តាមការស្រាវជ្រាវថ្មីមួយបានរកឃើញថា ម្ដាយដែលទទួលទានជាតិស្ករច្រើនក្នុងពេលមានផ្ទៃពោះ អាចជះផលប៉ះពាល់អាក្រក់ដល់ប្រាជ្ញារបស់ទារកបាន ផ្ទុយទៅវិញបើសិនជាគេទទួលទានផ្លែឈើច្រើនវិញ ក៏អាចជួយបង្កើនប្រាជ្ញាទារកបានផងដែរ។

នៅក្នុងការស្រាវជ្រាវថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះ ដែលអ្នកស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យនៃស្ត្រីមានផ្ទៃពោះចំនួន ១ពាន់នាក់ក្នុងកំឡុងឆ្នាំ ១៩៩៩ ដល់ ២០០២។ គេបានរកឃើញថា ប្រាជ្ញាមិនល្អរបស់ទារកមានការពាក់ព័ន្ធគ្នាជាមួយនឹងការទទួលទានជាតិស្ករច្រើនរបស់ម្ដាយ។  គេក៏បានរកឃើញដែរថា កូនក្មេងដែលទទួលទានជាតិស្ករច្រើន ក៏មានផលប៉ះពាល់ដូចគ្នាដែរ។ គេបានបន្តទៀតថាកូនក្មេងទាំងនោះមានបញ្ហាក្នុងការចងចាំ និងការរៀនប្រើប្រាស់ពាក្យ។

រូបតំណាង

លើសពីនេះទៅទៀត គេបានរកឃើញថាការបរិភោគផ្លែឈើដោយកុមារ និងស្ត្រីមានផ្ទៃពោះអាចជួយបង្កើនការចងចាំបាន  និងជួយឲ្យក្មេងនោះអាចរៀនចេះនិយាយបានលឿនទៀតផង។ ទោះជាយ៉ាងណាក្ដី គេមិនបានរកឃើញថាការទទួលទានទឹកផ្លែឈើ អាចផ្ដល់ផលប្រយោជន៍ដូចគ្នាឬអត់នោះទេ។

រូបតំណាង

គេមិនបានរកឃើញពីហេតុផលជាក់លាក់មួយដែលនាំឲ្យមានការទាក់ទងគ្នាបែបនេះនោះទេ ក៏ប៉ុន្តែគេអាចដឹងថា ខួរក្បាលជាផ្នែកមួយនៃរាងកាយដែលទាមទារថាមពលខ្លាំងជាងគេ ហើយជាតិគ្លុយកូស ដែលជាប្រភេទម្យ៉ាងនៃស្ករ គឺត្រូវបានប្រើដើម្បីផ្ដល់ថាមពលឲ្យខួរក្បាល។  ទោះជាយ៉ាងណាក៏ដោយ ជាតិគ្លុយកូសច្រើនពេកអាចមានផលប៉ះពាល់ដល់ខួរក្បាលវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]