រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាង​មុខ​ហាង​លក់​មាស​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ គ្រី សុភ​ក្រ័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់​នៅផ្ទះ​លេខ​J៦១ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​កើតហេតុ​ខាងលើ​តែ​ម្នាក់ឯង មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ រួម​ទាំង​បក្សពួក​បី​នាក់​ទៀត​ជិះ​ម៉ូតូ​ពីរ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​១GZ-២៩៦៧ និង​ពីរ​នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ ដោយ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក្រុម​ជនសង្ស័យ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ខាងលើ​នោះ តែ​មិន​បាន​សម្រេច​។

តាម​ប្រភពព័ត៌មាន​បានបន្តទៀត​ថា ភ្លាម​ៗ​នោះ​បុរស​រង​គ្រោះ​ក៏​ស្រែក​ចោរ​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ហើយ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ទាញ​កៅអី​គប់​ទៅ​លើ​ម៉ូតូ​របស់​ជនសង្ស័យ​បណ្តាល​អោយ​ដួល ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់ ចំណែក​បក្ខពួក​បី​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។ ចំណែកឯ​បុរស​រង​គ្រោះ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

ជនល្មើស
វត្ថុតាង
ទីកន្លែង
វត្ថុតាង

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]