បញ្ហាក្លិនមាត់ ជារឿងមួយដ៏ធុញទ្រាន់ និងពិបាកដល់សកម្មភាពប្រចាំថ្ងៃ មិនថាការទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារក្តី។  ក្លិនមាត់អាចបណ្តាលមកពីកត្តាជាច្រើនទាំងក្នុងនិងក្រៅ។  ការបរិភោគថ្នាំ ឬអាហារមួយចំនួនក៏អាចបណ្តាលឲ្យកើតក្លិនមាត់ផងដែរ ជាពិសេសបញ្ហាមាត់ធ្មេញ និងប្រព័ន្ធរំលាយអាហារច្រើនតែជាដើមហេតុនៃបញ្ហានេះ។

ខាងក្រោមអ្នកនឹងបានយល់ដឹងអំពីមូលហេតុទាំង៥ យ៉ាង ដែលបង្កឲ្យមានបញ្ហាក្លិនមាត់នេះឯង៖

១. អណ្តាត

អណ្តាត ជាសរីរាង្គនៃប្រព័ន្ធរំលាយអាហារផ្តល់ជាច្រកចូលដំបូងនៃចំណីអាហារ ជាពិសេសវាជាជំរកដ៏ល្អសម្រាប់ការលូតលាស់នៃបាក់តេរីជាច្រើនប្រភេទ។ បាក់តេរីទាំងនេះ កាលណាយើងពុំបានសំអាតវាចេញឲ្យបានត្រឹមត្រូវ និងទៀងទាត់ទេនោះ វានឹងបង្កឲ្យមានជាក្លិនស្អុយតាមរយៈការបំបែកសារធាតុចិញ្ចឹមលើអណ្តាតទៅជាចំណីអាហាររបស់វា។

ដូច្នេះអ្នកគប្បីដុសលើផ្ទៃដណ្តាតផង ក្រោយពេលសំអាតផ្ទៃទំពារួច ព្រោះអណ្តាតក៏ជាប្រភពមួយនៃមេរោគដ៏ច្រើនផងដែរ។ 

ការដុសអណ្តាត

២. រោគផ្តាសាយ

ផ្តាសាយ ធ្វើឲ្យយើងពិបាកដកដង្ហើមតាមច្រមុះ ដែលវាទាមទារឲ្យយើងធ្វើការដកដង្ហើមតាមរយៈមាត់។ អ្នកត្រូវដឹងថា ទឹកមាត់ជាសារធាតុរាវដែលមានផ្ទុកអង់ទីគ័រនិងសារធាតុមួយចំនួនទៀតសម្រាប់សម្លាប់បាក់តេរី និងធ្វើឲ្យមាត់យើងមានសំណើម។ ប៉ុន្តែការដកដង្ហើមតាមមាត់ ងាយធ្វើឲ្យមាត់យើងស្ងួតដែលផ្តល់ឱកាសដល់ពួកបាក់តេរីធ្វើការលូតលាស់ និងបង្កជាក្លិនស្អុយឡើងបាន។ ម្យ៉ាងវិញទៀត បញ្ហាជំងឺផ្លូវដង្ហើម ដូចជាផ្តាសាយ និងជំងឺរលាកទងសួតក៏អាចបង្កឲ្យមានបញ្ហាក្លិនមាត់នេះផងដែរ ។ 

រូបតំណាង

៣. រលាកក្រពះ

ការរលាកក្រពះ មិនបង្កឲ្យមានក្លិនស្អុយឡើយ តែបាក់តេរីដែលបង្កឲ្យមានការរលាក ទើបជាដើមហេតុនៃបញ្ហាក្លិនមាត់។  ការដឹងខ្លួនថាមានបញ្ហារលាកក្រពះ ហើយព្យាបាលទាន់មុនពេលវាបង្កជាជំងឺរុំារ៉ៃ  នោះយើងនឹងចំណាយអស់ថវិកាតិច និងបំបាត់ក្លិនមាត់ទៀតផង។

បាក់តេរីHelicobacter Pylori

៤. ថ្នាំ

ដូចបានរៀបរាប់ខាងលើ ទឹកមាត់មានតួនាទីយ៉ាងសំខាន់ក្នុងការទប់ទល់ និងសម្លាប់មេរោគពីការរីកលូតលាស់ក្នុងមាត់ ហើយវាថែមទាំងបំបាត់ប្រភពចំណីអាហាររបស់មេរោគចោល តាមរយៈលំហូរនិងសារធាតុគីមីរបស់ទឹកមាត់។ បើទោះបីជាយ៉ាងណាក៏ដោយ មានថ្នាំជាង ៤០០ប្រភេទដែលអាចប៉ះពាល់ដល់សកម្មភាពទឹកមាត់។  វាធ្វើឲ្យបរិមាណទឹកមាត់ធ្លាក់ចុះ  នោះផ្តល់ជាពេលវេលាសំរាប់បាក់តេរីធ្វើការលូតលាស់បានយ៉ាងងាយ។

យើងអាចចំណាំបានថា សកម្មភាពទឹកមាត់មិនល្អ ឬហៅថាណឺតនោះ ដោយឃើញទឹកមាត់មានលក្ខណៈអន្តាយៗ ស្អិត និងខាប់។

រូបតំណាង

៥. ធ្មេញប៉ះ

ភាគច្រើន ធ្មេញជាកត្តាចំបងបង្កឲ្យមានក្លិនមាត់។ ជាពិសេស ធ្មេញដែលមានប៉ះបិត ហើយប្រេះ ដែលវាផ្តល់ជារន្ធធ្វើឲ្យកំទេចកំទីចំណីអាហារស្អិតជាប់។ ចំណីអាហារនេះមិនត្រឹមជាប្រភពដ៏សំខាន់សម្រាប់ការលូតលាស់បាក់តេរីប៉ុណ្ណោះទេ  វាថែមទាំងជាច្រកដំបូងដែលបង្កឲ្យមានការពុកធ្មេញទៀតផង។  បើគ្មានការព្យាបាលទេនោះ វានឹងធ្វើស៊ីរហូតដល់សរសៃដែលជាហេតុធ្វើឲ្យធ្មេញខូច។ ធ្មេញខូចនេះ នឹងអាចប៉ះពាល់ដល់ធ្មេញដទៃជាប់ៗវា ហើយនឹងបង្កជាជំងឺអញ្ចាញធ្មេញទៀតផង។

បញ្ហាធ្មេញដែលបានរៀបរាប់ខាងលើ សុទ្ធសឹងតែជាដើមចមនៃបញ្ហាក្លិនមាត់។  ដូច្នេះការណាត់ជួបទន្តបណ្ឌិតជាប្រចាំ ដើម្បីធ្វើរោគវិនិច្ឆ័យរកមើលបញ្ហាទាំងនេះ នឹងជួយទាំងសុខភាពមាត់ធ្មេញ និងបំបាត់បញ្ហាក្លិនមាត់អ្នកបាន៕

ធ្មេញប៉ះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]