ការប្រើប្រាស់ឡែនភ្នែក (Contact lenses) វាជារឿងមួយដ៏ពេញនិយមបំផុតសម្រាប់សុភាពនារីនាពេលបច្ចុប្បន្ន។ ដោយសារពួកគេគិតថា ការប្រើប្រាស់កែវភ្នែកបែបនេះវាធ្វើឲ្យសម្រស់របស់ពួកគេកាន់តែមានភាពលេចធ្លោ មើលទៅស្អាតប្លែក និងគួរឲ្យទាក់ទាញ។

ដោយឡែក អ្វីដែលមនុស្សមួយចំនួនកំពុងមើលរំលងនោះ គឺការប្រើប្រាស់មិនបានត្រឹមត្រួវ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ភ្នែកខ្លាំងណាស់។

ហេតុនេះហើយ ដើម្បីចៀសវាងមានបញ្ហាដល់ភ្នែករបស់អ្នក ចូរចៀសវាងកំហុសដូចខាងក្រោម៖

១/ ការពាក់ឡែនភ្នែករយៈពេលយូរពេក

ការប្រើប្រាស់ឡែនភ្នែកក្នុងរយៈពេលយូរពេក អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែកដូចជាការឆ្លងរោគ និងអាចធ្វើឲ្យភ្នែកមើលមិនឃើញ ព្រោះវាមានទំនាក់ទំនងជាមួយនឹងសរសៃឈាមដែលទៅចិញ្ចឹមកែវភ្នែករបស់អ្នក។ ហេតុនេះហើយ រឿងដ៏ល្អបំផុតនោះ អ្នកមិនគួរពាក់ឡែនភ្នែករយៈពេលយូរពេកនោះទេ។

រូបភាពតំណាង

២/ គេងដោយពុំដោះយកឡែនភ្នែកចេញ

ការគេងដោយមិនដោះយកឡែនចេញពីភ្នែកជាកំហុសឆ្គងមួយ ដែលអ្នកមិនគួរមើលរំលង ព្រោះវាទាក់ទងទៅនឹងអុកស៊ីសែន ដែលទៅចិញ្ចឹមកែវភ្នែករបស់អ្នក ហើយបើកាលណាអ្នកមិនដោះយកឡែនភ្នែកចេញនៅពេលគេងវាអាចងាយនឹងធ្វើឲ្យភ្នែករលាក ឈឺ និងថែមទាំងអាចឆ្លងរោគធ្ងន់ធ្ងរទៀតផង។ ជាការពិតអ្នកដែលគេងជាមួយនឹងឡែនភ្នែក នៅពេលដែលពួកគេភ្ញាក់ឡើងភ្នែកនឹងមានសភាពស្ងួត និងមើលមិនសូវច្បាស់ថែមទៀត។

៣/ ពាក់ឡែនភ្នែកនៅពេលងូតទឹក

នៅក្នុងករណីនេះ អ្នកចាំបាច់ត្រូវចៀសវាងផងដែរ ព្រោះទឹកដែលអ្នកងូតគឺមានផ្ទុកនូវបាក់តេរីច្រើនប្រភេទដែលអាចងាយនឹងឆ្លងទៅក្នុងភ្នែករបស់អ្នក។ ដូច្នេះហើយ អ្នកគួរតែដោះឡែនចេញពីភ្នែកមុននឹងងូតទឹកដើម្បីចៀសវាងបញ្ហាដល់ភ្នែក។

រូបភាពតំណាង

៤/ ការប្រើប្រាស់ទឹកធម្មតាលាងសម្អាតឡែនភ្នែក

កំហុសក៏អាក្រក់មួយ ដែលមនុស្សមួយចំនួនបានធ្វើនោះគឺការប្រើប្រាស់ទឹកម៉ាស៊ីន ឬទឹកធម្មតាលាងសម្អាតឡែនភ្នែក (ទឹកដែលមិនមែនជាទឹកសម្រាប់លាងឡែនភ្នែក)។ គួរបញ្ជាក់ផងដែរថា ការធ្វើរបៀបនេះវាពិតជាគ្រោះថ្នាក់ដល់ភ្នែករបស់អ្នកខ្លាំងណាស់ ព្រោះបាក់តេរីនៅក្នុងទឹកអាចបង្កឲ្យភ្នែករបស់អ្នកកើតជំងឺពិបាកក្នុងការព្យាបាល។

៥/ ការប្រើប្រាស់ឡែនភ្នែក ដែលហួសថ្ងៃកំណត់

អ្នកត្រូវចៀសវាងការពាក់ឡែនភ្នែកដែលហួសសុពលភាពប្រើប្រាស់ ព្រោះឡែនភ្នែកដែលហួសថ្ងៃកំណត់បានប្រមូលផ្តុំនូវការបង្ករោគជាច្រើន ដែលអាចធ្វើឲ្យភ្នែករបស់អ្នកមានផលប៉ះពាល់។ 

រូបភាពតំណាង

៦/ ការពាក់ឡែនភ្នែកជាមួយនឹងដៃកង្វក់

ដើម្បីចៀសវាងការចម្លងរោគ អ្នកចាំបាច់ត្រូវលាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ ឬទឹកក្តៅឧណ្ហៗ និងដៃត្រូវជូតឲ្យស្ងួត មុនពេលចាប់កាន់ឡែនភ្នែកយកទៅប្រើប្រាស់។

៧/ ការពាក់ឡែនភ្នែកទាំងដែលភ្នែកឈឺ

ចំពោះចំណុចនេះ អ្នកចាំបាច់ត្រូវយកឡែនភ្នែកចេញភ្លាម ប្រសិនបើអ្នកសម្គាល់ឃើញថាភ្នែករបស់អ្នកមានសភាពហើម ក្រហម និង ឈឺ ហើយសូមកុំព្យាយាមទ្រាំពាក់វានៅក្នុងភ្នែកបន្តទៀត។ ប៉ុន្តែអាការទាំងនេះវាអាចបណ្តាលមកពីអ្នកពាក់ឡែនភ្នែកនោះខុសទិសដៅគ្នា ដូច្នេះហើយប្រសិនបើអ្នកធ្វើការផ្លាស់ប្តូរទិសដៅរួចហើយវាមានភាពធូរស្បើយទៅវិញនោះ វាមិនមានអ្វីជាបញ្ហានោះទេ។

រូបភាពតំណាង

៨/ ការរក្សាទុកឡែនភ្នែកទាំងសងខាងមិនបានត្រឹមត្រូវ

ជាការពិតនៅក្រោយពេលអ្នកប្រើប្រាស់ឡែនភ្នែករួច អ្នកចាំបាច់ត្រូវដោះវាលាងសម្អាតជាមួយនឹងទឹកសម្អាតឡែនមុនពេលរក្សាវាទុកនៅក្នុងប្រអប់ចិញ្ចឹមឡែន និងទឹកចិញ្ចឹមភ្នែក ហើយជាពិសេសទុកដាក់នៅកន្លែងឲ្យបានត្រឹមត្រូវ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]