ចិន៖ លោក Cai Yujun ជាអ្នកដឹកជញ្ជូនទំនិញមួយរូបមកពី ទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ 

នៅពេលដែលលោកទៅធ្វើការម្តងៗ លោកតែងតែដឹកម្តាយ ដែលកើតជំងឺភ្លេចភ្លាំងទៅជាមួយគ្នាជានិច្ច ហើយរឿងបែបនេះ បានកើតឡើង៧ឆ្នាំកន្លងមកហើយ។ 

លោកបានដាក់ម្តាយរបស់លោកឲ្យអង្គុយនៅខាងក្រោយកង់អគ្គីសនី ខណៈដែលលោកត្រូវដឹកទំនិញទៅហាងលក់កុំព្យូទ័រនៅក្នុងតំបន់នោះ។

លោក Cai ដឹកម្តាយដែលកើតជំងឺភ្លេចភ្លាំង ទៅធ្វើការជាមួយគ្នាជាង៧ឆ្នាំ

ដើម្បីឲ្យអ្នកមានគុណរបស់លោកអាចអង្គុយបានយ៉ាងស្រួលនោះ លោក Cai បានកែច្នៃកង់អគ្គីសនីរបស់លោកបន្ថែមផងដែរ ដូចជាចងបន្ទះក្តារត្រង់កន្លែងអង្គុយឲ្យធំជាងមុន និងចងបន្ទះឈើ២ដើម ដើម្បីងាយស្រួលដាក់ជើង ហើយថែមទាំងមានខ្សែចងចង្កេះដើម្បីធានាសុវត្ថិភាពថែមទៀតផង។

បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន The Cover បានឲ្យដឹងថា អ្នកស្រី Yang Suxiu ដែលត្រូវជាម្តាយរូបនេះ បានកើតជំងឺភ្លេចភ្លាំងតាំងពី ៧ឆ្នាំមុនម្ល៉េះ ហើយចាប់តាំងពីពេលនោះមក អ្នកស្រីមិនអាចមើលថែខ្លួនឯងបានទេ។

លោក Cai ដឹកម្តាយដែលកើតជំងឺភ្លេចភ្លាំង ទៅធ្វើការជាមួយគ្នាជាង៧ឆ្នាំ

លោក Cai បានប្រាប់ទៅកាន់សារព័ត៌មាន The Cover ថា៖

«ម្តាយរបស់ខ្ញុំបានលះបង់គ្រប់យ៉ាងដើម្បីគ្រួសារ។ វាគឺជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងការថែរក្សាគាត់ឲ្យបានល្អ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។»

គួរបញ្ជាក់ថា លោក Cai បានមករស់នៅក្នុងទីក្រុង Chengdu ជាមួយគ្រួសារតាំងពី២០ឆ្នាំមុនមកម្ល៉េះ ហើយលោក និងភរិយារបស់លោក ធ្វើការជាអ្នកនាំសំបុត្រនៅក្នុងហាងលក់កុំព្យូទ័រមួយក្នុងតំបន់។ ប៉ុន្តែដោយសារម្តាយរបស់លោកទៅជាបែបនេះ ទើបជារៀងរាល់ឆ្នាំ ចាប់ពីខែមករា ដល់មេសា លោកត្រូវនាំម្តាយទៅធ្វើការជាមួយគ្នាជានិច្ច ហើយការដែលធ្វើបែបនេះ មិនមែនជារឿងងាយនោះទេ។

លោក Cai ដឹកម្តាយដែលកើតជំងឺភ្លេចភ្លាំង ទៅធ្វើការជាមួយគ្នាជាង៧ឆ្នាំ

លោក Cai បាននិយាយថា៖

«នៅពេលដែលពួកយើងដឹកទំនិញទៅអគារការិយាល័យនោះ សន្តិសុខតែងតែបដិសេធមិនឲ្យម្តាយរបស់ខ្ញុំចូលឡើយ។ បន្ទាប់មក ខ្ញុំក៏សួរគេថា គេអាចមើលថែគាត់ជំនួសខ្ញុំបានទេ? បើសិនជាមិនបានទេ នៅពេលដែលមានរឿងអ្វីកើតឡើង គេជាអ្នកទទួលខុសត្រូវមែនទេ?»
លោក Cai ដឹកម្តាយដែលកើតជំងឺភ្លេចភ្លាំង ទៅធ្វើការជាមួយគ្នាជាង៧ឆ្នាំ

ក្រោយមក ដោយសារតែឃើញភាពអត់ធ្មត់របស់ លោក Cai សន្តិសុខទាំងនោះ តែងតែអនុញ្ញាតឲ្យម្តាយរបស់លោកចូលទៅក្នុងអគារជានិច្ច។

លោក Cai តែងតែយកទំនិញទៅឲ្យភ្ញៀវដោយដៃម្ខាង និងដៃម្ខាងទៀតកាន់ជាប់ជាមួយដៃរបស់ម្តាយលោកជានិច្ច។ រឿងរ៉ាវរបស់លោក Cai បានជ្រួតជ្រាប និងដឹងឮទៅគ្រប់មិត្តរួមការងារ ហើយពួកគេតែងតែជួយមើលថែម្តាយរបស់លោក នៅពេលដែលលោកជាប់កាតព្វកិច្ចផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]