ខេត្តមណ្ឌលគិរី ៖ ដំរីស្រុកមួយក្បាល ត្រូវបានគេប្រទះឃើញដួលសន្លប់នៅមាត់អូរតេ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី២១ មេសា នេះ ស្ថិតនៅភូមិពូតាំង សង្កាត់
រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ដំរីនេះគេស្គាល់ឈ្មោះថា «បឹក គុក» អាយុ៣៥ឆ្នាំ ដែលមានម្ចាស់ឈ្មោះ ចុច ចេល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
បើតាមលោក យ៉េន សុងហាន អធិការរងនគរបាលក្រុងសែនមនោរម្យបានឱ្យដឹងថា ពិតជាមានករណីដំរីដួលសន្លប់ងើបមិនរួចពិតមែន។ ក្រោយទទួលបានព័ត៌មាននេះ នគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារភូមិ នឹងអ្នកភូមិជាច្រើននាក់ចុះទៅកន្លែងកើតហេតុ ។
លោកថា នៅពេលចុះទៅដល់ទីតាំងនោះ គេបានឃើញដំរីឈ្មោលដ៏ធំបានដលសន្លប់មិនដឹងខ្លួនបានត់ទៅហើយ ទំនងមកពីកង្វះអាហារប្រចាំថ្ងៃ ដោយសារកាលពីមួយខែមុន ដំរីឈ្មោះនេះ បានចុះប្រេងហើយត្រូវបានក្រុមជំនាញខាងសត្វដំរីបាញ់ថ្នាំបង្ក្រាបនឹងបន្សាបភាពកាចសាហាវអំឡុងពេលវាចុះប្រេង។ បន្ទាប់ពីទទួលការព្យាបាលបន្សាបការចុះប្រេងពីក្រុមជំនាញរួចមក ម្ចាស់ដំរីបានយកវាទៅចងនៅទុកនៅមាត់អូរតេចោល នឹងមិនសូវអើតពើជាមួយវាឡើយ ដែលនេះអាចជាមូលហេតុ បណ្តាលឲ្យសុខភាពដំរីចុះខ្សោយរហូតអស់កម្លាំងធ្វើឲ្យសន្លប់តែម្តង។
គួរបញ្ជាក់ថា សត្វដំរីទេសចរ៍ចំនួន៣១ក្បាលហើយ ដែលបានងាប់ជាបន្តបន្ទាប់ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដែលបានបង្ករការព្រួយបារម្ភជាខ្លាំងចំពោះបរិមាណរបស់សត្វមានមាឌធំដ៏កម្រ ដែលបម្រើដល់វិស័យទេសចរណ៏នាពេលអនាគត។ហើយស្ទើរ១០០%សត្វដំរីទេសចរណ៏ទាំងនោះ មិនអាចបង្កើតកូនចៅបាន ដោយសារតែប្រពៃណីដ៏តឹងតែងរបស់បងប្អូនជនជាតិដើមភាគតិច។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]