ភ្នំពេញ៖ ស្ត្រីវ័យក្មេងមកពីជនបទនៃប្រទេសកម្ពុជា ត្រូវបានគេជួញដូរដើម្បីរៀបការដោយបង្ខំ នៅ​ប្រទេសចិន។ ថ្ងៃនេះអង្គការ IOM X បាន​​ចាក់​បញ្ចាំង​ខ្សែវីដេអូលើកដំបូងមួយ ដើម្បីលើកកម្ពស់ការអនុវត្ត និងលើក​ទឹកចិត្ត​ស្រ្តីកម្ពុជាវ័យក្មេង ឲ្យធ្វើការស្វែងរកព័ត៌មាន មុនពេលសម្រេចចិត្តរៀបការ ដើម្បី​ទៅរស់នៅក្រៅប្រទេស។

អង្គការ IOM X គឺជាយុទ្ធនាការរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​ ដើម្បីការអភិវឌ្ឍ​អន្តរជាតិ (USAID) ​ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច។

ការរៀបការដោយបង្ខំទៅប្រទេសចិន

ការរៀបការ​ដែលគេរៀបចំឲ្យ​នៅ​ប្រទេស​កម្ពុជា​ គឺ​ជាការអនុវត្ត​ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​សង្គម​ ជាពិសេស​នៅ​តាម​ទីជនបទ ដូច្នេះហើយ​ការរៀបការទៅប្រទេសចិន​ រៀបចំ​ដោយមេខ្យល់​ គឺ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ។ មាន​ស្រ្តី​ជាច្រើន​ទៅ​ប្រទេស​ចិន​ដោយ​ស្ម័គ្រ​ចិ​ត្ត ដោយសារ​តែ​ការ​លួង​លោម​ថា ​នឹង​មាន​ឱកាស​​រក​លុយ​ផ្ញើ​ត្រឡប់​មក​ផ្ទះ​វិញ។

ជារឿយៗ ​ស្រ្តីទាំងនោះ ​ជឿជាក់ថា ពួកគេ​មាន​សិទ្ធិ​ក្នុងការជ្រើសរើសគូស្រករ​ និង​បដិសេធ​អាពាហ៍​​ពិពាហ៍​ ប្រសិនបើពួកគេមិនពេញចិត្ត។ មេខ្យល់ នឹង​ប្រាប់​ដល់​ស្រ្តី​ទាំងនោះ​ថា ​ពួកគេ​នឹង​អាច​ផ្ញើ​​ប្រាក់មក​​ផ្ទះ​ ដោយសារការរៀបការ​ជាមួយ​បុរស​អ្នក​មាន ឬ​អាចធ្វើការ​នៅ​ប្រទេស​ចិន​បាន​។ បើទោះបីជា​​មាន​ស្រ្តី​ជាច្រើន​ចំណាក​ស្រុក​ទៅចិន​ដើម្បី​រៀបការ ហើយ​រីករាយ​នឹង​ជីវិត​របស់​ពួកគេ​នៅ​ទីនោះក៏​ដោយ ប៉ុន្តែស្រ្តីមួយចំនួន ​ត្រូវបាន​បង្ខំ​ឲ្យរៀបការ​ជាមួយ​បុរស​ ដែល​ពួកគេ​មិន​ពេញ​ចិត្ត​។ ស្រ្តីជាច្រើន ​ក៏មិន​បាន​ដឹង​ដែរ​ថា ដើម្បី​អាច​ធ្វើការ​ស្រប​ច្បាប់​នៅ​ប្រទេស​ចិន​បាន ពួកគេ​ត្រូវចុះបញ្ជី​អាពាហ៍ពិពាហ៍​ស្របច្បាប់​របស់ពួកគេ​ ហើយរស់នៅ​​ប្រទេសចិន​បានរយៈពេល​៥ ឆ្នាំជាមុនសិន។

ការពិត​គឺមាន​ភាពខុសគ្នា​ខ្លាំងណាស់ ​ទៅនឹង​អ្វីដែល​គេ​សន្យា​ជាមួយ​ស្រ្តីវ័យក្មេង​ទាំង​នោះ។ ពួកគេ​ជារឿយៗ​ មិនមាន​ជម្រើស​ថា ត្រូវរៀបការ​ជាមួយ​អ្នកណា​ឡើយ ហើយ​ជាទូទៅ​ ត្រូវបាន​គេ​លក់។ ថ្វី​បើ​អ្នក​អនុវត្តច្បាប់​ នៅក្នុងប្រទេ​ស​ចិន​ ​បានបន្ត​កិច្ចប្រឹងប្រែង​ក្នុងបំបាត់ការ​អនុវត្ត​បែប​នេះ​ក៏ដោយ ក៏នៅមានរបាយការណ៍​ជាច្រើ​ន​អំពី​ស្រ្តី​ ដែល​បាន​រៀបការ​ទៅ​ចិននោះ ប្រឈមនឹង​ការកេង​ប្រវ័ញ្ច​​ផ្លូវភេទ ការរំលោភបំពាន ត្រូវបានគេបង្ខំឲ្យធ្វើការងារ ត្រូវបានគេ​ដកហូតយក​ឯកសារ​អត្ត​សញ្ញាណ​ និង​​មិន​ទទួល​បាន​សិទ្ធិ​ជាមូលដ្ឋាន​មួយ​ចំនួន​​របស់​ពួកគេ​ផង​ដែរ។

អង្គការ IOM X ចាប់ដៃគូ​ជាមួយមណ្ឌលព័ត៌មានស្រ្តី (WMC) ផលិតខ្សែភាពយន្តមួយឈ្មោះ «ការចំណាកស្រុកដោយជោគជ័យ»។ WMC គឺជាអង្គការក្រៅរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានមួយ ដែល​មិន​រកប្រាក់​ចំណេញប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជា​មធ្យោបាយ​ដើម្បីសម្រេច​បាននូវ​សមធម៌​យេនឌ័រ​នៅក្នុងប្រទេសកម្ពុជា ដោយឆ្លើយតបទៅនឹងបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ និង​ផ្លូវ​ច្បាប់​​ ដែលពាក់ព័ន្ធនឹងស្រ្តី។

អង្គការ IOM ប្រចាំនៅកម្ពុជា រួមជាមួយនឹង WMC​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្ស (NCCT) ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) ​អង្គការ​ UN-ACT អង្គការ Winrock ​អង្គការជំនួយផ្នែកច្បាប់ដល់ស្រ្តី និងកុមារ LSCW និង​អង្គការCCPCR​ នឹងរៀប​ចំ​កម្មវិ​ធីវិទ្យុ​ ជាឈុតចំនួនបួនលើក ដើម្បីលើកកម្ពស់ចំណេះដឹង​អំពីហានិភ័យ​ នៃការចំណាកស្រុក​តាមរយៈ​ការរៀបការ​ទៅ​ប្រទេស​ចិន ចំណាក​ស្រុក​ដោយ​ភាព​វៃឆ្លាត របៀប​នៃការរៀបចំ​ឯកសារ​ ដើម្បី​ធ្វើ​ចំណាកស្រុក និង​បញ្ហាប្រឈម​ដែលស្រ្តី​ អាចជួបប្រទះ​នៅពេល​ធ្វើចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស។

កម្មវិធីវិទ្យុ​ទាំងបួនលើកនេះ​ នឹងធ្វើឡើង​រៀងរាល់​ថ្ងៃព្រហស្បត៍​ ចាប់ពីម៉ោង 2:10-3:00រសៀល នៅវិទ្យុ​ស្រ្តី​កម្ពុជា FM102 ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 26ខែមេសាទៅ។ កម្មវិធីវិទ្យុនេះ នឹងចាក់ផ្សាយ​ ឡើង​វិញ​​រៀង​រាល់​​ថ្ងៃច័ន្ទចាប់ពីម៉ោង 4:10 ដល់ 4:35នាទី​រសៀល ចាប់ពីថ្ងៃទី​9 មេសា ហើយ​បញ្ចប់​នៅថ្ងៃ​ទី​ 30 មេសា។

វិទ្យុ វាយោ VAYO FM នឹង​ធ្វើការចាក់ផ្សាយនូវការចម្លងកម្មវិធីផ្សាយផងដែរនេះនៅថ្ងៃទី 17, 18, 20, 21, 22និងថ្ងៃទី 30ចាប់ពីម៉ោង 4:10នាទី រសៀល។

ខ្សែវីដេអូនឹងចាក់បញ្ចាំងតាមទូរទស្សន៍ PNN នៅថ្ងៃទី 5 ដល់ 6មេសា ចាប់ពីម៉ោង 7:50 ដល់​8:00 យប់ និងនៅទូរទស្សន៍MyTVនៅថ្ងៃទី 7 ដល់​8មេសា ចាប់ពីម៉ោង 9:10 ដល់​9:20 នាទីព្រឹក។

លើសពីនេះទៅទៀត ​ក្រុមការងារ​របស់​WMC ​នឹង​ធ្វើដំណើរ​ចុះទៅភូមិ​តាអុង ឃុំ​អុង ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី 23 ដល់​26ខែមេសា ដើម្បី​ចាក់បញ្ចាំង​ខ្សែវីដេអូ​នេះ​ទៅ​ដល់​សហគមន៍​ក្នុង​ភូមិនោះ។

សូមទស្សនាខ្សែ​ភាពយន្តនេះ នៅខាងក្រោមនេះ៖

ការរៀបការដោយបង្ខំទៅប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]