អាមេរិក៖ នៅចម្ងាយប្រាំម៉ៃល៍ (8km) ពីព្រំប្រទល់ រដ្ឋដាកូតាខាងត្បូង (South Dakota) នាតំបន់ដាច់ស្រយ៉ាលប៉ែកខាងជើងនៃ រដ្ឋណេប្រាស្កា (Nebraska) តាមបណ្តោយផ្លូវលំកាត់វាលស្មៅស្ងួតល្វឹងល្វើយ និងវាលស្រូវសាលី ឆ្ពោះទៅទីប្រជុំជននៃក្រុងម៉ូណូវ៉ាយ (Monowi) ដែលគ្រាន់តែជាន់លើពំនូកចំបើង ក៏យើងអាចឃើញទិដ្ឋភាពទាំងស្រុងដែរ។  អ្វីៗគ្រប់យ៉ាងត្រូវបានបោះបង់ចោល មនុស្សម្នាបានរើផ្ទះចេញ នៅសល់តែលោកយាយ Elsie Eiler អាយុ ៨៤ ឆ្នាំម្នាក់គត់។

លោកយាយ Elsie Eiler

ក្រោយស្វាមីលាចាកលោកទៅនៅឆ្នាំ ២០០៤  មិនត្រឹមតែបន្សល់នូវតៀមស្រា ទុកឱ្យលោកយាយគ្រប់គ្រងទេ គឺបន្សល់ក្រុងទាំងមូលតែម្តង។ សព្វថ្ងៃ យោងតាមការធ្វើជំរឿនអាមេរិក ក្រុងម៉ូណូវ៉ាយ ជាទឹកដីអាមេរិកតែមួយគត់ ដែលមានមនុស្សរស់នៅតែម្នាក់ ហើយលោកយាយ Eiler មានតួនាទីជា ចៅហ្វាយក្រុង ស្មៀន អគ្គហិរញ្ញិក (គ្រប់គ្រងលុយជាតិប្រចាំក្រុង) បណ្ណារក្ស (គ្រប់គ្រងបណ្ណាល័យ) និងអ្នកក្រឡុកស្រា។ 

រូបថតលោកយាយ និងស្វាមី
តៀមស្រា និងផ្ទះរបស់លោកយាយ
ព្រះវិហារដែលត្រូវគេបោះបង់ចោល

លោកយាយរស់នៅទីនេះតាំងពីអាយុមួយឆ្នាំកន្លះ ហើយចាប់ផ្តើមនៅម្នាក់ឯង ១៤ឆ្នាំមកហើយ។ រាល់ឆ្នាំគាត់ព្យួរបដាក្នុងតៀមស្រា ដើម្បីឃោសនាការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង រួចបោះឆ្នោតឱ្យខ្លួនឯង។ រដ្ឋតម្រូវឱ្យគាត់បង្កើតផែនការថែទាំផ្លូវក្នុងក្រុងរាល់ឆ្នាំ ដើម្បីធានាការផ្តល់ជំនួយពីរដ្ឋ និងប្រមូលពន្ធប្រហែល ៥០០ដុល្លារក្នុងមួយឆ្នាំពីខ្លួនឯង ដើម្បីឱ្យបង្គោលភ្លើងទាំងបីក្នុងក្រុងនៅភ្លឺភ្លឹបភ្លែត ហើយទឹកនៅតែមានប្រើ។ 

ផ្លូវនៅក្រុងម៉ូណូវ៉ាយ
បង្គោលព្រំប្រទល់ក្រុងម៉ូណូវ៉ាយ

លោកយាយពន្យល់ថា “ពេលខ្ញុំដាក់ពាក្យសុំអាជ្ញាបណ្ណសម្រាប់ស្រា និងថ្នាំជក់របស់ខ្ញុំរាល់ឆ្នាំ រដ្ឋនឹងបញ្ជូនពាក្យសុំទាំងនោះមកលេខាធិការប្រចាំភូមិ ដែលជាខ្ញុំហ្នឹងឯង។ ដូច្នេះ ខ្ញុំទទួលឯកសារក្នុងនាមលេខាភូមិ ចុះហត្ថលេខាក្នុងនាមស្មៀន និងផ្តល់អាជ្ញាបណ្ណឱ្យខ្លួនឯង ក្នុងនាមម្ចាស់តៀមស្រា។

ថ្វីត្បិតតែគាត់រស់នៅម្នាក់ឯងមែន តែគាត់មិនមានអារម្មណ៍កណ្តោចកណ្តែងប៉ុន្មានទេ។ គាត់មានអតិថិជនជាប្រចាំ (ម៉ូយ) ដែលរស់នៅចម្ងាយ ២០-៣០ ម៉ៃល៍ និងភ្ញៀវខ្លះទៀតធ្វើដំណើរ ២០០ ម៉ៃល៍ ពីក្រុងលីនខន (Lincoln) និង ក្រុងអូម៉ាហា (Omaha) ដើម្បីមកលេងគាត់។ លោកយាយបានបញ្ជាក់ថា “អ្នកខ្លះផ្តាំផ្ញើខ្ញុំឱ្យជួយធ្វើអ្វីមួយ អ្នកខ្លះតេមកសួរក្រែងឃើញគ្នាគេ។ វាប្រៀបដូចជាកន្លែងជួបជុំគ្នាអីចឹង។ ខ្ញុំគិតថាគ្រប់គ្នា រួមទាំងខ្ញុំផង ត្រូវការកន្លែងបែបនេះ។ គិតមកដល់ពេលនេះ មានមនុស្សមកពី ៤៧ រដ្ឋ និងមកពីបរទេសប្រហែល ៤១ ឬ ៤២ ប្រទេស។” 

ភ្ញៀវរបស់លោកយាយ
ភ្ញៀវរបស់លោកយាយ
កំណត់ត្រាភ្ញៀវតាមរដ្ឋ និងប្រទេសនានា

តាមពិត លោកយាយមានកូនប្រុសម្នាក់ និងស្រីម្នាក់ តែពួកគេចេញទៅរស់នៅបង្កើតគ្រួសាររៀងៗខ្លួន នៅក្រុងផ្សេងអស់ហើយ។ មិនមែនពួកគេមិនបារម្ភពីលោកយាយទេ តែពួកគេគោរពតាមការសម្រេចចិត្ត របស់លោកយាយដែលពេញចិត្តនឹងជីវិតនៅទីនេះ៕

តើប្រិយមិត្តយល់យ៉ាងណាចំពោះជីវិតបែបនេះរបស់លោកយាយ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]