ចំពោះគូស្នេហ៍ដែលល្អ និងមានសុភមង្គល មិនមែនប្រើតែពាក្យថាស្រលាញ់ និងនឹកដដែលៗជារៀងរាល់ថ្ងៃតែមួយមុខនោះឡើយ។ ដើម្បីឱ្យស្នេហាកាន់តែរឹងមាំ និងគង់វង្ស គូស្នេហ៍ទាំងពីរនៅមានរឿងរ៉ាវជាច្រើនដែលត្រូវធ្វើ និងពាក្យជាច្រើនដែលត្រូវនិយាយគ្នា។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ថាធ្វើយ៉ាងណាឱ្យចំណងស្នេហានៅបានយូរអង្វែង គូស្នេហ៍ទាំងពីរនាក់ ត្រូវតែប្រាប់ពាក្យទាំងនេះចំពោះគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃដូចជា៖

គូស្នេហ៍ល្អនឹងប្រាប់គ្នានូវរឿងមួយចំនួនជារៀងរាល់ថ្ងៃ

១.ចាំផ្លូវគ្នា និងនឹកដល់គ្នា

គ្រាន់តែប្រាប់គូស្នេហ៍របស់អ្នកថា អ្នកកំពុងតែរង់ចាំគេ និងនឹកដល់គ្នាបន់ឱ្យតែពេលជួបគ្នានោះ នឹងធ្វើឱ្យដៃគូម្ខាងទៀតរបស់អ្នកសប្បាយចិត្តពេញមួយថ្ងៃជាមិនខាន។ ជាពិសេសប្រសិនជាអ្នករវល់ការងារខ្លាំងហើយនៅតែឆ្លៀតប្រាប់អ្នកម្ខាងទៀតនូវពាក្យទាំងនេះទៀតនោះ គេប្រាកដជាមានសេចក្តីសុខដែលអ្នកនៅតែមានគេក្នុងចិត្ត និងទន្ទឹងរង់ចាំគេដើម្បីបានជួបគ្នាឆាប់ៗនេះទៀតផង។

ចាំផ្លូវគ្នា និងនឹកដល់គ្នា

២.យ៉ាងម៉េចហើយ ឬមានអារម្មណ៍បែបណា?

គ្រាន់តែសួរសុខទុក្ខ ចង់ដឹងពីអារម្មណ៍ និងស្ថានភាពដៃគូរបស់អ្នកនោះ គេនឹងមានសេចក្តីសុខ និងរីករាយក្នុងចិត្តជាមិនខាន។ ព្រោះពាក្យនេះសម្តៅទៅលើការបារម្ភ ចង់ដឹងពីសុខទុក្ខ ពីសុខភាពរបស់អ្នក ដែលមានន័យថាស្រលាញ់ និង Care ពីគ្នាខ្លាំង។ តែបើទោះបីជាដៃគូម្ខាងៗមិនហ៊ានប្រាប់គ្នាពីបញ្ហាសុខភាព ឬទុក្ខលំបាកប្រចាំថ្ងៃរបស់ខ្លួនឯង ព្រោះតែខ្លាចភាគីម្ខាងទៀតបារម្ភយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ក៏ត្រូវសួរគ្នាឱ្យដឹង ដើម្បីបញ្ជាក់ពីការស្រលាញ់ដែរ។

យ៉ាងម៉េចហើយ ឬមានអារម្មណ៍បែបណា?

៣.អរគុណ

ពាក្យអរគុណ គឺជាពាក្យសមញ្ញតែមានន័យ និងធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថារីករាយ និងគិតថាខ្លួនឯងជាមនុស្សមានតម្លៃ។ អ្នកគ្រាន់តែប្រើពាក្យអរគុណចំពោះរឿងតូចតាច និងរឿងរ៉ាវផ្សេងៗដែលភាគីម្ខាងទៀតធ្វើចំពោះអ្នកនោះ វាក៏បានបញ្ជាក់ពីការស្រលាញ់ដែលធ្វើឱ្យភាគីម្ខាងទៀតមានក្តីសុខញញឹមបិទមាត់មិនជិតទៀតផង។

អរគុណ

៤.សរសើរគ្នា

អ្នកគួរតែនិយាយសរសើរដៃគូម្ខាងទៀតរបស់អ្នក ថាគេស្រស់ស្អាត ឬសង្ហាជារៀងរាល់ថ្ងៃ ដើម្បីបញ្ជាក់ថាអ្នកនៅតែស្រលាញ់ ពេញចិត្ត និងមិនធុញទ្រាន់ចំពោះដៃគូម្ខាងទៀតឡើយ បើទោះបីជាពេលវេលាដើរទៅមុខមិនឈប់ឈរយ៉ាងណាក៏ដោយ តែសម្រាប់កែវភ្នែកអ្នក អ្នកម្ខាងទៀតនៅតែស្រស់ស្អាត និងគួរឱ្យស្រលាញ់ជានិច្ច។

សរសើរគ្នា

៥.ខ្ញុំជ្រើសយកអ្នក

អ្នកគួរតែឧស្សាហ៍ និងរម្លឹកដៃគូម្ខាងទៀតថា គេជាមនុស្សដែលអ្នកជ្រើសរើស ហើយគ្មានអ្នកណាមកកែប្រែ ឬជំនួសរូបគេបានឡើយ។ ធ្វើយ៉ាងណា ឬនិយាយបែបណាឱ្យភាគីម្ខាងទៀតបានដឹងថា អ្នកទាំងពីរជាគូស្នេហ៍ដែលសាកសមនឹងគ្នា ហើយមិនអាចបែកគ្នាជារៀងរហូត ដោយលើកហេតុផលមួយចំនួនផងដែរ ដែលអ្នកសម្រេចចិត្តជ្រើសរើសដៃគូម្ខាងទៀតជាគូស្នេហ៍។ រឿងងាយៗទាំងនេះហើយនឹងធ្វើឱ្យគូស្នេហ៍របស់អ្នកញញឹមពេញចិត្ត និងមានក្តីសុខនៅក្នុងជីវិតស្នេហាជាមិនខាន។

ខ្ញុំជ្រើសយកអ្នក

៦.ចែករំលែករឿងរ៉ាវទាំងអស់ជាមួយគ្នា

គ្រាន់តែប្រាប់គ្នាតាំងពីរឿងតូចតាច រហូតដល់រឿងធំដុំ និយាយរួមគឺប្រាប់គ្នានូវគ្រប់រឿងដែលអ្នកបានធ្វើ និងជួបប្រទះជារៀងរាល់ថ្ងៃ ទៅដល់ដៃគូម្ខាងទៀតនោះ គេប្រាកដជារីករាយ សប្បាយចិត្ត មានក្តីសុខ និងគិតថាខ្លួនឯងជាមនុស្សសំខាន់ និងមានតម្លៃម្នាក់នៅក្នុងជីវិតដែលខ្វះមិនបាន។ បន្ថែមពីនេះ ការឧស្សាហ៍និយាយគ្នា ឬប្រាប់គ្នានូវរឿងរ៉ាវទាំងនេះអាចធ្វើឱ្យអ្នកទាំងពីរមានអ្វីដែលត្រូវនិយាយគ្នាបន្តទៀត ជាពិសេសអាចយល់ចិត្តគ្នា ជួយគ្នាដោះស្រាយបញ្ហា និងឆ្លងកាត់បទពិសោធន៍ជីវិតរួមគ្នាបន្ថែមទៀតផង។

ចែករំលែករឿងរ៉ាវទាំងអស់ជាមួយគ្នា

៧.តែងតែគិតដល់ថ្ងៃដែល....

អ្នកអាចនិយាយពីអនុស្សាវរីយ៍ និងការចងចាំល្អៗដែលអ្នកបានសាងរួមគ្នាពីមុន មករម្លឹកឡើងវិញ និងប្រាប់គ្នាទៅវិញទៅមក ដើម្បីគាស់យកភាពផ្អែមល្អែម និងសុភមង្គលដែលធ្លាប់ធ្វើរួមគ្នាត្រលប់មកវិញ។ ការឧស្សាហ៍និយាយគ្នាពីរឿងចាស់ៗ ឬអនុស្សាវរីយ៍នៃការណាត់ជួបគ្នាលើកដំបូងថែមទៀតនោះ អាចធ្វើឱ្យអ្នកមានស្នាមញញឹម និងកាន់តែយល់ចិត្តគ្នាដោយសារតែបទពិសោធន៍ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា៕ 

តែងតែគិតដល់ថ្ងៃដែល....

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]