អ៊ីតាលី៖ ក្រោយពីចាញ់ក្រោមដៃ Real Madrid យ៉ាងស្ពឹកមុខកាលពីយប់មិញ ទាំងគ្រូបង្វឹក ទាំងកីឡាកររបស់ Juventus បែរទៅជាសរសើរកីឡាករ Cristiano Ronaldo ទៅវិញ។

ក្រោយការប្រកួត គ្រូបង្វឹករបស់ក្រុម Juventus លោក Massimiliano Allegri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា Ronaldo ជាខ្សែប្រយុទ្ធដ៏ល្អបំផុត ជាងមួយទសវត្សរ៍ទៅហើយ ហើយគាត់មិនទាន់បានឃើញកីឡាករណាដែលមានសមត្ថភាពបង្ហាញទម្រង់លេងល្អដូច Ronaldo ទេ។ 

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្តថា នៅក្នុងពិភពបាល់ទាត់បច្ចុប្បន្ន មានតែក្រុមពីរទេដែលមានទម្រង់លេងល្អ និងខ្លាំងជាងក្រុមដ៏ទៃទៀត ហើយក្រុមទាំងពីរនោះគឺក្រុម Real Madrid និងក្រុម Barcelona ដោយមូលហេតុដែលធ្វើឲ្យក្រុមទាំងពីរនេះខ្លាំងគឺដោយសារតែពួកគេមាន Cristiano Ronaldo និង Lionel Messi។ 

យ៉ាងណាមិញ លោក Allergri បានលើកទឹកចិត្តកូនក្រុមគាត់ឲ្យខំប្រឹងប្រែងឡើងវិញ ដោយសារការប្រកួតនេះមិនទាន់ចប់នៅឡើយ ដោយនៅសល់ជើងទី២ទៀត ដែលត្រូវប្រកួតនៅថ្ងៃទី ១២ខែមេសាខាងមុខនេះ។

លោក Massimiliano Allegri
កីឡាករ Cristiano Ronaldo ក្រោយពីស៊ុតបញ្ចូលទី

ក្រៅពីលោក Allergri កីឡាករ Gianluigi Buffon ក៏បានសរសើរកីឡាករ Ronaldo ផងដែរ ដោយនិយាយប្រាប់អ្នកសារព័ត៌មានថា Ronaldo គឺជាកីឡាករម្នាក់ដែលតែងតែមានទម្រង់លេងល្អ ទោះបីជាអាយុរបស់គេកាន់តែជ្រេក៏ដោយចុះ។ អ្នកចាំទីវ័យចំណាស់បានបន្តទៀតថា គ្រាប់បាល់ទី២របស់ Ronaldo ពិតជាអស្ចារ្យហើយទោះជាគាត់អន់ចិត្តខ្លួនឯងបន្តិចក៏ដោយ ក៏រូបគាត់នៅតែសរសើរសមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ៕

កីឡាករ Buffon និង កីឡាករ​ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]