អាការក្រហាយទ្រូង គឺជាអាការដែលកើតឡើង បណ្តាលមកពីច្រាល់ជាតិអាស៊ីត ឡើងទៅក្នុងបំពង់រំលាយអាហារ ហើយធ្វើឱ្យអ្នកមានអាការឈឺ ក្រហាយនៅដើមទ្រូង (ទ្រូងខាងក្រោម) និងក្រោមឆ្អឹងជំនីជាដើម ជាពិសេស រាល់ពេលដែលអ្នកគេង និងប្រែខ្លួនចុះឡើង។ អាការបែបនេះ មិនមែនជាអាការធ្ងន់ធ្ងរនោះទេ ដោយសារតែវាកើតឡើងមកពីរបបអាហារដែលអ្នកទទួលទានចូលទៅតែម្តង។

ដូច្នេះ ប្រសិនជាអ្នកមានអាការក្រហាយទ្រូង ឬចុងឆ្អល់ចុងដង្ហើម មិនបាច់ទៅជួបគ្រូពេទ្យនោះទេ មានវីធីសាស្រ្តធំៗទាំង ៧យ៉ាងនេះអាចជួយអ្នកបាន៖

១. ជ្រើសទីតាំងគេងឱ្យបានត្រឹមត្រូវ

អ្នកដែលមានបញ្ហាក្រហាយដើមទ្រូង ឬចុកចុងដង្ហើម ឥរិយាបថនៃការគេង គឺសំខាន់ណាស់។ ដើម្បីឱ្យអាការបានធូរស្រាល អ្នកគួរតែគេងបែរមកខាងឆ្វេង ព្រោះវាអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ។

ចំណែក វិធីម្យ៉ាងទៀតនោះគឺ គេងយ៉ាងណាឱ្យដងខ្លួនផ្នែកខាងលើចាប់ពីចង្កេះឡើងលើខ្ពស់បន្តិច ដើម្បីការពារការចាល់ជាតិអាស៊ីតពីក្រពះ ដោយអាចគេងកល់ខ្នើយឱ្យខ្ពស់ ប្រមាណជាជាង ១៥សង់ទីម៉ែត្រពីផ្ទៃរាបស្មើ។

ជ្រើសទីតាំងគេងឱ្យបានត្រឹមត្រូវ

២.ជ្រើសអាហារឱ្យបានសមស្រប

អ្នកគួរតែចៀសឱ្យឆ្ងាយ ឬកាត់បន្ថយអាហារមួយចំនួន ដែលធ្វើឱ្យអ្នកមានអាការក្រហាយទ្រូង ដូចជាពពួកអាហារកែច្នៃ និងអាហារដែលធ្វើឱ្យមានបញ្ហាដល់សុខភាពដូចជា៖ ពពួកផ្លែក្រូច ភេសជ្ជៈដែលមានកាហ្វេអីុន កាហ្វេ សូដា ភេសជ្ជៈកំប៉ុង ជីរអង្កាម ប៉េងប៉ោះ គ្រឿងស្រវឹង (ជាពិសេសស្រាក្រហម) សូកូឡា ខ្ទឹមស ខ្ទឹមបារាំង និងពពួកអាហារដែលមានរសជាតិហឹរជាច្រើនមុខទៀត។

ជ្រើសអាហារឱ្យបានសមស្រប

៣. ពិនិត្យលើរបៀបទទួលទាន

អ្នកត្រូវផ្លាស់ប្តូរទម្លាប់ នៃការទទួលទានមួយចំនួន ដើម្បីជួយសម្រួលដល់បញ្ហាក្រហាយទ្រូងទាំងនេះបាន ដូចជា៖ មិនត្រូវទទួលទានអាហារលឿនពេក ឬលេបយកៗ ជំនួសឱ្យការទទួលទានអាហារមួយៗយឺតៗ និងទំពារឱ្យបានហ្មត់ល្អ ។

ជាពិសេស គឺមិនត្រូវទទួលទានអាហារមួយពេលៗ ច្រើនសរុបតែម្តងនោះទេ ត្រូវទទួលទានអាហារមួយពេលៗ ក្នុងបរិមាណតូចសមល្មមបានហើយ ហើយរំលែកជាច្រើនពេលវិញទើបជាការល្អ។ ដែលសំខាន់ម្យ៉ាងទៀតនោះ គឺរាល់យប់ មុនចូលគេង២ម៉ោង មិនត្រូវទទួលទានអាហារនោះទេ។

ពិនិត្យលើរបៀបទទួលទាន

៤. យកចិត្តទុកដាក់នឹងសុខភាពរាងកាយ

អ្នកត្រូវតែផ្លាស់ប្តូរទម្លាប់ ដែលផ្តល់ផលអាក្រក់ ចំពោះរាងកាយ ហើយចាប់ផ្តើមស្រលាញ់សុខភាពរបស់ខ្លួនវិញម្តង ដោយការ ផ្តាច់ជក់បារី បញ្ឈប់ការទទួលទានភេសជ្ជៈដែលធ្វើឱ្យខូចសុខភាព ដូចជា ភេសជ្ជៈកែច្នៃ-សូដា-កាហ្វេអ៊ីន និងចាប់ផ្តើមហាត់ប្រាណឱ្យសុខភាពមាំមួន ព្រមទាំងសម្រកទម្ងន់ដែលលើសចេញ។

ការដែលអ្នកមានសុខភាពល្អ និងអាចសម្រកទម្ងន់បាន ក្នងកម្រិតសមស្របសម្រាប់រាងកាយ(BMI) អាចជួយធ្វើឱ្យសុខភាពក្រពះពោះវៀនរបស់អ្នកដំណើរការល្អ ព្រមទាំងអាចប្រយុទ្ធប្រឆាំងនឹងជំងឺក្រហាយទ្រូងបានយ៉ាងប្រសើរផងដែរ។

យកចិត្តទុកដាក់នឹងសុខភាពរាងកាយ

៥.អាហារល្អៗសម្រាប់សុខភាព

ពពួកអាហារ ដែលផ្ទុកនូវជាតិកាកសរសៃ និងមានជាតិខ្លាញ់ទាប អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ថែមទាំងអាចជួយការពារ និងប្រឆាំងនឹងអាការចាល់ជាតិអាស៊ីតក្រពះ ព្រមទាំងក្រហាយទ្រូងបានយ៉ាងល្អ។ អាហារទាំងនោះរួមមាន៖ ផ្លែ និងផ្លែឈើ (លើកលែងតែពពួកក្រូច) ខ្ញី ម្សៅអូត (Oatmeal) សាច់សុទ្ធ និងស៊ុតផ្នែកពណ៌សជាដើម។

ត្រូវទទួលទានអាហារល្អៗសម្រាប់សុខភាព

៦.មិនត្រូវស្លៀកសំលៀកបំពាក់តឹងពេក

សូម្បីតែការស្លៀកពាក់ប្រចាំថ្ងៃ ក៏អាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកបានដែរ ជាពិសេស គឺអាការក្រហាយទ្រូង។ ការដែលស្លៀកសម្លៀកបំពាក់តឹងៗ រឹបរាង និងរឹបចង្កេះខ្លាំងពេក ធ្វើឱ្យជាតិអាស៊ីតក្នុងក្រពះកើនឡើង និងចាល់ឡើងមកលើ ដែលជាហេតុធ្វើឱ្យអ្នកមានអាការក្រហាយទ្រូង និងឆ្អល់ចុងដង្ហើមទាំងនេះ។

ដូច្នេះគួរតែ ចេះជ្រើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ សាកសមនឹងរូបរាងទើបជាការល្អបំផុត។

មិនត្រូវស្លៀកសំលៀកបំពាក់តឹងពេក

៧. កាត់បន្ថយភាពតានតឹង

តាមការស្រាវជ្រាវបានរកឃើញថា អារម្មណ៍តានតឹង ស្ត្រេស និងវិបត្តិផ្លូវចិត្ត អាចធ្វើឱ្យជាតិអាស៊ីតក្នុងក្រពះចាល់ឡើង ដែលជាហេតុធ្វើឱ្យអ្នកកើតមានអាការក្រហាយទ្រូង និងចុកឆ្អល់ចុងដង្ហើមបាន។

ដូច្នេះគួរតែធ្វើចិត្តឱ្យរីករាយ បំបាត់អាការធុញថប់ និងស្រ្តេសទាំងនេះចេញ ដោយរកអ្វីសប្បាយៗដូចជា ធ្វើដំណើរកម្សាន្ត រាំលេង ច្រៀង ហាត់កីឡា ហាត់យូហ្គា និងចិញ្ចឹមសត្វជាដើម៕  

កាត់បន្ថយភាពតានតឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]