ប៊ូតង់៖ បុរសសញ្ជាតិប៊ូតង់ម្នាក់ ថ្វីបើជាមនុស្សពិការស្មារតីមិនសូវល្អ ប៉ុន្តែមានទឹកចិត្តតស៊ូជម្នះក្នុងឆាកជីវិត រហូតបានក្លាយខ្លួនជាវិចិត្រករម្នាក់ ដ៏មានឈ្មោះល្បីល្បាញនៅក្នុងតំបន់ ជាពិសេស ទទួលបានការអាណិតស្រលាញ់ និងលើកទឹកចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។

បុរសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Pema Tshering មានអាយុ ៣១ឆ្នាំ រស់នៅក្នុងប្រទេសប៊ូតង់ បានធ្វើរោគវិនិច្ឆ័យកើតមានជំងឺពិការខួរក្បាល បណ្តាលឲ្យទាញអវយវៈដៃជើង ខ្វេងខ្វង់ពិការតាំងពីតូចមកម៉្លេះ។

ងាកទៅអតីតកាលបន្តិច ដោយសារតែ ស្ថានភាពបែបនេះហើយ ទើបលោក Pema ត្រូវបានគ្រួសារលោក ដែលរស់នៅក្នុងភូមិបោះបង់ចោល ប៉ុន្តែជាសំណាងល្អបានជួបអ្នកចិត្តបុណ្យ ជួយទំនុកបម្រុងចិញ្ចឹមបីបាច់ថែរក្សា ជួយឧបត្ថម្ភដល់ការសិក្សា (នៅសាលាសិល្បៈ Institute of Zorig Chusum) រស់នៅជាមួយនឹងភាពតស៊ូលំបាក ទាំងត្រដាបត្រដួស រហូតទាល់តែឃើញពន្លឺនៃជីវិតមកទល់សព្វថ្ងៃនេះ។

លោក Pema Tshering

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា វិចិត្រករវ័យ ៣១ឆ្នាំរូបនេះ ស្ទើរតែពេញមួយជីវិតរបស់លោកទៅហើយ ប្រើតែជើងជំនួសដៃប៉ុណ្ណោះ ក្នុងការបំពេញរាល់សកម្មភាពការងារ និងជីវិតរស់នៅប្រចាំ។

ជាក់ស្តែង ក្នុងជំនាញសព្វថ្ងៃរបស់លោក គឺលោកបានប្រើជើងក្នុងការដាប់ឈើ ពោលគឺ ជើងម្ខាងគាបពន្លាក ឬដែកដាប់ ខណៈឯជើងម្ខាងទៀត គាបញញួរ ដើម្បីដាប់ធ្លាក់លើបន្ទះឈើ ចេញជារូបរាងក្បូរក្បាច់រចនាផ្សេងៗ អមដោយការលាបពណ៌យ៉ាងស្រស់ឆើត និងអក្សរជាដើម។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ចម្លាក់ដុំឈើរបស់លោក Pema ខ្លះ ក៏បានសរសេររំលេចនៃរឿងកំសត់របស់លោក ដែលត្រូវបានឪពុកម្តាយបោះបង់ចោលតាំងពីតូច តែជាសំណាងត្រូវបានជួបអ្នកចិត្តបុណ្យ (លោកហៅថា Queen Mother) ជួយស្រោចស្រង់ជីវិត រហូតធ្វើឲ្យរូបលោកមានថ្ងៃនេះ ហើយក៏ជាហេតុមួយដែលធ្វើឲ្យគ្រប់គ្នា កាន់តែអាណិតស្រលាញ់ លើការតាំងចិត្តតស៊ូយ៉ាងមុតមាំរបស់លោកផងដែរ។

លោក Pema Tshering

សព្វថ្ងៃលោក Pema ត្រូវបានគេរាយការណ៍ថា រស់នៅក្នុងកូនហាងតូចមួយ ជាមួយនឹងការលក់ចម្លាក់ឈើជាច្រើនរបស់ខ្លួន ដើម្បីបានប្រាក់ចិញ្ចឹមជីវិត ស្ថិតក្នុងបរិវេណសារៈមន្ទីរ Simply Bhutan Museum ដែលគេផ្តល់ឲ្យ ក្នុងរដ្ឋធានី Thimphu ប្រទេសប៊ូតង់។

ទន្ទឹមនឹងភាពជោគជ័យមួយជំហាន នឹងមានថវិកាខ្លះៗសម្រាប់ផ្គត់ផ្គង់ខ្លួនឯងនេះ បុរសពិការដ៏មានឆន្ទៈ និងការតស៊ូក្នុងឆាកជីវិតរូបនេះ ក៏ចង់ផ្តល់ប្រាក់មួយចំនួនខ្លះ ទៅឲ្យឪពុកម្តាយដែលធ្លាប់បោះបង់លោកចោល ដែលកំពុងតែរស់នៅឯភូមិផងដែរ។

លោក Pema និយាយថា៖

«ខ្ញុំចង់ជួយឪពុកម្តាយរបស់ខ្ញុំ! ព្រោះប្រសិនណាអ្នកមិនជួយឪពុកម្តាយខ្លួនឯងទេ អ្នកជាមនុស្សអាត្មានិយមបំផុត។ ប្រសិនបើអ្នកមិនគោរអ្នកមានគុណ នោះការងារអ្វីក៏ដោយ ក៏អ្នកមិនអាចសម្រេចជោគជ័យបានដែរ» ។

លោកបន្តថា៖

«ខ្ញុំមិនខឹងនឹងពួកគាត់ទេ ដែលបោះបង់ខ្ញុំចោល ប៉ុន្តែខ្ញុំគ្រាន់តែមានអារម្មណ៍ថាឯកា និងក្រៀមក្រំតែប៉ុណ្ណោះ។ ខ្ញុំអាចនឹងសប្បាយរីករាយជាងនេះ ប្រសិនណាបើពួកគាត់យកខ្ញុំទៅដាក់នៅសាលា ជាជាងបោះបង់ខ្ញុំចោល» ។

ជាចុងក្រោយ លោក Pema និយាយថា បច្ចុប្បន្នឪពុកម្តាយរបស់លោក គឺពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលឃើញរូបលោកបែបនេះ។

លោកថា ថ្វីបើខ្លួនជាមនុស្សពិការ មានស្ថានភាពលំបាកបែបនេះក៏ពិតមែន ប៉ុន្តែក្តីស្រមៃដ៏ធំធេងរបស់លោកទៅថ្ងៃអនាគត គឺលោកចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកសិល្បៈមួយនេះខ្លាំងណាស់ (ដាប់ ឆ្លាក់ឈើ) ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានចេះដឹងជាបន្ត ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

សកម្មភាពដាប់ឈើរបស់លោក Pema
ផ្ទាំងគំនូររបស់លោក Pema Tshering
លោក Pema Tshering

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]