ជាការពិតណាស់ មនុស្សមួយចំនួនមិនទាន់ចាស់ផង  ចាប់ផ្តើមរលាកសន្លាក់ដៃជើង រួចបាត់ទៅហើយ។  កត្តាមួយចំនួននៃបញ្ហានេះ គឺអាចបណ្តាលមកពីរបបអាហារប្រចាំថ្ងៃ ដែលជាប្រភេទអាហារវេចខ្ចប់ពីរោងចក្រ សំបូរដោយស្ករសំយោគ និងមានខ្លាញ់មិនល្អជាដើម។  តែពេលខ្លះការរលាកសន្លាក់ដៃជើងក៏អាចបង្កមកពីការឆ្លងមេរោគផងដែរ។

វាមានផលប៉ះពាល់ទៅលើគុណភាពនៃជីវិតប្រចាំថ្ងៃ ដូចជាការធ្វើចលនាមានការលំបាកខ្លាំង  មិនស្រណុកក្នុងចិត្តដោយសារអារម្មណ៍រលាក និងកកិត។  ដូច្នេះ បើអ្នកអាចផ្លាស់ប្តូរទម្លាប់នៃការបរិភោគម្ហូបអាហារប្រចាំថ្ងៃបាន  នោះហានិភ័យនៃការឈឺសន្លាក់នឹងត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតតិចតួចមែនទែន។

ខាងក្រោមនេះ អ្នកនឹងបានយល់ដឹងអំពីអាហារ ៥ប្រភេទ ដែលអាចជួយការពារពីការរលាកសន្លាក់ឆ្អឹងរបស់លោកអ្នកបាន៖ 

១. ប្រេងអូលីវ

ការស្រាវជ្រាវបានឲ្យដឹងថា ប្រជាជាននៃតំបន់មេឌីទែរ៉ាណេ ដែលនិយមប្រើប្រាស់ ប្រេងឆាអូលីវ មានអត្រានៃការរលាកសន្លាក់ឆ្អឹងតិចខ្លាំងស្ទើរតែគ្មាន។ គេបានរកឃើញថា ប្រេងអូលីវសំបូរទៅដោយសារធាតុប្រឆាំងនឹងការរលាកទាំងឡាយ ដោយសារវាជួយកាត់បន្ថយសារធាតុគីមីពិសេសម៉្យាងដែលខ្លួនប្រាណយើងផលិតដើម្បីឲ្យយើងដឹងការឈឺ ឬ រលាក។  សកម្មភាពរបស់សារធាតុរបស់ប្រេងអូលីវប្រឆាំងនឹងការរលាកសន្លាក់ មានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកជំងឺដែលរលាកឆ្អឹង និងសន្លាក់។ 

រូបតំណាង

២. ផ្លែឈើរសជាតិជូរ និងជូរអែម

ផ្លែក្រូច  ទំពាំងបាយជូរ ក្រូចឆ្មារ និងផ្លែម្នាស់ ជាដើម ជាប្រភពនៃវីតាមីនសេ ដែលជាធាតុផ្សំយ៉ាងសំខាន់សម្រាប់ធ្វើការសំយោគផលិតនូវខូឡាជេន។ ជាលិកាខូឡាជេនទាំងនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួសជុល និងសាងសង់ សរសៃឈាមដែលខូចខាត  ឆ្អឹងខ្ចី  កោសិកាភ្ជាប់គន្លាក់ឆ្អឹង  និងឆ្អឹង។ ក្រៅពីនេះ វាជាប្រភពដ៏ល្អសំរាប់ការប្រឆាំងនឹងសារធាតុពុលដែលអាចបង្កឲ្យមានការរលាកជាលិកានិងសរីរាង្គរបស់យើងបាន។ ដូច្នេះការពិសាទឹកក្រូចច្របាច់ ឬ ទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ ជាដើម នឹងអាចជួយដល់សុខភាពសន្លាក់ឆ្អឹងរបស់លោកអ្នកបាន។

រូបតំណាង

៣. ខ្ញី

ខ្ញី ជាប្រភេទមើមដែលសំបូរទៅដោយសារធាតុប្រឆាំងការពារនិងព្យាបាលការរលាកកោសិកាជាទូទៅ។  សារធាតុនេះស្រដៀងទៅនឹងប្រភេទសារធាតុដែលយើងអាចរកបាននៅក្នុងថ្នាំបំបាត់ការឈឺចាប់រលាកដូចជា Aspirin និង Ibuprofen។ លើសពីនេះ វាមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ជាថ្នាំធម្មជាតិបំបាត់អាការផ្តាសាយយ៉ាងលឿនដោយពុំបាច់ត្រូវការថ្នាំ  បំបាត់អារម្មណ៍វិលមុខឈឺក្បាល  ពិសេសទៅទៀត វាជួយការពារពីជំងឺមហារីក។

រូបតំណាង

៤. តែបៃតង

ដូចអ្នកធ្លាប់ឮនិងដឹង តែបៃតងមិនត្រឹមមានកាហ្វេអ៊ីនដែលជំនួយអារម្មណ៍សតិស្មារតីនោះទេ ប៉ុន្តែវាថែមទាំងជាប្រភពនៃសារធាតុប្រឆាំងជាតិពុលដែលបំផ្លាញឲ្យខូចខាតកោសិកាយើង។  ដូច្នេះការហូបតែបៃតងជាប្រចាំ អាចជួយកាត់បន្ថយការរលាកសន្លាក់ដៃជើងយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៥. ខ្ទឹម និងខ្ទឹមបារាំង

មិនសូវជាខុសគ្នាពីម្ហូបអាហារដែលបានរៀបរាប់ខាងលើប៉ុន្មានឡើយ ខ្ទឹមនិងខ្ទឹមបារាំងសំបូរទៅដោយសារធាតុប្រឆាំង នឹងជាតិពុលដែលតែងបង្កើនហានិភ័យរលាកកោសិកាទាំងឡាយ ជាពិសេសកោសិកាគន្លាក់ដៃជើងនេះហើយ។ខ្ទឹម និងខ្ទឹមបារាំងវាជួយរក្សាលំនឹងជាតិស្ករក្នុងខ្លួន  ជំរុញឲ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ  និងប្រឆាំងការឆ្លងជំងឺពីការវិវឌ្ឍនៃជំងឺមហារីកទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]