ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដាន កម្មវិធី The Voice Kids Cambodia រដូវកាលទី១ ច្បាស់ជាចាំមិនទាល់ភ្លេចនោះទេ នូវអតីតបេក្ខភាពមួយរូប ដែលមានសម្លេងពិរោះ មិនចាញ់មនុស្សធំ គឺកុមារី ឃុយ ម៉ីហៀង។

ជាក់ស្តែង ថ្ងៃនេះផងដែរ ក្រុមការងារ ខ្មែរឡូត បានចុះទៅសម្ភាសន៍ ប្អូន ម៉ីហៀង និងម្តាយដល់ផ្ទះរបស់ប្អូនផ្ទាល់តែម្តង ដើម្បីសាកសួរសុខទុក្ខប្អូន និងជីវភាពរបស់ប្អូនសព្វថ្ងៃ ថាទៅជាបែបណាទៅហើយ បន្ទាប់ពីបញ្ចប់ការប្រលងកម្មវិធី លំដាប់ថ្នាក់ពិភពលោក របស់ទូរទស្សន៍ហង្សមាស។

យ៉ាងណាមិញ សព្វថ្ងៃនេះ បន្ទាប់ពីបញ្ចប់ការប្រលងចម្រៀងរួចមក ម៉ីហៀង បានផ្លាស់ប្តូរទីលំនៅរបស់ខ្លួនពីខេត្ត កំពង់ស្ពឺ មករស់នៅទីក្រុងភ្នំពេញ ជាមួយម្តាយ​តែ២នាក់ នៅឯផ្ទះជួលដ៏តូចមួយកន្លែង គួរឲ្យសង្វេគ។ ព្រោះថានៅភ្នំពេញនេះ ម៉ីហៀង អាចមានភាពងាយស្រួលដើម្បីទៅរៀនសូត្រនៅ សាលាដែលបានផ្តល់អាហារូបករណ៍ឲ្យ និងងាយស្រួលក្នុងការធ្វើការងារ ដូចជាការឡើងច្រៀងជាដើមផងដែរ។ 

ម៊ីហៀង និងម្តាយ

លើសពីនេះទៅទៀតនោះ មហាជនមួយចំនួនក៏ប្រហែលជាគិតថា បន្ទាប់ពីប្រលងចម្រៀងហើយ ម៉ីហៀងប្រាកដជាមានជីវភាពល្អប្រសើរ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាចឲ្យម្តាយរស់ស្រួលមិនបាច់ហត់នឿយក្នុងការធ្វើការ ដើរលក់នំក្រូចដូចពីមុនទៀតទេ។ ប៉ុន្តែបើតាមការចុះសាកសួរផ្ទាល់ ដល់ផ្ទះតារាចម្រៀងវ័យក្មេង សម្បុរស្រអែមរូបនេះ បានឲ្យដឹងថា តាមពិតជីវភាពរបស់ប្អូន មិនដូចអ្វីដែលមហាជនមួយចំនួន បាននិយាយនោះឡើយ។

ក្នុងនោះដែរ ម៉ីហៀង បានឆ្លើយសំនួររបស់ក្រុមការងារ ខ្មែរឡូត អំពីស្ថានភាពរបស់ប្អូន បានឲ្យដឹងថា៖ “បន្ទាប់ពីប្រលងរួច ជីវភាពរបស់ប្អូនហាក់ប្រសើរមួយកម្រិត ប៉ុន្តែមិនមែនប្រសើរខ្លាំងនោះទេ។ ព្រោះថាសព្វថ្ងៃនេះ ម្តាយរបស់ប្អូននៅតែចេញទៅលក់នំក្រូចជារឿយ ដើម្បីបានថវិកាខ្លះមកផ្គត់ផ្គង់គ្រួសារ។ យ៉ាងណាមិញ បើសិនជាខែខ្លះ មានConcertច្រើន នោះម៉ីហៀង អាចជួយសម្រាលបន្ទុកម្តាយខ្លះដូចជាចេញថ្លៃផ្ទះ ថ្លៃភ្លើង ថ្លៃទឹកជាដើម ហើយបើសិនជាមិនសូវមានConcert ទេ នោះអ្នកទាំង២ក៏មានផលវិបាកខ្លះដែរ”។

ទន្ទឹមនឹងនោះ ក្រុមការងារ ខ្មែរឡូត ក៏បានជជីកសួរបន្ថែមទាក់ទង នឹងការងារសិល្បៈ និងតម្លៃនៃការរៀបចំខ្លួនរបស់ប្អូន ក្នុងការឡើងឆាកម្តងៗតើមានផលវិបាកយ៉ាងម៉េចខ្លះ? ម៉ីហៀងក៏ឆ្លើយតបដោយ ទឹកមុខញញឹមថា៖ “ចំពោះការងារសិល្បៈ គឺរលូនធម្មតា ដោយមានConcert ជាបន្តបន្ទាប់ដែរ ប៉ុន្តែមិនមែនញឹកញាប់ពេកនោះទេ អាចថាមួយខែបាន២ ទៅ៣Concertដែរ។ ចំណែកឯ ការរៀបចំខ្លួន និងសម្លៀកបំពាក់ក្នុងការឡើងឆាកម្តងៗ ម៉ីហៀងមានផលវិបាកច្រើន ព្រោះថាសម្លៀកបំពាក់រៀបចំត្រូវឡើងឆាកម្តងៗ ពេលខ្លះត្រូវចំណាយពេលដើររកទិញ និងចំណាយលុយអស់ពី ៣០ដុល្លារទៅ ៤០ដុល្លារ។ ប៉ុន្តែកាលពីមុនវិញ ពេលប្អូនប្រលងគឺមានការឧបត្ថម្ភយ៉ាងពិសេស ពីបងស្រីម្នាក់។ ហើយចំណែកពេលនេះ នៅពេលខ្លះ Coach របស់ប្អូនផ្ទាល់គឺអ្នកនាង សុគន្ធ និសា បានឲ្យខោអាវខ្លះរបស់នាងទៅប្អូន ដើម្បីជួយសម្រាលបន្ទុកនៅពេលឡើងឆាកម្តងៗ”។ 

ឃុយ ម៉ីហៀង

លើសពីនេះ សំនួរមួយទៀតពីក្រុមការងារបានចោទសួរទៅម៉ីហៀងថា តើពេលដែលម៉ីហៀង រវល់នឹងការងារសិល្បៈបែបនេះ មានប៉ះពាល់ដល់ការសិក្សាដែរឬទេ? ម៊ីហៀងក៏បានឆ្លើយមកវិញថា ៖ “ចំពោះរឿងនេះ ពេលខ្លះគឺពិតជាប៉ះពាល់ ប៉ុន្តែធ្វើយ៉ាងម៉េចបើជាការងារ ព្រោះថាប្អូនក៏កំពុងត្រូវការថវិកាជាចាំបាច់ដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ប្អូនដូចគ្នា”។

ក្នុងនោះ ម្តាយរបស់ម៉ីហៀង ក៏បានប្រាប់ពីអំពីអារម្មណ៍របស់អ្នកមីង ថាមានអារម្មណ៍បែបណាបន្ទាប់ពីឃើញ ម៉ីហៀង ប្រលងហើយមានការងារ ក្នុងសិល្បៈដូចសព្វថ្ងៃ។ អ្នកមីងក៏បានឆ្លើយតបដោយ ទឹកមុខក្រៀមក្រំថា ៖ “អ្នកមីងពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញម៉ីហៀង អាចប្រលងចម្រៀងនិងអាចឈានមកដល់ចំណុចនេះ។ ហើយអ្នកមីងក៏បាន ថ្លែងអំណរគុណដល់អ្នកជួយឧបត្ថម្ភដល់ ម៉ីហៀងទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសដែលជួយ ជ្រោមជ្រែងនាងឲ្យមានថ្ងៃនេះ។ ហើយជាពិសេស អ្នកមីង ពិតជាថ្លែងអំណរគុណយ៉ាងខ្លាំង ដល់សម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដែលបានជួយឧបត្ថម្ភដល់កូនស្រីរបស់គាត់ ឲ្យបានធូរស្រាលជីវភាពក្នុងការចិញ្ចឹមជីវិត”។ 

ម្តាយរបស់ឃុយ ម៉ីហៀង

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាស្ថានភាពរបស់ អតីតបេក្ខភាព The Voice Kid រដូវកាលទី១ ប្អូនស្រី ឃុយ ម៉ីហៀង។ យ៉ាងណាមិញ បើទោះជាប្អូនបានប្រលងដល់វគ្គជម្រុះចុងក្រោយ និងមានការងារក្នុងសិល្បៈក្តី ប៉ុន្តែជីវភាពរបស់ប្អូន មិនទាន់ប្រសើរខ្លាំង ដូចដែលមហាជនមួយចំនួន រំពឹងទុកនោះទេ គឺប្អូនកំពុងតែនៅផ្ទះជួលដ៏តូចចង្អៀតជាមួយ ម្តាយកូនតែ២នាក់ នៅក្នុងច្រកចូលដែលមាន បរិស្ថានមិនសូវល្អ។ ប៉ុន្តែទោះជាយ៉ាង ក៏ម្តាយរបស់ម៉ីហៀង នៅតែខិតខំរកស៊ី ដើរលក់នំក្រូចនំអន្សមជាដើម ដើម្បីផ្គត់ផ្គង់ជីវភាព របស់អ្នកទាំង២បន្ថែម។

ជាពិសេសនោះ បើទោះជាម៉ីហៀង ប្អូនបានជួបផលវិបាកច្រើន សម្រាប់ជីវភាព និងការរស់នៅ តាមការរៀបរាប់របស់នាងខាងលើ បែបនេះយ៉ាងណាក្តី ប៉ុន្តែប្អូននៅតែបង្ហាញស្នាមញញឹម មកកាន់ក្រុមការងារយើងជានិច្ច។ ដែលទាំងនេះ បានបញ្ជាក់ថា កុមារីម្នាក់នេះ ពិតជាក្លាហាន មានភាពតស៊ូ  ចំពោះឧបសគ្គដែលនាងកំពុងឆ្លងកាត់នោះទេ៕ 

ស្ថានភាពការរស់នៅរបស់ ម៉ីហៀង
ស្ថានភាពការរស់នៅរបស់ ម៉ីហៀង
ស្ថានភាពការរស់នៅរបស់ ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង