ខេត្តស្ទឹងត្រែង៖ គូដណ្តឹងថ្មីថ្មោងមួយគូទើបតែភ្ជាប់ ពាក្យបាន៦ថ្ងៃ ព្រមព្រៀងគ្នារួមមេត្រីប្រគល់ខ្លួន ប្រាណ ស្រាប់តែភ្ញាក់ឡើង បាត់អនាគតកូនក្រមុំ ពីលើគ្រែ ទាំងមិនដឹងមូលហេតុ ទុកឲ្យបុរសជាគូអនាគត និងក្រុម គ្រួសារទាំងសងខាងវីវក់វង្វេងក្នុងការតាមស្វែងរក ២ថ្ងៃមកហើយ មិនទាន់មានពន្លឺនៅឡើយ។

ឪពុកខាងប្រុសក៏ដូចជាម្តាយខាងស្រីបានបញ្ចាក់ឲ្យដឹងថា ក្រោយពេលភា្ជប់ពាក្យហើយ កូនប្រុស ស្រី ទាំងពីរ បានស្រឡាញ់គ្នាណាស់មិនដែលឈ្លោះទាស់ខុសពាក្យសម្តីឆ្គាំឆ្គងអ្វីនឹងគ្នាទេ ហើយឈានដល់ទៅរួមមេត្រីនឹង គ្នាមុនថ្ងៃចូលរោងការថែមទៀតផង ហើយពួកគាត់ជាចាស់ទុំក៏មិនថា អីដែរ ព្រោះពួកគេជិតរៀបការទៅហើយ។

លោក កោះ សុខ អាយុ៥១ឆ្នាំ ឪពុកបង្កើតខាងប្រុសបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ពួកគេ (កូនក្រមុំ និងកូនកំលោះ) បាននាំគ្នាមកដេកនៅផ្ទះចំការខាងប្រុសក្នុងភូមិ ឃុំខាងលើស្ទើរពេញមួយយប់ ស្រាប់ តែនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ក្រោយពីដេកលង់លក់អស់មួយស្របក់ធំមក កូនកំលោះ បានភ្ញាក់ពីដំណេក ហើយយកដៃរាវរកគូអនាគតខ្លួន ស្រាប់តែមិនឃើញហើយក៏ផ្អើលឆោឡោឡើង ដោយកូន កំលោះបានបា្រប់ទៅឪពុកម្តាយទាំងសងខាង អំពីការបាត់ខ្លួនកូនក្រមុំមុនថ្ងៃរៀបការចូលមកដល់នេះ។

លោកស្រី ស៊្រៀង លាងឆេង ម្តាយកូនក្រមុំបានបា្រប់ឲ្យដឹងទៀតថា ការបាត់ខ្លួនដោយមិនដឹងពីមូលហេតុពិត ប្រាកដបែបនេះ លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថា ការបាត់ខ្លួននេះ មិនដឹងថា កូនស្រីគាត់ចាញ់ បោកគេនាំយកទៅធ្វើបាប លក់ដូរ ឬយ៉ាងណានោះទេ? ម្យ៉ាងទៀតនាងយកទៅជាមួយតែសម្លៀកបំពាក់មួយ ចង្កេះ ជញ្ជៀនភ្ជាប់ពាក្យមួយវង់ និងក្រវឹលមួយគូប៉ុណ្ណោះ ។ លោកស្រី បានសំណូមពរដល់សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើអន្តរាគមន៍ជួយរកកូនស្រី លោក ស្រីផង ចំណែកគ្រួសារខាងប្រុសនៅតែមានខន្តី សណ្តោះប្រណី ស្វាគមន៍ការវិលវិញរបស់កូនក្រមុំជានិច្ច។ ជាមួយគ្នាក្រុមគ្រួសារ ក៏ដូចគូដណ្តឹងបានទទូច សូមឲ្យអនាគតគូគាប់របស់ខ្លួន ត្រឡប់វិញ ដោយមិនមានការប្រកាន់ទោសអូសដំណើរអ្វីនោះទេ ក្នុងចិត្តរបស់គេនៅតែនឹករលឹក និងស្រឡាញ់ពេញបេះដូង។

ក្រុមគ្រួសារក៏បានអំពានាវដល់ប្រជាពលរដ្ឋ ដែលបានស្គាល់ ឬបានឃើញនារី ដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយពន្យល់ ណែនាំ និងនាំរូបនាងត្រឡប់មកផ្ទះវិញផង។

ឪពុកបង្កើតរបស់កូនកំលោះបានបា្រប់ឲ្យដឹងថា កូនប្រុសរបស់លោកឈ្មោះ កោះ វិឈាន អាយុ ២៧ឆ្នាំ រស់នៅ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចំណែកនារីអនាគតកូនក្រមុំឈ្មោះ សៅ សុគន្ធា អាយុ ១៩ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងដូចគ្នា ។

លោក កោះ សុខ បានបន្តឲ្យដឹងទៀតថា ដោយមានការព្រមព្រៀងគ្នារវាងភាគី និងយល់ព្រមពីកូនកំលោះ កូន ក្រមុំ លោកក៏បានចូលសួរនាំ និងស្តីដណ្តឹងកូនក្រមុំ សៅ សុគន្ធា កាលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២កន្លងទៅ ហើយត្រូវចូលរោងការនៅដើមខែមេសា ខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]