រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​​បាន​រង​របួស​​រយ​ះ​ប្រអប់ដៃ​ឆ្វេង​ដេរ​ជាង​១០​ថ្នេរ ខណៈ​ពេល​កំពុង​តែ​រើ​ដុំ​ថ្ម​នៅ​លើ​ព្រំ​ដី​ចេញ​យក​កន្លែង​ចាក់​សាប ស្រាប់តែ​មានរឿង​ឈ្លោះប្រកែក​គ្នា​​ជា​មួយ​អ្នក​ជិត​ខាង​​​​​​​​​​​​​រហូត​ប្រើ​អំពើ​ហិង្សា​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ មីនា នៅ​ក្នុងផ្ទះ​វីឡា​លេខ​៩០ ផ្លូវ​លេខ​​៣១៥ ក្រុម​​៣៣ ​ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះគឹ​ម គី​ម​ស្រួល អាយុ​៤៩​ឆ្នាំ ជាអ្នក​លក់ដូរ​បន្ដិចបន្ដួច​នៅ​នឹង​ផ្ទះ​ស្នាក់​នៅ​ខាងលើបានឱ្យ​ដឹង​ថា ក្នុង​វីឡា​នេះ​មាន​២០​គ្រួសារ​​​រស់នៅ​ ដោយខណ្ឌ​​ចែក​គ្នា ប៉ុន្ដែ​មិន​មាន​របង​​​អ្វី​ទេ ហើយ​ផ្ទះ​របស់​គាត់​នៅ​ជាប់​ព្រំ​គ្នា​ជា​មួយ​​ឈ្មោះ​ទូច សា​មិត្ដ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជាជាង​ជួសជុល​រថយន្ដ។ ប្រភព​ដដែល​បន្ដ​ថា ព្រំ​ដី​របស់​គាត់​និង​ឈ្មោះ​ទូច សា​មិត្ដ នៅ​ជាប់​គ្នា ហើយ​ឈ្មោះ​ទូច សា​មិត្ដ បាន​យក​ដុំ​ថ្ម​ដាក់គរ​នៅ​លើ​ដី​របស់​គាត់ ហើយ​កន្លង​មក​គាត់​បាន​ប្រាប់​ជា​រឿយ​ៗ​ឱ្យ​យក​ដុំ​ថ្ម​នោះ​ចេញ តែ​មិន​ព្រម​យក​ចេញ​សោះ។ លុះ​នៅយប់​កើតហេតុ គាត់​និង​កូនប្រុស​ឈ្មោះ​គិ​ន ភិ​រម្យ អាយុ​២៥​ឆ្នាំ ​​​​​​​​​​​​​បាន​នាំ​គ្នា​រៀបចំ​ចាក់សាប នៅ​មុខ​ផ្ទះ​នោះ ហើយ​ក៏​រើ​យក​ដុំ​ថ្ម​នៅ​ព្រំ​ដី​នោះ​ចេញ ស្រាប់តែ​ឈ្មោះ​ទូច សា​មិត្ដ ចេញ​មក​រារាំង​​មិន​ព្រមឱ្យ​រើ​ទេ ដោយ​និយាយ​ថា ព្រំ​ដី​នេះ​ជា​ដី​របស់​គេ​មិន​ឱ្យ​រើ​ដុំ​ថ្ម​នេះ​ចេញ​ទេ ទើប​ឈ្លោះ​ប្រកែក​គ្នា​រហូត​បង្ក​ជា​ជម្លោះ​កើតឡើង ។

ភ្លាម​ៗ​នោះប្រភព​​បន្ត​​ឱ្យ​ដឹង​ទៀត​​ថា ឈ្មោះ​សំណាង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ត្រូវជា​កូន​ប្រុស​​របស់​ឈ្មោះទូច សា​មិត្ត បាន​ចេញពី​ក្នុងផ្ទះ​យកដាវ​សាំ​ម៉ូ​រៃ​មក​ប្រុង​ចាក់​កូនប្រុស​របស់​គាត់ តែត្រូវ​គាត់​យកដៃ​ទៅ​ចាប់​ជាប់​ ទើប​​​បណ្តាល​ឱ្យ​​មុត​រយះ​បាតដៃ​ឆ្វេង​ហូរ​ឈាម​កក្លាក់​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]