ស៊ុយអែត៖ កូនសៀវភៅៗតូចត្រូវបានគេចែកចាយទៅកាន់គេហដ្ឋាន ៤,៨លានខ្នង ដែលសៀវភៅនីមួយៗបង្ហាញពីវិធីដែលប្រជាជនអាចត្រៀមខ្លួនសម្រាប់ការវាយប្រហារណាមួយពីប្រទេសខាងក្រៅបាន។

រដ្ឋាភិបាលស៊ុយអែតបានចាប់ផ្ដើមធ្វើការចែកចាយខិត្តប័ណ្ណទៅកាន់គេហដ្ឋានដែលមានក្នុងប្រទេសរបស់ខ្លួនជាលើកដំបូង ក្រោយរយៈពេលជាង ១សតវត្សចុងក្រោយមកនេះ។ ហើយក្នុងខិត្តប័ណ្ណទាំងនោះ ពណ៌នាអំពីរបៀបដែលប្រជាជនរបស់គេអាចត្រៀមខ្លួនដើម្បីប្រឈមមុខនឹងសង្គ្រាមបាន។

រូបតំណាង

កូនសៀវភៅដែលមានឈ្មោះថា «Om krisen eller kriget kommer» ដែលមានន័យថា «បើសិនជាមានវិបត្តិ ឬសង្គ្រាម» រៀបរាប់អំពីវិធីដែលប្រជាជនអាចរក្សាវត្ថុចំបាច់ផ្សេងៗបានដូចជាអាហារ ទឹក និងវិធីកម្ដៅជាដើម។ ហើយវាក៏បានរៀបរាប់អំពីរបៀបមើលសញ្ញាប្រកាសអាសន្ន  វិធីរកទីជម្រកការពារគ្រាប់បែក  និងវិធីដែលគេអាចចូលរួមការពារប្រទេសបានទៀតផង។

កូនសៀវភៅដែលមាន ២០ទំព័រនោះក៏រួមមានវិធីដែលប្រជាជនរបស់គេអាចត្រៀមខ្លួនពីការវាយប្រហារដោយក្រុមភេរវកម្ម  ការផ្លាស់ប្ដូរអាកាសធាតុ  និងរបៀបមើលថាអ្វីជាព័ត៌មានក្លែងក្លាយផងដែរ។ 

រូបតំណាង

នៅក្នុងខិត្តប័ណ្ណនោះក៏បានបញ្ជាក់ថា «បើទោះជាស៊ុយអែតជាប្រទេសដែលមានសុវត្ថិភាពជាងប្រទេសផ្សេងៗក៏ដោយ  ក៏នៅតែមានការគំរាមកំហែងផ្សេងៗដល់សន្តិសុខ  និងឯករាជ្យភាពរបស់ប្រទេសយើងដែរ។ បើសិនជាអ្នកត្រៀមខ្លួនបានមុន អ្នកនឹងជួយបង្កើនសមត្ថភាពរបស់ប្រទេសយើងក្នុងការទប់ទល់ជាមួយនឹងឧបសគ្គធំៗបាន»។

ខិត្តប័ណ្ណនោះបានបន្តទៀតថា «បើសិនជាមានការប្រយុទ្ធគ្នា អ្នកទាំងអស់គ្នាមានកាតព្វកិច្ចត្រូវចូលរួម ដោយយើងត្រូវការអ្នកទាំងអស់គ្នាសម្រាប់ការពារប្រទេស»។ «មនុស្សទាំងអស់ដែលមានអាយុចាប់ពី ១៦ ទៅ ៧០ឆ្នាំ អាចនឹងត្រូវបានកោះហៅបើសិនជាមានសង្គ្រាមកើតឡើង»។

រូបតំណាង

ខិត្តប័ណ្ណដែលស្រដៀងគ្នានេះ គឺត្រូវបានគេចែកចាយជាលើកដំបូងតាំងពីឆ្នាំ ១៩៤៣ មកម្ល៉េះ ដែលពេលនោះគឺជាពេលដែលសង្គ្រាមលោកលើកទី២ កំពុងតែរីករាលដាលពាសពេញពិភពលោក។

លោក Dan Eliasson ដែលជាអ្នកគ្រប់គ្រងលើគម្រោងចែកចាយខិត្តប័ណ្ណនេះបាននិយាយថា  «សង្គមយើងគឺងាយរងគ្រោះណាស់ ដូចនេះហើយបុគ្គលម្នាក់ៗគួរត្រៀមខ្លួនគេឲ្យបានល្អ»។

រូបតំណាង

ការចែកខិត្តប័ណ្ណនេះគឺធ្វើឡើងបន្ទាប់ពីមានការជជែកពិភាក្សាពីសន្តិសុខរបស់ប្រទេសនេះ ហើយនឹងការសម្រេចចិត្តមួយដែលថាគេនឹងចូលជាសមាជិកអង្គការ NATO  ឬអត់។  ការពិភាក្សាអំពីសន្តិសុខជាតិរបស់ខ្លួននេះ គឺមានកាន់តែច្រើនឡើងៗបន្ទាប់ពីការគំរាមកំហែងពីប្រទេសរុស្សុីមានកាន់តែខ្លាំងទៅៗ។

ប្រទេសស៊ុយអែតមិនដែលមានសង្គ្រាមជាមួយប្រទេសដទៃ អស់រយៈពេលច្រើនជាង ២០០ឆ្នាំមកហើយ។  នៅក្នុងខិត្តប័ណ្ណនោះ បានបង្ហាញពីការប្ដេជ្ញារបស់គេថា «យើងនឹងមិនចុះចាញ់នោះទេ គ្រប់ព័ត៌មានណាដែលថាស៊ុយអែតចុះចាញ់គឺជារឿងកុហកទាំងអស់»៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]