(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្ដែងប្រុសស្រីពីរដួង ដែលកំពុងតែមានប្រជាប្រិយភាព និងត្រូវបានមហាជនសង្ស័យថា អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ក្រោយបានសម្តែងរួមគ្នាយ៉ាងស័ក្តិសម ក្នុងរឿង «អាពាហ៍ពិពាហ៍ចម្លែក» នោះ គឺលោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណឡាង ខណៈថ្មីៗនេះកញ្ញាស្រស់សោភា សុវណ្ណឡាង បានបកស្រាយនូវមន្ទិលសង្ស័យថា នាងនឹងលោក លឹម ជាឡាយ ត្រឹមតែជាមិត្តរួមអាជីពតែប៉ុណ្ណោះ ពោលគឺមិនបានគិតដល់រឿងស្នេហា អ្វីឡើយ។

ជាការកត់សម្គាល់ តារាទាំងពីររូបនេះ កាលពីមួយរយៈមុន ត្រូវបានគេសង្កេតឃើញថា ហាក់បង្ហាញពីភាពស្និទ្ធស្នាលជាមួយគ្នា លើសពីការរាប់អានធម្មតា ហើយតែងតែ បង្ហោះភាពស្និទ្ធស្នាល ដូចគូស្នេហ៍ នៅក្នុងបណ្ដាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រ រហូតមានទស្សនិកជនខ្លះគិតថា ពួកគេអាចជាគូស្នេហ៍ នឹងគ្នាមែនទៀតផង។

ថ្លែងប្រាប់គេហទំព័រ Khmer Talking ក្នុងឱកាសបើកសម្ពោធខ្សែភាពយន្ត រឿង «ចិញ្ចៀនខ្មោច» តារាស្រីសម្រស់ឆើតឆាយ សាយមន្តស្នេហ៍ អស់គ្រប់បុរសទាំងឡាយ កញ្ញា គៀត សុវណ្ណឡាង បាននិយាយទាំងទឹកមុខញញឹមស្រស់ថា ទំនាក់ទំនងរវាងនាងនឹងលោក លឹម ជាឡាយ គឺដូចនាងប្រាប់តាំងពីដើមមកអ៊ីចឹង គឺគ្មានទំនាក់ទំនងអ្វីលើសពីនេះទេ គឺពួកគេជាដៃគូសម្តែងជាមួយគ្នា។ ម្យ៉ាងវិញទៀតពួកគេ សម្តែងជាមួយគ្នាសម ដូចដែលការលើកឡើងពីសំណាក់ទស្សនិកជនថា នាងនិងលោក លឹម ជាឡាយ សម្តែងជាមួយគ្នាពិតជាស័ក្តិសម ទើបធ្វើឲ្យមានការសង្ស័យបែបនេះ។

ស្រីស្រស់ គៀត សុវណ្ណឡាង និយាយថា «បន្ទាប់មកក៏មានទស្សនិកជនខ្លះសួរថា ហេតុអ្វីបានជាមួយរយៈនេះ ពួកខ្ញុំអត់សូវ Live ជាមួយគ្នា ឬក៏នៅជិតគ្នា គឺដោយសារតែមួយរយៈនេះ បងឡាយ គាត់រវល់ច្រើន គឺជាប់សម្តែងទាំងរឿងដុំ និងរឿងភាគ ណាមួយពួកខ្ញុំអត់មានរឿងអ្វី ត្រូវសម្តែងជាមួយគ្នា ប៉ុន្តែកាលមុនគ្រាន់តែពួកខ្ញុំ ថតគៀកគ្នាពីររឿងជាប់គ្នា ហ្នឹង ខ្ញុំមានពេល Live វីដេអូ ជាមួយគ្នា។ ជាមួយគ្នានេះ ដោយសារតែពួកខ្ញុំថតរូបជាមួយគ្នា ស័ក្តិសម អ៊ឹចឹងធ្វើឲ្យទស្សនិកជនយល់ច្រឡំថា ពួកខ្ញុំមានទំនាក់ទំនងជាមួយគ្នា ហើយដូចដែលខ្ញុំបញ្ជាក់ពីដំបូង គឺខ្ញុំ និងបងឡាយ គ្រាន់តែជាមិត្តរួមអាជីពតែប៉ុណ្ណោះ ទោះបីជាមានទស្សនិកជន របស់ពួកខ្ញុំភាគច្រើននិយាយថា បើពួកខ្ញុំរៀបការ ប្រាកដជាល្អ ព្រោះស័ក្តិសមនឹងគ្នាក៏ដោយ»។

យ៉ាងណមិញ ពាក់ព័ន្ធនឹងរឿងនេះផងដែរ ទោះបីជាធ្លាប់មានការបកស្រាយ ពីលោក លឹម ជាឡាយ កន្លងមក និងពេលនេះ កញ្ញា គៀត សុវណ្ណឡាង បានបញ្ជាក់ថា ខ្លួនគ្មានទំនាក់ទំនងអ្វីពិសេស ជាមួយគ្នាក៏ដោយ ប៉ុន្តែទស្សនិកជនរបស់អ្នកទាំងពីរភាគច្រើន ហាក់មិនបានយកចិត្តទុកដាក់ ជាមួយនឹងការបកស្រាយទាំងនេះទេ ពោលគឺពួកគេចាត់ទុកថា ការបកស្រាយនេះ ហាក់បីដូចជា គ្រាន់តែជាការលាក់បាំងតែប៉ុណ្ណោះ ខណៈតារាប្រុសស្រីពីរូបនេះ មានភាពស្និទ្ធស្នាលខ្លាំង លើសពីមិត្តធម្មតាទៅហើយ។

គួរបញ្ជាក់ថា កញ្ញា គៀត សុវណ្ណឡាង គឺជាតារាសម្តែងស្រីមួយដួង មានទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ខណៈរាល់កម្មវិធីតូចធំនានា នាងតែងតែបង្ហាញវត្តមានជានិច្ច និងស្នាដៃសម្តែងរបស់នាង គឺទទួលការកោតសរសើរថា មានទេពកោសល្យក្នុងការសម្តែង ដោយទទួលបានការគាំទ្រជាច្រើន៕

លឹម ជាឡាយ និង គៀត សុវណ្ណឡាង
លឹម ជាឡាយ និង គៀត សុវណ្ណឡាង
លឹម ជាឡាយ និង គៀត សុវណ្ណឡាង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លឹម ជាឡាយ