិតប្រាកដ និងចេះរកលុយដោយខ្លួនឯងចាំមានស្នេហាក៏មិនយឺតពេលដែរ។

៣.នៅជាមួយមនុស្សដែលគ្មានអនាគត

វាមិនមែនជាការរើសអើងនោះឡើយ តែអ្នកអាចប្រឈមមុខនឹងបញ្ហាផ្សេងៗ ឬមានអនាគតអាប់អួរប្រសិនជាអ្នកជ្រើសរើសមានស្នេហាជាមួយជនដែលត្រូវសង្គមស្អប់ខ្ពើមដូចជា ជនប្រព្រឹត្ត និងសេពគ្រឿងញៀន ជនទុច្ចចរិត និងជនដែលមានប្រវត្តិមិនល្អជាដើម។ ដូច្នេះចូរចៀសវាងការមានស្នេហាជាមួយមនុស្សប្រភេទនេះ ឬចាំឱ្យប្រាកដចិត្តថាគេបានកែប្រែខ្លួនឯងឱ្យក្លាយជាមនុស្សល្អ ចាំមានស្នេហាជាមួយគ្នាក៏បានដែរ។

៤.មិនទាន់កាត់ចិត្តពីស្នេហាចាស់

គេថារនាបបាក់យករនាបជួស ស្នេហាចាស់ហួសគួរតែរកស្នេហាថ្មីមកជំនួសវិញ។ ជាការពិតណាស់ របួសស្នេហារបស់អ្នកនឹងឆាប់ជាសះស្បើយ ប្រសិនជាបេះដូងរបស់អ្នកបានរកឃើញមនុស្សដែលអ្នកស្រលាញ់ ពេញចិត្ត និងចង់រួមវាសនាជាមួយគ្នា។ តែក្នុងករណីដែលអ្នកទើបតែបែកបាក់ ឬនៅឈឺចាប់ខ្លាំងនឹងអតីតកាលដែលមិនទាន់បំភ្លេចបាន សូមកុំមានស្នេហាឱ្យសោះ ឬយកអ្នកណាម្នាក់ដើម្បីកុហក ​ឬបោកប្រាស់អារម្មណ៍ខ្លួនឯងអី ព្រោះវាអាចធ្វើឱ្យអ្នកម្ខាងទៀតឈឺចាប់បាននៅពេលដែលគេដឹងការពិតនៅថ្ងៃក្រោយ។ ដូច្នេះសុំកុំយកអារម្មណ៍អ្នកផ្សេងមកលេងសើច ឬដើម្បីកំដរការឈឺចាប់របស់អ្នកអី។

រូបតំណាង ​គូស្នេហ៍

៥.មិនទាន់ត្រៀមលក្ខណៈ ឬមិនទាន់ប្រាកដចិត្ត

មនុស្សពីរនាក់ដែលមានចិត្តឱ្យគ្នា ទីបញ្ចប់ពួកគេនឹងក្លាយទៅជាគូស្នេហ៍នឹងគ្នាជាមិនខាន។ តែក្នុងករណីដែលអ្នកមានចិត្តស្រលាញ់អ្នកម្ខាងទៀតដែរ តែអ្នកនៅស្រលាញ់សេរីភាពខ្លួនឯង ឬមិនទាន់ប្រាកដចិត្ត១០០% ថានឹងអាចស្រលាញ់គេអស់ពីចិត្ត និងអាចរួមរស់សាងសេចក្តីស្នេហាជាមួយគ្នាបាន សុំកុំទាន់អាលប្រញាប់បង្កើតស្នេហាមួយនេះឡើងអី។ ការពារប្រសើរជាងព្យាបាល ដូច្នេះសួរចិត្តខ្លួនឯងសិន ថាអ្នកមានបានត្រៀមខ្លួនរួចហើយឬនៅចំពោះស្នេហាមួយនេះ។

៦.គេមិនស្រលាញ់អ្នក

ស្នេហាមិនចាំបាច់ប្រកាន់ថាខាងណាជាអ្នកផ្តើមមុនទេ ព្រោះស្ត្រី និងបុរសសុទ្ធតែមានសិទ្ធស្មើៗគ្នា។ ក៏ប៉ុន្តែអ្វីដែលជាកំហុសឆ្គងដ៏ធំនោះ អ្នកមិនគួរចាប់អារម្មណ៍ ឬមានចិត្តស្នេហាចំពោះអ្នកដែលមិនស្រលាញ់អ្នក ឬគេកំពុងតែចាប់អារម្មណ៍អ្នកផ្សេងអី។ ជាពិសេសគឺហាមដាច់ខាត ចូលខ្លួនធ្វើជាអ្នកទី៣ជ្រែតជ្រែកសេចក្តីស្នេហារបស់អ្នកដទៃ។

៧.អ្នកស្រលាញ់អ្នកផ្សេង

ដណ្តើមស្នេហាអ្នកដទៃ ឬស្រលាញ់អ្នកមានម្ចាស់ខុសរួចទៅហើយ តែប្រសិនជាអ្នកមានស្នេហាជាមួយមនុស្សម្នាក់ ខណៈចិត្ត និងបេះដូងរបស់អ្នកនៅជាមួយអ្នកផ្សេងម្នាក់ទៀតនោះវារឹតតែខុសទៅទៀត។ វាបង្ហាញពីការបោកប្រាស់ និងភាពមិនស្មោះត្រង់ចំពោះអ្នកដែលអ្នកកំពុងតែមានស្នេហាជាមួយ។ ដូច្នេះនៅក្នុងពេលដែលបេះដូងរបស់អ្នកមានលាក់ទុកមនុស្សម្នាក់រួចទៅហើយនោះ មិនថាហេតុផលអ្វីទេ កុំបង្កើតស្នេហា ឬលេងសើចជាមួយអារម្មណ៍អ្នកផ្សេងទៀតឱ្យសោះ។

៨.មិនទាន់ស្គាល់អ្នកម្ខាងទៀតច្បាស់

ពិតណាស់ពាក្យចាស់ពោលថា ឃើញភ្លាមស្រលាញ់ភ្លែត ឬស្នេហារន្ទះបាញ់នោះឯង។ តែមុននឹងអ្នកសម្រេចចិត្តថាកសាងសេចក្តីស្នេហាជាមួយអ្នកណាម្នាក់ហើយ អ្នកត្រូវគិតឱ្យច្បាស់ ស៊ើបមើលអត្តចរិត ប្រវត្តិគ្រួសារ ជីវប្រវត្តិផ្ទាល់ខ្លួនរបស់គេ និងការរស់នៅរបស់គេឱ្យបានច្បាស់ជាមុនសិនទើបជាការល្អ ដើម្បីកុំឱ្យមានការស្តាយក្រោយនៅពេលខាងមុខ ប្រសិនជាគេជាមនុស្សមិនល្អ បោកប្រាស់ ឬជាជនដែលសង្គមស្អប់ខ្ពើមជាដើម ។

រូបតំណាង ​គូស្នេហ៍

៩.ធ្វើឱ្យអ្នកដើរផ្លូវមិនល្អ

មនុស្សស្រលាញ់គ្នា តែងតែចង់ធ្វើអ្វីគ្រប់យ៉ាងឱ្យអ្នកម្ខាងទៀតល្អ តែប្រសិនជាការបង្កើតសេចក្តីស្នេហាមួយនេះ ត្រូវឱ្យអ្នកប្រឈមមុខនឹងបញ្ហា ឬធ្វើឱ្យអ្នកកែប្រែមកដើរផ្លូវមិនល្អវិញនោះ វាពិតជាបញ្ហាធំណាស់សម្រាប់ជីវិតរបស់អ្នក។ ការស្រលាញ់ជារឿងបេះដូង តែវាមិនធំស្មើដល់អនាគតរបស់អ្នកទេ។ ដូច្នេះកុំយកស្នេហាជាធំ សុខចិត្តធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សអាក្រក់ និងដើរលើផ្លូវមិនត្រឹមត្រូវឱ្យសោះ អ្នកត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ ហើយបើគេចង់បំផ្លាញអ្នក ដើរចេញមកវិញមក កុំមានស្នេហាជាមួយម្នាក់នោះឱ្យសោះ។

១០.មានការគិតខុសគ្នា

មនុស្សម្នាក់សុទ្ធតែមានការយល់ឃើញ និងការគិតខុសៗគ្នា ហើយសម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា ប្រសិនជាមានចំណុចខុសគ្នាច្រើនហើយ អ្នកមិនគួរបង្កើតស្នេហានេះឡើងនោះឡើយ នាំតែមានបញ្ហា ឬការឈ្មោះប្រកែកគ្នានៅពេលក្រោយ។ តែក្នុងករណីអ្នកទាំងពីរមានការយល់ឃើញខុសគ្នាមែន តែមានភាពឆ្លាតវៃនៅក្នុងការសម្របសម្រួលគ្នា ឬចេះអត់ឱនឱ្យគ្នានោះ និងមានការប្តេជ្ញាចិត្តតស៊ូដើររួមគ្នានោះ ការមានស្នេហាក៏មិនមែនជារឿងអាក្រក់ដែរ។

១១.គេគ្រាន់តែលេងសើច ឬញ៉ែអ្នកលេង

ចិត្តមនុស្សមើលមិនធ្លុះទេ ដូច្នេះអ្នកមិនអាចដឹងឡើយថាអ្នកណាមានបំណងល្អ ឬអ្នកណាមានបំណងអាក្រក់ចំពោះអ្នកនោះ។ សម្រាប់សេចក្តីស្នេហាក៏បែបនេះដែរ មនុស្សខ្លះជាមនុស្សចូលចិត្តលេងសើចច្រើន ឬចូលចិត្តញ៉ែបប្រែលេង ជារឿងធម្មតា ដែលមានមនុស្សច្រើនណាស់យល់ច្រលំថាវាជាសេចក្តីស្នេហា។ ដូច្នេះក្នុងករណីអ្នកមើលឃើញថាគេគ្រាន់តែចង់លេងសើច ញ៉ែអ្នកលេង ជាអារម្មណ៍មួយឆាវៗ ឬមិនមានភាពប្រាកដប្រជាជាមួយអ្នក អ្នកមិនគួរទន់ចិត្តលង់ស្រលាញ់ ឬបង្កើតស្នេហាភ្លើងចំប៉ើងនេះឡើងនោះឡើយ នាំតែខាតបង់ចិត្ត និងស្ពាយបេះដូងខ្ទេចខ្ទាំឥតអំពើនៅពេលក្រោយ។

១២.អ្នកជាមនុស្សប្រែប្រួលលឿន

ប្រសិនជាអ្នកជាមនុស្សងាយស្រលាញ់ ហើយក៏ជាមនុស្សងាយបំភ្លេចដែរនោះ បានន័យថាអ្នកជាមនុស្សក្មេងខ្ចី មិនទាន់ចេះស្រលាញ់ ឬមានសេចក្តីស្នេហាពិតប្រាកដនៅឡើយទេ។ ក្នុងករណីអ្នកមានស្នេហាហើយក៏ឆាប់បែកបាក់គ្នាវិញ ដោយសារតែសុខៗស្រាប់តែអស់ចិត្តស្រលាញ់នឹងគ្នា បានន័យថាអ្នកជាមនុស្សដែលក្មេងខ្ចីបំផុតក្នុងរឿងស្នេហា ឬជាភ្លើងចំប៉ើងរបស់អារម្មណ៍មួយឆាវៗតែប៉ុណ្ណោះវាមិនមែនជាស្នេហាពិតនោះទេ។ ដូច្នេះបើអ្នកជួបនឹងអារម្មណ៍បែបនេះ មិនបាច់មានស្នេហាតទៅទៀតទេ ចាំច្បាស់ថាខ្លួនឯងចេះស្រលាញ់អ្នកណាម្នាក់ពិតប្រាកដហើយចាំមានស្នេហា ដើម្បីកុំឱ្យជួបរឿងឈឺចាប់ ឬខកបំណងម្តងហើយម្តងទៀតដដែលៗ។

រូបតំណាង ​គូស្នេហ៍

១៣.ស្រលាញ់មនុស្សដែលអារម្មណ៍ប្រែប្រួល

មិនខុសពីចំណុចខាងលើនោះទេ គ្រាន់តែអារម្មណ៍បែបនេះបែរជាមានទៅលើមនុស្សដែលអ្នកស្រលាញ់ទៅវិញ។ ដូច្នេះបានន័យថាគេក៏មិនទាន់ស្គាល់ស្នេហាច្បាស់ ឬចេះស្រលាញ់អ្នកណាពិតប្រាកដែរ។ ហើយអ្នកមិនអាចប្រាកដចិត្តទេថា ពេលណាគេចាកចេញ ពេលណាគេអស់ចិត្តស្រលាញ់ ហើយពេលណាដែលគេមកសុំអ្នកបែកគ្នានោះ។ បើដឹងថាគេជាមនុស្សដែលប្រែប្រួលលឿន ឬមានអារម្មណ៍ក្មេងខ្ចីនៅក្នុងសេចក្តីស្នេហាហើយ មិនគួរមានស្នេហាជាមួយមនុស្សបែបនេះឡើយ។

១៤.ស្រលាញ់ការងារជាង

ការមានស្នេហាប្រាកដជាត្រូវរកពេលជួបគ្នា និងចំណាយពេលវេលាច្រើនជាមួយនឹងមនុស្សជាទីស្រលាញ់ជារឿងធម្មតា។ តែក្នុងករណីអ្នកជាមនុស្សស្រលាញ់ងប់ងល់នឹងការងារខ្លាំង មានការរវល់ច្រើននឹងកិច្ចការប្រចាំថ្ងៃ និងមានទិសដៅធំធេងសម្រាប់អនាគតរបស់ខ្លួននោះ កុំទាន់អាលចង់មានស្នេហាអីចៀសវាងមានការឈ្លោះប្រកែក ឬអន់ចិត្តចំពោះគ្នាទៅវិញទៅមកទាក់ទងនឹងពេលវេលា។ រង់ចាំការងាររបស់អ្នកជោគជ័យ មានស្ថេរភាព និងធូរស្បើយមិនសូវជារវល់ខ្លាំងដូចមុនចាំមានស្នេហាក៏បាន។

១៥.ស្នេហារបស់អ្នកធ្វើឱ្យអ្នកផ្សេងឈឺចាប់

បើទោះជាស្នេហាជារឿងរបស់មនុស្សពីរនាក់ក៏ពិតមែន តែក្នុងលោកនេះមិនមែនមានអ្នកពីរនាក់រស់នៅឡើយ គឺយើងរស់នៅជាមួយនឹងគ្រួសារ និងសង្គមមួយ។ ដូច្នេះក្នុងករណីការមានស្នេហារបស់អ្នកធ្វើឱ្យឪពុកម្តាយមិនពេញចិត្ត មានការជំទាស់ ឬស្នេហារបស់អ្នកធ្វើឱ្យប៉ះពាល់ដល់សុភមង្គលរបស់អ្នកដទៃដោយសារតែដៃគូរបស់អ្នករៀបការហើយ ឬមានកូននោះ អ្នកមិនត្រូវបង្កើតស្នេហាមួយនេះឡើងនោះទេ។ ក្តីស្រលាញ់គឺជាសេចក្តីសុខ និងសុភមង្គលរបស់បុគ្គលពីរនាក់ តែអ្នកក៏មិនអាចសប្បាយរីករាយនៅលើគំនរទុក្ខរបស់អ្នកដទៃឡើយ។

១៦.មានអារម្មណ៍ឈឺចាប់

មិនថាដោយសារតែមូលហេតុអ្វី ឬអ្នកម្ខាងទៀតមានសកម្មភាពបែបណានោះទេ បើអ្នកគិតថាអ្នកនៅជាមួយម្នាក់នោះហើយ ហើយការមានស្នេហាជាមួយគេវានឹងធ្វើឱ្យអ្នកឈឺចាប់នៅក្នុងបេះដូងនោះ អ្នកមិនបាច់បង្កើតស្នេហាមួយនេះឡើងទេ។ មានស្នេហាធ្វើអីបើមានតែរឿងកើតទុក្ខឈឺចាប់នោះ មានស្នេហាធ្វើអីបើដឹងថាគង់តែបែក ឬមានបញ្ហា? ក្តីស្រលាញ់អាចធ្វើឱ្យមនុស្សខ្វាក់ភ្នែក និងសម្រេចចិត្តខុសបាន។ ដូច្នេះមុននឹងមានស្នេហាត្រូវតែពិចារណាឱ្យបានដិតដល់បំផុត។

រូបតំណាង ​គូស្នេហ៍

បើទោះបីជាមានហេតុផលជាច្រើនដែលអ្នកមិនគួរមានស្នេហាយ៉ាងណាក៏ដោយ តែកុំរាថយ និងកុំខ្លាចនឹងការឈឺចាប់ដែលមិនទាន់មកដល់ឱ្យសោះ ។ ស្នេហាគឺជារបស់មួយដ៏ស្រស់ស្អាត នៅពេលដែលអ្នករើសត្រូវ ហើយវាក៏ជាឱកាស ឱកាសដែលអ្នកត្រូវតែស្រវាទុកនៅពេលដែលវាមកដល់។ ដូច្នេះមានស្នេហាចុះ តែត្រូវអានចំណុចខាងលើឱ្យអស់សិន ហើយចាំគិតម្តងទៀត និងពិចារណាឱ្យបានដិតដល់សិន ចាំមានស្នេហាក៏មិនទាន់ហួសពេលដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]