ថៃ៖ អស់រយៈពេលជិតមួយសប្តាហ៍ទៅហើយ ពោលគឺតាំងតែពីថ្ងៃសៅរ៍ សប្តាហ៍មុនមកម្ល៉េះ ដែលក្មេងៗក្រុមបាល់ទាត់ចំនួន ១២នាក់ រួមទាំងគ្រូបង្វឹករបស់ពួកគេមួយរូបទៀត បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងរូងភ្នំថាំហ្លួង (Tham Luang Nang Non) ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ខណៈមកទល់ពេលនេះ ក្រុមភ្នាក់ងារជួយសង្គ្រោះជាច្រើន បានខិតខំរុករកយ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ប៉ុន្តែនៅតែពុំទាន់រកឃើញ ឬទទួលបានតម្រុយណាមួយនៅឡើយ។

ក្រុមក្មេងដែលបានបាត់ខ្លួននៅរូងភ្នំ

រឿងរ៉ាវដ៏ក្តៅគគុក ដែលកំពុងតែកក្រើកខ្លាំងនៅថៃនេះ ត្រូវបានមហាជនទូទៅ ជាពិសេសប្រជាជនថៃជាច្រើនតែម្តង មានជំនឿថា ក្រុមក្មេងៗទាំងអស់នោះ អាចនឹងមានខុសពាក្យខុសសម្ដី បញ្ចេញសកម្មភាពមិនគប្បីណាមួយ ឬប្រមាថមើលងាយ ទើបធ្វើឲ្យវិញ្ញាណ ឬបារមីដ៏ស័ក្ដិសិទ្ធិ ដែលឃុំគ្រងថែរក្សានៅក្នុងរូងភ្នំ ដែលមានរូបសំណាក់ព្រះម៉ែ Jao Mae Nag Non នៅទីនោះ (គេមានជំនឿថា ជាព្រះម៉ែដែលថែរក្សារូងភ្នំនេះ) លាក់ពួកគេទុកមិនឲ្យចាកចេញបានពីរូងភ្នំ។

រូបសំណាក់ព្រះម៉ែ Jao Mae Nag Non

យ៉ាងណាមិញ ទាក់ទងនឹងរឿងរ៉ាវនេះផងដែរ បើតាមការដកស្រង់ពីរឿងព្រេងនិទានថៃ ពីភ្នំថាំហ្លួងនេះ បានដំណាលថា កាលពីយូរលង់ណាមកហើយ មានម្ចាស់ក្សត្រីដែលមានរូបសម្ផស្សស្រស់ស្អាតមួយអង្គ បានចាប់ចិត្តប្រតិព័ទ្ធធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងបុរសជារាស្រ្តសាមញ្ញាម្នាក់ រហូតដល់ព្រះនាងទ្រង់មានព្រះគភ៌ (ផ្ទៃពោះ)។

ក្រោយរឿងរ៉ាវទំនាក់ទំនងស្នេហានេះ ត្រូវបានហាមឃាត់ ព្រះនាងនិងបុរសជារាស្រ្តនោះ ក៏បានសម្រេចចិត្តពង្រត់គ្នា រហូតមកដល់រូងភ្នំថាំហ្លួងនេះ ធ្វើជាជម្រកស្នាក់អាស្រ័យនៅទីនោះតែម្តង។

លុះនៅថ្ងៃមួយ នៅពេលដែលបុរសជាប្តី បានចេញទៅរកអាហារ ផ្លែឈើ ក៏ស្រាប់តែត្រូវបានកងទ័ពសេនារបស់ព្រះបិតាព្រះនាងចាប់បាន និងសម្លាប់ចោល។ ក្រោយដឹងថាបុរសជាស្វាមីរបស់ទ្រង់បានស្លាប់ ព្រះនាងក៏បានសម្រេចហទ័យ ចាក់សម្លាប់ខ្លួនទ្រង់នៅក្នុងរូងភ្នំនោះ។

រឿងព្រេងបុរាណនេះ បានដំណាលទៀតថា នៅពេលនោះឈាមរបស់ព្រះនាង ក៏បានក្លាយទៅជាទឹកហូរកាត់តាមរូងភ្នំ ខណៈដែលខ្លួនប្រាណរបស់ទ្រង់វិញ ក៏ស្រាប់តែប្រែក្លាយជាភ្នំព័ទ្ធជុំវិញរូងភ្នំនោះ ដែលមើលទៅមានរូបរាងប្រៀបបីដូចជាមនុស្សស្រីកំពុងតែដេក។

សាច់ញាតិក្មេងៗបាត់ខ្លួនធ្វើការបួងសួង
សាច់ញាតិក្មេងៗបាត់ខ្លួនធ្វើការបួងសួង

គួរឲ្យដឹងផងដែរថា ក្រុមគ្រួសារសាច់ញាតិក្មេងៗរងគ្រោះជាច្រើន រួមទាំងព្រះសង្ឃ បាននាំគ្នានិមន្តធ្វើពិធីសែនព្រេងទៅតាមជំនឿ ដើម្បីគោរពដល់ព្រះម៉ែ Jao Mae Nang Non ដែលថែរក្សានៅរូងភ្នំនោះ ធ្វើការបួងសួងសុំខមាលទោស ដើម្បីឲ្យបារមីដ៏ស័ក្ដិសិទ្ធិជួយបង្ហាញ និងនាំយកក្មេងៗទាំងនោះត្រលប់មកវិញផងដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះ គេនៅតែមិនទាន់ឃើញ ការបង្ហាញខ្លួនរបស់ក្មេងៗទាំងនោះនៅឡើយ។ ខណៈដែលក្រុមភ្នាក់ងារជួយសង្គ្រោះ ទាហានជើងទឹកជើងគោកជាច្រើន ត្រូវបានដាក់ពង្រាយទៅជុំវិញតំបន់នោះ ដើម្បីបន្តការរុករកជាបន្តទៀតផងដែរ ៕  

សាច់ញាតិក្មេងៗបាត់ខ្លួនធ្វើការបួងសួង
រូងភ្នំថាំហ្លួង
សាច់ញាតិក្មេងៗបាត់ខ្លួនធ្វើការបួងសួង
រូងភ្នំថាំហ្លួង
រូងភ្នំថាំហ្លួង
រូងភ្នំថាំហ្លួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]