មនុស្សគ្រប់គ្នាប្រាកដជាយល់ថា ការងូតទឹកម្តងៗជារឿងធម្មតាៗ ដែលមិនចាំបាច់សិក្សា ឬយល់ដឹងបន្ថែមនោះទេ។ គ្រាន់តែងូតទឹក ដុសសាប៊ូ និងសម្អាតខ្លួនធម្មតាជាការងាយមែនទែន តែការពិតមានរឿងជាច្រើនដែលអ្នកមិនធ្លាប់បានដឹង រាល់ពេលងូតទឹកម្តងៗ ជួនកាលអ្នកអាចនឹងប្រព្រឹត្តកំហុសឆ្គង ដែលអាចប៉ះពាល់ដល់រាងកាយ និងសុខភាពរបស់អ្នកដោយមិនដឹងខ្លួនក៏ថាបាន។

ដូច្នេះមកតាមដានកំហុសឆ្គង និងទម្លាប់អាក្រក់មួយចំនួនដែលមនុស្សភាគច្រើនប្រព្រឹត្តដោយមិនដឹងខ្លួន រាល់ពេលងូតទឹកម្តងៗទាំងអស់នេះ៖

១.លុបលាងមុខ

អ្នកប្រហែលជាគិតថាវាជារឿងធម្មតាទេ រាល់ពេលងូតទឹកយើងប្រាកដជាត្រូវលុបលាងទាំងមុខផងដែរនៅក្រោមទឹកផ្កាឈូក។ តែការងូតទឹកដែលក្តៅជាងសីតុណ្ហភាពទឹកធម្មតា ឬមានកម្លាំងទឹកខ្លាំងអាចធ្វើឱ្យមានផលប៉ះពាល់ដល់ផ្ទៃមុខយើងបាន។ ជាធម្មតាស្បែកមុខស្តើងខ្លាំងណាស់ ដូច្នេះអ្នកគួរតែលុបលាងផ្ទៃមុខនឹងទឹកក្តៅឧណ្ហៗទើបជាការល្អ។

លុបលាងមុខ

២.មិនលាងសម្អាតជើង

ការដុសលាងសម្អាតជើងនៅអំឡុងពេលងួតទឹក អ្នកប្រហែលជាគិតថាមិនចាំបាច់នោះទេ ព្រោះថារាល់ពេលងូតទឹកជើងរបស់អ្នកត្រូវទឹករួចទៅហើយ តែនេះជាកំហុសដ៏ធំមួយ។ គ្រាន់តែស្ថិតនៅក្រោមទឹកធម្មតា មិនអាចកម្ចាត់មេរោគ និងបាក់តេរីទាំងឡាយឱ្យអស់បានល្អនោះទេ។ នោះក៏ដោយសារតែនៅត្រង់បរិវេណជើង មានមេរោគ និងបាក់តេរីច្រើនណាស់ ដែលអាចបង្កពីការបែកញើស និងការហប់តឹងណែនស្អុះរាល់ពេលពាក់ស្បែកជើងជាដើម។ ដូច្នេះរាល់ពេលងូតទឹកកុំភ្លេចដុសលាងសម្អាងជើងឱ្យបានស្អាតផង។

មិនលាងសម្អាតជើង

៣.មិនសម្អាតប្រដាប់ដុសខ្លួន/ដុសខ្នង

រាល់ពេលងូតទឹក ដើម្បីឱ្យប្រាកដថាបានសម្អាតខ្លួនបានស្អាតល្អមនុស្សជាច្រើនតែងតែប្រើប្រាស់ប្រដាប់ដុសខ្លួន ។ តែរបស់មួយនេះងាយជាប់តោងមេរោគ និងបង្កជារោគផ្សិតណាស់ប្រសិនជាអ្នកមិនបានសម្អាតវាបានល្អ។ ដូច្នេះរាល់ពេលដុសសម្អាតខ្លួនរួច កុំភ្លេចសម្អាតវាឱ្យស្អាតនឹងសាប៊ូ ហើយទុកនៅកន្លែងស្ងួតល្អផងដែរ ជាពិសេសប្តូរប្រដាប់ដុសខ្លួនថ្មីជារៀងរាល់១ខែម្តង។

មិនសម្អាតប្រដាប់ដុសខ្លួន/ដុសខ្នង

៤.ចានដាក់សាប៊ូដុំ

ប្រសិនជាអ្នកប្រើប្រាស់សាប៊ូដុសខ្លួនប្រភេទដុំ អ្នកគួរតែប្រុងប្រយ័ត្នជាមួយនឹងប្រដាប់ដាក់សាប៊ូឱ្យមែនទែន ព្រោះការទុកដាក់មិនត្រឹមត្រូវអាចបង្កជាមេរោគបាក់តេរី និងមេរោគផ្សិតផ្សេងៗបានផងដែរ។ យកល្អ គួរតែដាក់សាប៊ូនៅក្នុងចានដាក់សាប៊ូជាប្រភេទដែក/ជ័រដែលមានរន្ធ ឬចានដាក់សាប៊ូប្រភេទជាក្បាលដែកគោលក៏បាន ដើម្បីឱ្យវាមានខ្យល់ចេញចូល (មើលរូប)។

ចានដាក់សាប៊ូដុំ

៥.ប្រើប្រាស់សាប៊ូមានក្លិនក្រអូបខ្លាំង

អ្នកណាៗក៏ចូលចិត្តរបស់ក្រអូបដែរ តែសាប៊ូដែលមានក្លិនក្រអូបមួយចំនួនអាចធ្វើឱ្យមានបញ្ហារលាក រមាស់ និងកន្ទួលសម្រាប់អ្នកដែលមានស្បែកងាយរងប្រតិកម្ម។ ដូច្នេះប្រសិនជាអ្នកមានស្បែកស្ងួត ឬស្បែកប្រតិកម្ម អ្នកគួរតែប្រើផលិតផលដែលគ្មានក្លិនក្រអូប ឬគ្មានជាតិគីមី ដែលមានដាក់អក្សរថា fragrance-free ជាពិសេសប្រើផលិតផលដែលគ្មានក្លិន គ្មានពណ៌ និងគ្មានសារធាតុផ្សំដែលប៉ះពាល់ដល់ស្បែកទើបជាការល្អ។

ប្រើប្រាស់សាប៊ូមានក្លិនក្រអូបខ្លាំង

៦.ប្រើផលិតផលកោរពុកមាត់ចាស់

ជាទម្លាប់អាក្រក់បំផុត ដែលអ្នកប្រើប្រាស់ប្រដាប់កោរចាស់ខ្លាំងពេកដោយមិនប្តូរថ្មីឱ្យបានញឹកញាប់។ ទោះជាខាងក្រៅមើលទៅអាចប្រើប្រាស់បាន តែមេរោគ និងបាក់តេរីមិនអាចមើលឃើញដោយងាយនឹងភ្នែកបានឡើយ។ ដូច្នេះប្រដាប់កោរពុកមាត់ប្រើល្មមៗ ហើយឃើញមានសភាពចាស់ហើយមិនបាច់ស្តាយទេ គួរតែទិញថ្មីទើបជាការល្អ។

ប្រើផលិតផលកោរពុកមាត់ចាស់

៧.ទុកប្រដាប់កោរពុកមាត់ក្នុងបន្ទប់ទឹក

មេរោគស្រលាញ់កន្លែងដែលមានសំណើមណាស់ ដូច្នេះប្រសិនជាអ្នកប្រើប្រាស់ប្រដាប់កោរពុកមាត់ហើយគួរតែយកចេញទៅក្រៅវិញទើបជាការល្អ ដើម្បីបង្ការមេរោគ និងផ្សិតដែលជាប់តោង។ តែប្រសិនជាអ្នកចង់ទុកវាក្នុងបន្ទប់ទឹក ត្រូវប្រាកដថាដាក់កន្លែងណាដែលមានសុវត្ថិភាពចៀសវាងពីការត្រូវទឹក ឬព្យួរកន្លែងណាដែលអាចឱ្យប្រដាប់កោរពុកមាត់ឆាប់ស្ងួតភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច។

ទុកប្រដាប់កោរពូកមាត់ក្នុងបន្ទប់ទឹក

៨.កក់សក់រាល់ថ្ងៃ

អ្នកអាចនឹងគិតថាកក់សក់ជារៀងរាល់ថ្ងៃធ្វើឱ្យសក់របស់អ្នកក្រអូប និងស្អាតជាប្រចាំតែការធ្វើបែបនេះបែរជាធ្វើឱ្យសក់របស់អ្នកកាន់តែមានសភាពស្ងួតឡើងៗ និងអាចបង្កឱ្យស្បែកក្បាលឡើងជាតិប្រេងទៅវិញទេ។ ដូច្នេះបើអ្នកមានទម្លាប់បែបនេះគួរតែបញ្ឈប់ទៅ ដោយគួរកក់សក់ ២ថ្ងៃម្តង តែប្រសិនជាអ្នកសក់ក្បាលរបស់អ្នកឆាប់កខ្វក់ អ្នកអាចប្រើប្រាស់សាប៊ួកក់សក់ស្ងួត និងសម្អាតសក់ជារៀងរាល់ថ្ងៃបាន។

កក់សក់រាល់ថ្ងៃ

៩.មិនងូតទឹកក្រោយហាត់ប្រាណ ឬបែកញើស

ដូចដែលអ្នកបានដឹងរួចមកហើយថា បាក់តេរីចូលចិត្តកន្លែងក្តៅ និងសើមណាស់ហើយញើសគឺជាកន្លែងដែលមេរោគស្រលាញ់ និងចូលចិត្តនៅបំផុត។ ដូច្នេះរាល់ពេលបែកញើសរួចមិនថាតែការហាត់ប្រាណ ឬធ្វើការងារអ្វីមួយនោះទេ អ្នកត្រូវតែងូតទឹកសម្អាតខ្លួនឱ្យបានស្អាត ព្រោះវាមិនត្រឹមតែអាចកម្ចាត់មេរោគ ថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងក្លិនក្រអូបផងដែរ។

មិនងូតទឹកក្រោយហាត់ប្រាណ ឬបែកញើស

១០.មិនលាបផលិតផលផ្តល់សំណើម

មនុស្សជាច្រើនគិតថាផលិតផលផ្តល់សំណើមសាកសមសម្រាប់តែមនុស្សស្រីប្រើប្រាស់តែប៉ុណ្ណោះ តែវាមិនមែនជាការពិតនោះទេ បុរសៗក៏អាចប្រើបានផងដែរ។ ដូច្នេះរាល់ពេលងូតទឹកហើយភ្លាម អ្នកគួរតែលាបផលិតផលផ្តល់សំណើមដល់ស្បែក ដើម្បីជួយធ្វើឱ្យស្បែកមានជាតិសំណើម មិនស្ងួតខូច ជាពិសេសអាចជួសជុលកោសិកាដែលងាប់ និងបាត់បង់រាល់ពេលងូតទឹកក្តៅម្តងៗផងដែរ៕  

មិនលាបផលិតផលផ្តល់សំណើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]