យើងធ្លាប់ដឹងទាក់ទងនឹងអាហារបំប៉នដូចជាគ្រាប់ថ្នាំលេបដែលជួយដល់ខួរក្បាល  ឲ្យការផ្ចង់អារម្មណ៍ស្មារតីបានប្រសើរជាងមុន  ជួយបង្កើននូវការចងចាំ និងសមត្ថភាពក្នុងការគិតពិចារណាជាដើម។ តើប្រភេទថ្នាំទាំងនេះពិតជាមានប្រយោជន៍និងប្រសិទ្ធភាពបែបនេះមែនដែរឬទេ?

សូមប្រិយមិត្តអ្នកអានទាំងឡាយឈប់មានក្តីបារម្មណ៍ក្នុងការចំណាយថវិកាយ៉ាងច្រើនតទៅទៀត។ ព្រោះអាហារដែលនឹងរៀបរាប់ទាំង ៥ប្រភេទខាងក្រោម  នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនបែបធម្មជាតិ ជួយដល់បញ្ញាខួរក្បាលរបស់អ្នក។

១. សារធាតុកាហ្វេអ៊ីនអាចជួយអ្នកបាន

មនុស្សភាគតិចណាស់ដែលពុំចូលចិត្តពិសាកាហ្វេជារៀងរាល់ព្រឹក ព្រោះក្នុងកាហ្វេមានផ្ទុកសារធាតុមួយដ៏សំខាន់សំរាប់ខួរក្បាល ដែលវាអាចពញ្ញាក់សតិអារម្មណ៍ ឲ្យមានភាពស្រស់ស្រាយភ្លឺស្វាង និងមានការផ្តោតអារម្មណ៍បានយ៉ាងល្អ។

រូបតំណាង

២. សារជាតិស្ករពិតជាមានសារៈសំខាន់ដល់ខួរក្បាល

អ្នកត្រូវចាំថា ស្ករ  ឬបើហៅតាមវេជ្ជសាស្ត្រថា គ្លុយកូស  ជាប្រភពនៃថាមពលខួរក្បាលរបស់យើងខ្លាំងជាងគេ។  គ្លុយកូសនេះ ខ្លួនប្រាណយើងទទួលបានតាមរយៈការបំលែងចេញពីស្ករគ្រប់ប្រភេទនៃម្ហូបអាហារ ឬភេសជ្ជៈដែលយើងបរិភោគ ហើយទំរង់គ្លុយកូសដែលខួរក្បាលយើងត្រូវការជាចំបង សម្រាប់ធ្វើសកម្មភាពមេតាបូលីសទាំងឡាយក្នុងខ្លួន។  ដូច្នេះហើយបានជានៅពេលអ្នកអស់កំលាំងទាំងរាងកាយក្តី ឬ ខួរក្បាលក្តី ការពិសាទឹកផ្លែឈើក្រូចស្រស់ ឬ ពិសានូវគ្រឿងភេសជ្ជៈកំប៉ុងក្តី អាចជួយផ្តល់ជាកំលាំងថាមពលដល់ខួរក្បាល និងបង្កើនសមត្ថភាពការគិតបានមួយរយៈពេលដែរ។

៣. ការបរិភោគអាហារពេលព្រឹក ពិតជាមិនគួររំលង 

មនុស្សភាគច្រើន ពុំយល់ដឹងច្បាស់អំពីអត្ថប្រយោជន៍នៃការបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃ។ ការសិក្សាជាច្រើនបានសរបញ្ជាក់ឲ្យឃើញថា ការបរិភោគអាហារពេលព្រឹកពិតជាបានជួយដល់ការចងចាំ និងការយកចិត្តទុកដាក់ឲ្យមានភាពល្អប្រសើរជាងមុន។

គេបានសិក្សាទៅលើសំណាកសិស្សចំនួនពីរក្រុម ដោយមួយក្រុមបរិភោគនូវអាហារពេលព្រឹកបានទៀងទាត់ ហើយមួយក្រុមទៀត ពុំបានបរិភោគត្រឹមត្រូវឡើយ។ ជាលទ្ធផលគេឃើញថា សិស្សមួយក្រុមដំបូងមានភាពជោគជ័យក្នុងការសិក្សាប្រចាំថ្ងៃប្រសើរជាងសិស្សក្រុមទី២។

អាហារពេលព្រឹកដែលគេបានសិក្សាស្រាវជា្រវ ហើយយើងគួរបញ្ចូលក្នុងរបបអាហារនោះគួរមាន នូវអាហារផ្លែឈើសំបូរជាតិសរសៃដូចជា ផ្លែចេក ផ្លែបី ការ៉ុត ស្រ្តុប៊ឺរី សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងបន្លែបៃតងជាដើម។ 

រូបតំណាង

៤. សាច់ត្រីជាចំណីអាហាររបស់ខួរក្បាល

ប្រភពប្រូតេអ៊ីនមួយដ៏សំខាន់ដែលជួយដល់ការបង្កើតកោសិកាថ្មីនៃខួរក្បាល អាចរកបានក្នុងសាច់ត្រី ជាពិសេសខ្លាញ់ត្រី Omega។  ប្រភេទខ្លាញ់ត្រីមួយនេះ ជាខ្លាញ់ដែលផ្តល់សុខភាពល្អខ្លាំងជាងគេបំផុតដល់រាងកាយយើង  ជាពិសេសសុខភាពខួរក្បាលតែម្តង។  របបអាហារនៃសាច់ត្រីដែលសំបូរសារជាតិខ្លាញ់ Omega  អាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍជំងឺសរសៃប្រសាទ និងជួយកាត់បន្ថយនូវការធ្លាក់ចុះនៃសមត្ថភាពខួរក្បាលទៀតផង។

ក្រៅពីការជួយបង្កើននូវការចងចាំ  និងបញ្ញា  ខ្លាញ់ត្រី Omega មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រានៃការកើតជំងឺពុកឆ្អឹង ឈឺសន្លាក់ ជំងឺមហារីកមួយចំនួន និងជំងឺបេះដូងទៀតផង។ 

រូបតំណាង

៥. ការរួមបញ្ចូលគ្រាប់ធញ្ញជាតិ និងសូកូឡាក្នុងរបបអាហារ

ការបរិភោគសូកូឡា និងគ្រាប់ធញ្ញជាតិ  ជាប្រភពដ៏ល្អនៃវីតាមីន E ដែលមានតួនាទីដ៏ចំបងក្នុងការប្រឆាំងនឹងការខូចខាតកោសិកា ដែលបង្កឡើងដោយសារសារធាតុម្យ៉ាងឈ្មោះថា អុកស៊ីដង់។  សារធាតុផលិតបានដោយកោសិកាខ្លួនយើងផ្ទាល់ហើយវាអាចបំផ្លាញនូវជាលិកា រហូតដល់សរីរាង្គទាំងមូលតែម្តង។ ដោយសារលក្ខណៈនេះហើយ វាជាមានសារៈសំខាន់ក្នុងការការពារពុំឲ្យចាស់មុនអាយុ និងបង្កើនការចងចាំ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]