ភ្នំពេញ៖ ប្រិយមិត្ដបានដឹងហើយថា ឲ្យតែមានការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាម្ដងៗ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺប្រាកដណាស់ នឹងមានបងប្អូនអ្នកសេ្នហាវិស័យបាល់ទាត់ ចូលទស្សនាយ៉ាងច្រើនកុះកុរ។ 

អ្នកគាំទ្របាល់ទាត់កម្ពុជា

ប៉ុន្ដែបើយើងក្រឡេកទៅមើលការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់ក្នុងស្រុកវិញ ការចូលរួមរបស់អ្នកគាំទ្រហាក់បីដូចជានៅមានកម្រិតនៅឡើយ បើធៀបជាមួយការប្រកួតបាល់ទាត់ជម្រើសជាតិ គឺមានគម្លាតឆ្ងាយតែម្ដង។

ដើម្បីចង់ដឹងបន្ថែមអំពីបញ្ហានេះ Khmerload បានសាកសួរប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់មួយចំនួន អំពីមតិយោបល់ និងការយល់ឃើញរបស់ពួកគេ ថាតើហេតុអ្វីបានជាការប្រកួតបាល់ទាត់ក្នុងស្រុក ពុំសូវទទួលបានការចាប់អារម្មណ៍ ជាងការប្រកួតបាល់ទាត់ជម្រើសជាតិយ៉ាងដូច្នេះ?

ជួបជាមួយលោក ឈិន សុវិជ្ជា សព្វថៃ្ងជានិស្សិតផ្នែកធនធានរ៉ែនៅសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញបានលើកឡើងថា មូលហេតុដែលធើ្វឲ្យអ្នកគាំទ្រភាគច្រើនសម្រេចទៅទស្សនាការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិច្រើនជាងការប្រកួតក្នុងលីក ដោយសារក្រុមជម្រើសជាតិ គឺប្រកួតទល់នឹងក្រុមមកពីប្រទេសក្រៅ ដូច្នេះប្រិយមិត្ដគិតថាមិនត្រឹមតែអាចតាមដានកីឡាករខ្មែរទេ ហើយក៏អាចទស្សនាកីឡាករបរទេសល្បីៗផងដែរ។

យុវជនសម្បុរខ្មៅស្រអែមរូបនេះបានបន្ដឲ្យដឹងទៀតថា សម្រាប់ការប្រកួតលីកក្នុងស្រុកភាគច្រើនគឺប្រកួតនៅពាក់កណ្ដាលសប្ដាហ៍ ដូចជាពានរង្វាន់ហ៊ុន សែន ខាប់ ជាដើម។ ចំណែកប្រកួតលីកនៅថៃ្ងចុងសប្ដាហ៍ពេលល្ងាចវិញ ជាពេលដែលមានចរាចរណ៍ស្ទះខ្លាំង ដែលជាហេតុនាំឲ្យបងប្អួនខ្លះមិនសូវចង់ទៅមើល។

វិជ្ជាប្រាប់ថា៖

«ការប្រកួតលីកហ្នឹងពេលខ្លះលេងចំពេលគេរវល់។ ដឹងស្រាប់ហើយ នៅភ្នំពេញចរាចរណ៍ស្ទះខ្លាំង ពិបាកក្នុងការធើ្វដំណើរ ហើយនៅពេលដែលលេងលីកគេមានកំណត់។ ដូច្នេះគេអាចគិតថា ល្មមទៅដល់ទីលាន ចប់មួយតង់បាត់ហើយ មិនសូវល្អមើល»។
លោក ឈិន សុវិជ្ជា

យ៉ាងណាមិញបើប្រៀបធៀបគ្នារវាងប្រកួតលីក និងជម្រើសជាតិ និស្សិតឆ្នាំទី៤ ក៏បានលើកឡើងដែរថា សម្រាប់ជម្រើសជាតិយូរៗទើបមានម្ដង ហើយប្រជាពលរដ្ឋយល់ថាមានមនុស្សទៅមើលច្រើន ដូច្នេះធើ្វឲ្យពួកគាត់ទៅទស្សនាដែរ ខណៈការប្រកួតលីកវិញគឺមានរាល់សប្ដាហ៍ ដូច្នេះអ្នកទស្សនាអាចគិតថា ពួកគេអាចទៅទស្សនាពេលណាក៏បានដែរ ណាមួយភាគច្រើនគឺការប្រកួតធើ្វឡើងចំពេលអ្នកគាំទ្ររវល់។

ទោះជាយ៉ាងណាក្ដី លោក សុវិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមទស្សនាទាំងការប្រកួតក្នុងស្រុក និងក្រុមជម្រើសជាតិ ព្រោះថាការប្រកួតទាំងនោះគឺសំខាន់ដូចគ្នា ស្របពេលដែលអ្នកគាំទ្រគឺជាចលករដ៏សំខាន់សម្រាប់ឲ្យក្រុមជម្រើសជាតិ ក៏ដូចជាក្លិបបាល់ទាត់ក្នុងស្រុកមានការរីកចម្រើន។ 

អ្នកគាំទ្របាល់ទាត់កម្ពុជា

ជួបជាមួយយុវជនម្នាក់ទៀតជានិស្សិតឆ្នាំទី៣ និងជាអ្នកគាំទ្របាល់ទាត់កម្ពុជាម្នាក់ដែរ មានឈ្មោះ អាង រ៉ាទី អាយុ២០ឆ្នាំ  មានចំណាប់អារម្មណ៍ថា មូលហេតុដែលអ្នកគាំទ្រទៅទស្សនាការប្រកួតក្រុមជម្រើសជាតិច្រើន គឺដោយសារការផ្សព្វផ្សាយរបស់សហព័ន្ធបានទូលំទូលាយជាងការផ្សព្វផ្សាយការប្រកួតបាល់ទាត់ក្នុងស្រុក ជាពិសេសក្រុមជម្រើសជាតិ គឺប្រមូលផ្ដុំដោយកីឡាករល្អៗ ដែលធើ្វឲ្យការប្រកួតមើលទៅមានភាពទាក់ទាញ។

រាទី និយាយថា «កីឡាករដែលល្អៗក្នុងប្រទេសកម្ពុជា នឹងមានសិទ្ធិជាប់ក្នុងក្រុមជម្រើសជាតិ ដូច្នេះធើ្វឲ្យ Fans នីមួយៗ គាត់ចង់ឃើញ Idol របស់គាត់ចូលលេង ទើបធើ្វឲ្យពួកគាត់ទៅមើល»។

ចំពោះការប្រកួតលីកវិញ និស្សិតផ្នែកសំណង់ស៊ីវិលរូបនេះយល់ឃើញថា ការផ្សព្វផ្សាយរបស់សហព័ន្ធនៅមានកម្រិត កាលវិភាគនៃការប្រកួត ណាមួយកីឡាករក្នុងក្រុមខ្លះគឺមិនសូវស្គាល់ ទើបធើ្វឲ្យមិនសូវមានអ្នកទៅទស្សនា។

លោក អាង រ៉ាទី
«ប្រកួតជម្រើសជាតិ បានន័យថា ជាការប្រកួតតំណាងជាតិ ដូច្នេះប្រជាជនភាគច្រើនគឺជាតិនិយម ដូច្នេះនឹងមានការចូលរួមទស្សនាច្រើន។ ចំណែកការប្រកួតលីកវិញ បានន័យថាជាក្រុម។ សម្រាប់ហ្វេនខែ្មរយើង ការគាំទ្រនៅមានកម្រិត។ របៀបថា ពេលដែលពួកគាត់ទំនេរពីការងារ ឬពីការរៀនសូត្រ ឬក៏ការប្រកួតល្អមើលខ្លាំង បានពួកគាត់ទៅមើល»។
អ្នកគាំទ្របាល់ទាត់កម្ពុជា

សរុបមកវិញ នេះគ្រាន់តែជាមតិយោបល់ និងការយល់ឃើញមួយផ្នែកតូចប៉ុណ្ណោះ។Khmerload ក៏ចូលរួមលើកទឹកចិត្តឲ្យប្រិយមិត្ដងាកមកចាប់អារម្មណ៍ការគាំទ្របាល់ទាត់ក្នុងស្រុកដែរ ដូចជាការប្រកួតលីកកំពូល និងការប្រកួត ខាប់ ជាដើម ព្រោះថា កត្ដាមួយផ្នែកដែលធើ្វឲ្យលីក និងក្រុមជម្រើសជាតិខ្លាំង គឺអាស្រ័យទៅលើអ្នកគាំទ្រដែរ។ បើសិនជាអ្នកគាំទ្រមានការស្រលាញ់ ដាក់ចិត្ដ ដាក់កាយ មកចូលរួមច្រើន នោះធើ្វឲ្យក្រុមទាំងអស់មានទឹកចិត្ត និងដំណើរការបានល្អ ណាមួយបើសិនលីករបស់យើងមិនខ្លាំងទេ នោះជម្រើសជាតិក៏មានកម្រិតទៅតាមនោះដែរ៕

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា
បឹងកេត លើកពានលីកកំពូលកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]