ទីក្រុង Goodwood៖ ក្នុងរយៈកាលបីឆ្នាំកន្លងមកនេះ បន្ទាប់ពីការចាប់ផ្ដើមនូវកម្មវិធីធ្វើតេស្តសាកល្បងយ៉ាងដិតដល់ រថយន្ត Rolls-Royce Cullinan បានធ្វើដំណើរទៅដល់គ្រប់ទិសទីជុំវិញពិភពលោក រាប់ចាប់តាំងពីវាលព្រឹលទឹកកក រហូតដល់វាលរហោស្ថានដ៏ក្ដៅហួតហែង។ នៅពេលនេះ រថយន្ត Rolls-Royce Cullinan នឹងត្រូវធ្វើតេស្តលើកចុងក្រោយ ដើម្បីបញ្ជាក់ដល់សាធារណជនពីលក្ខណៈពិសេសគឺ ការបើកបរដ៏រលូន ទៅកាន់គ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនរថយន្ត Rolls-Royce និងប៉ុស្តិ៍ទូរទស្សន៍ National Geographic នឹងចាប់ដៃគ្នាជាលើកដំបូង ដើម្បីផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវីដេអូ និងរូបភាពនៅពេលដែលរថយន្ត Cullinan ត្រូវបើកបរសាកល្បងជាលើកចុងក្រោយនៅអឺរ៉ុបខាងជើង មជ្ឈឹមបូព៌ា និងសហរដ្ឋអាមេរិក មុនពេលរថយន្តនេះត្រូវបង្ហាញខ្លួនជាសាធារណៈឲ្យពិភពលោកបានឃើញនៅចុងឆ្នាំនេះ។

រថយន្ត Rolls-Royce Cullinan

រថយន្ត Rolls-Royce Cullinan តំណាងឲ្យរាល់គុណ តម្លៃ និងសមត្ថភាព ដែលបានជួយជ្រោមជ្រែងឲ្យបិតាស្ថាបនិកទាំងពីររូបរបស់ក្រុមហ៊ុន រថយន្ត Rolls-Royce គឺលោក Charles Rolls និង Sir Henry Royce អាចកសាងកេរ្តិ៍ឈ្មោះរបស់រថយន្តនេះតាំងពីដើមសតវត្សរ៍មុនមកម្លេះ នៅពេលដែលបុគ្គលទាំងពីររូបបានទទួលពានកិត្តិយសកំពូលៗសម្រាប់ការធ្វើតេស្តផ្សងព្រេងជាសាធារណៈពិបាកៗនានា ដូចជា ការធ្វើតេស្តសាកល្បង Scottish Reliability Trials ព្រឹត្តិការណ៍បើកបរធ្វើតេស្តសាកល្បងពីទីក្រុងឡុងដ៍ ទៅទីក្រុង អេឌីនប៊ើក និងព្រឹត្តិការណ៍បើកបរសាកល្បង Alpine Trials។

កម្មវិធីធ្វើតេស្តលើកចុងក្រោយ បានចាប់ផ្ដើមនៅតំបន់ខ្ពង់រាបប្រទេសស្កុតលែន នៅថ្ងៃពុធ ទី 4 ខែមេសា នេះ ហើយនឹងមានការផ្សាយបន្តផ្ទាល់នៅលើបណ្ដាញសង្គមដោយប៉ុស្តិ៍ទូរទស្សន៍ National Geographic និងទំព័ររបស់រថយន្ត Rolls-Royce នៅពេលដែលរថយន្តនេះបន្តដំណើរផ្សងព្រេងរបស់ខ្លួននៅតាមវាលព្រឹល Alpine របស់ប្រទេសអូទ្រីស វាលរហោស្ថានក្ដៅហួតហែងរបស់មជ្ឈឹមបូព៌ា និងចុងបញ្ចប់គឺត្រូវឆ្លងកាត់ផ្លូវដ៏ពិបាកបំផុតនៅសហរដ្ឋអាមេរិក។ ការធ្វើដំណើរនេះនឹងត្រូវឆ្លងកាត់ការលំបាកដែលមិនមានផ្លូវបើកបរ និងផ្លូវរដិបរដុបរាប់រយពាន់គីឡូម៉ែត្រ។

រថយន្ត Rolls-Royce Cullinan

នៅក្នុងកម្មវិធីធ្វើតេស្តលើកចុងក្រោយនោះ រថយន្ត Rolls-Royce Cullinan និងក្រុមការងារ នឹងត្រូវបានអមដំណើរដោយអ្នករុករក និងអ្នកថតរូបដ៏ល្បី គឺលោក Cory Richards ដែលជាអ្នកផ្សងព្រេងប្រចាំឆ្នាំ 2012 របស់ទូរទស្សន៍ National Geographic។ ក្រុមការងាររបស់ទូរទស្សន៍ National Geographic នឹងចងក្រងនូវឯកសារស្ដីពីការធ្វើដំណើរនេះ ដោយមានការចុះផ្សាយជាប្រចាំថ្ងៃបង្ហាញពីទីតាំងស្រស់ស្អាត ដាច់ស្រយាល ដែលពួកគេទៅដល់។

លោក Torsten Müller-Ötvös នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce បានថ្លែងថា៖ 

“កាលពីបីឆ្នាំមុន ខ្ញុំបានសន្យាជាមួយសាធារណជនថា ខ្ញុំនឹងឲ្យពួកគាត់ចូលរួមនៅក្នុងដំណើរការអភិវឌ្ឍ និងធ្វើតេស្តសាកល្បងរថយន្ត Rolls-Royce Cullinan នេះ ហើយខ្ញុំបន្តរក្សាពាក្យសន្យានេះ តាមរយៈការបង្កើតកម្មវិធីធ្វើតេស្តលើកចុងក្រោយ ដែលជាការធ្វើតេស្តសាកល្បងជាសាធារណៈ។ សាធារណជន និងអតិថិជនសព្វថ្ងៃនេះ នឹងបានមើលឃើញនូវរថយន្ត Rolls-Royce ក្នុងបែបផែនថ្មីសន្លាង នៅពេលដែលម៉ូដែល Cullinan បង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Rolls-Royce។ ហើយក្នុងរយៈកាលតែប៉ុន្មានខែខាងមុខនេះ អតិថិជនរបស់យើងនឹងបានស្គាល់ពីសមត្ថភាពរបស់រថយន្តនេះ នៅពេលដែលពួកគាត់បានបើកបររថយន្ត Rolls-Royce ដ៏ពិសេសពិតៗនេះ ដែលជារថយន្តដែលផ្ដល់ ការបើកបរដ៏រលូន ទៅកាន់គ្រប់ទីកន្លែង”។

លោកអ្នក អាចតាមដានទស្សនា កម្មវិធីធ្វើតេស្តលើកចុងក្រោយរបស់រថយន្ត Rolls-Royce Cullinan នៅលើទំព័រ www.nationalgeographic.com/rollsroycecullinan និងនៅលើទំព័របណ្ដាញសង្គមរបស់ Rolls-Royce៖ www.Rolls-RoyceMotorCars.com ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]