អាការចេះតែមិនស្រួលក្នុងពោះ ឬមិនស្រួលខ្លួន ចេះតែចង់ក្អួតចង្អោរ ភាគច្រើនបណ្តាលមកពីអាការចាញ់កូន និងរាល់ពេលពុលឡានម្តងៗ។ តែក្នុងករណីសុខៗ ស្រាប់តែក្នុងពេលមានអារម្មណ៍រមូលពោះ មិនស្រួលក្នុងពោះ ចេះតែចង់ក្អួតចង្អោរ ឬក៏អាចនឹងក្អួតចង្អោរតែម្តង ពេលទទួលទានអាហាររួចម្តងៗ វាអាចទាក់ទងនឹងបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាសុខភាពមួយចំនួនដែលអ្នកគួរតែយល់ដឹងទើបជាការប្រសើរ។

ដូច្នេះមកតាមដានទាំងអស់គ្នាថាតើមូលហេតុជំងឺអ្វីខ្លះ ដែលចេះតែធ្វើឱ្យអ្នកធ្វើទុក្ខចង់ក្អួតចង្អោររាល់ពេលទទួលទានអាហាររួចដូចតទៅ៖

អាការក្អួតចង្អោរ

១. ពុលអាហារ

អាការពុលអាហារ មិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ចង់ក្អួតចង្អោរ ឬក្អួតតែម្តងនោះទេ ក្រោយពេលបាយរួច វាថែមទាំងធ្វើឱ្យអ្នកមានអាការឈឺក្នុងពោះ ឈឺក្នុងក្រពះ រាគរូស គ្រុនក្តៅ ខ្សោយកម្លាំង និងឈឺសាច់ដុំផងដែរ។ ភាគច្រើនអាការពុលចំណីអាហារ បណ្តាលមកពីអ្នកទទួលទានចំណីអាហារដែលមិនស្អាត និងពោរពេញដោយមេរោគបាក់តេរីដូចជា Escherichia coli Salmonella ឬវីរុស Norovirus ជាដើម។

ពុលអាហារ

២. ដំបៅក្រពះ

ក្រោយពេលបាយរួច អ្នកដែលមានជំងឺដំបៅក្រពះ ក៏មានអាការចង់ក្អួតចង្អោរ ឬក្អួតចង្អោរតែម្តង។ តែភាគច្រើនវាមានរោគសញ្ញាសម្គាល់ដែលងាយស្រួលចំណាំបាន រួមមាន៖ ឈឺចុកចាប់ ឆ្អល់ក្នុងពោះ មានការឈឺចុកចាប់ពី-ក ទៅដល់ខ្នង រួចទាំងរោគសញ្ញាបន្ទាប់បន្សំដទៃទៀតដូចជា ស្រកទម្ងន់ ក្អួតចង្អោរ ស្រកទម្ងន់ មានបញ្ហាប្រព័ន្ធរំលាយអាហារ និងមានអាការចុកក្នុងទ្រូងជាដើម។

ជំងឺដំបៅក្រពះមួយនេះ បណ្តាលមកពីបាក់តេរីម្យ៉ាងមានឈ្មោះថា Helicobacter pylori ឬគេហៅម្យ៉ាងទៀតថាមេរោគក្រពះ ដែលអ្នកមិនបានធ្វើការព្យាបាល និងសម្លាប់មេរោគនេះចេញឱ្យបានត្រឹមត្រូវ ជាហេតុធ្វើឱ្យកើតមានបញ្ហារលាក ឬដំបៅដល់ស្រទាប់ក្រពះដូច្នេះ។

ដំបៅក្រពះ

៣. រលាកក្រពះ

ជំងឺរលាកក្រពះមួយនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឈឺចុកចាប់ក្នុងពោះ ឬក្រពះ ហើយថែមទាំងមានអាការចង់តែក្អួតចង្អោរ ឬ ក្អួតចង្អោរតែម្តង បន្ថែមពីនេះវាអាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការខុសពីធម្មតា និយាយរួមគឺមិនស្រួលក្នុងពោះ ឬក្រពះទាំងមូល។

រលាកក្រពះ

៤. បញ្ហាប្រព័ន្ធរំលាយអាហារ

អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬក្រពះពិបាកនឹងរំលាយអាហារនោះ នឹងធ្វើឱ្យ ក្រពះសម្បូរទៅដោយជាតិហ្គាស (ឧស្ម័ន) ក្រហាយទ្រូង តឹងណែនច្អល់ពោះ រួមទាំងមានអាការក្អួតចង្អោរផងដែរ។ ភាគច្រើនអាការទាំងនេះ នឹងកើតឡើងច្បាស់រាល់ពេលអ្នកទទួលទានអាហាររួចតែម្តង។

ក្នុងករណីនេះប្រព័ន្ធរំលាយអាហារអាចមានបញ្ហា ឬផ្សារភ្ជាប់គ្នាដោយសារតែ មេរោគក្នុងក្រពះ (Helicobacter pylori) ការផ្ទុកមេរោគបាក់តេរី ដំបៅក្រពះ និងបញ្ហាជាច្រើនទៀត។

បញ្ហាប្រព័ន្ធរំលាយអាហារ

៥. រលាកបំពង់រំលាយអាហារ (Gastroesophageal ឬ GERD)

ករណីជំងឺនេះ កើតមានឡើងដោយសារតែ ជាតិអាស៊ីតនៅក្នុងក្រពះ កើនឡើងច្រើនលើសកំណត់នៅក្នុងបំពង់រំលាយអាហារ ហើយធ្វើឱ្យសាច់ដុំបិទផ្លូវបំពង់អាហារ រាល់ពេលដែលអ្នកមិនទទួលទានអាហារ (បង្អត់អាហារ) ឬមានរាងកាយទន់ខ្សោយ។ ករណីជំងឺនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ចង់ក្អួតចង្អោរ ឬក្អួតចង្អោរតែម្តង ចាល់ជាតិអាស៊ីតក្នុងក្រពះ ក្រហាយទ្រូង តឹង-ហើមពោះ និងមាត់មិនសូវដឹងរសជាតិអាហារជាដើម។

រលាកបំពង់រំលាយអាហារ (Gastroesophageal ឬ GERD)

សម្រាប់ករណីជំងឺខាងលើ ប្រសិនជាអ្នកទុកយូរ អាចនឹងជួបបញ្ហាសុខភាពធ្ងន់ធ្ងរបាន ដូច្នេះអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ប៉ុន្តែនៅក្នុងនោះផងដែរ មានវិធីជាច្រើនអាចបំបាត់ការឈឺចុកចាប់ និងព្យាបាលជំងឺដែលទាក់ទងនឹងបញ្ហាក្រពះមួយចំនួនផងដែរ។

អ្នកអាចតាមដានវិធីធម្មជាតិមួយចំនួន នៅក្នុងការព្យាបាលដូចជា៖

# ទឹកឃ្មុំ សម្រាប់ជំងឺដំបៅក្រពះ រលាកក្រពះ និងបញ្ហាប្រព័ន្ធរំលាយអាហារ

ទឹកឃ្មុំសុទ្ធ Manuka ត្រូវបានគេដឹងថា អាចធ្វើការប្រឆាំងមេរោគ និងព្យាបាលជំងឺទាក់ទងនឹងជំងឺដំបៅក្រពះ រលាកក្រពះ និងបញ្ហាប្រព័ន្ធរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាព (ក្នុងនោះ អ្នកអាចរកទិញទឹកឃ្មុំដែលប្រើជាឱសថធម្មជាតិមួយនេះ នៅផ្សារទំនើបបាន ដោយវាមានឈ្មោះថា Manuka Honey)។

គ្រាន់តែទទួលទានទឹកឃ្មុំ Manuka ម្តង ៣០មីលីលីត្រ ឬស្មើនឹង ២ទៅ៣ស្លាបព្រា រាល់ពេលមុនទទួលទានអាហារ នឹងអាចជួយអ្នកដោះស្រាយបញ្ហាធ្វើទុក្ខក្រពះទាំងនេះបាន។

ទឹកឃ្មុំ Manuka សម្រាប់ជំងឺដំបៅក្រពះ រលាកក្រពះ និងបញ្ហាប្រព័ន្ធរំលាយអាហារ

# រមៀតសម្រាប់ ដំបៅក្រពះ និងបញ្ហាប្រព័ន្ធរំលាយអាហារ

រមៀត គឺជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពមួយដែលមិនអាចខ្វះបាន ថែមទាំងអាចធ្វើការព្យាបាលជំងឺទាក់ទងនឹងការរលាក ដំបៅក្រពះ និងបញ្ហាប្រព័ន្ធរំលាយអាហារបានផងដែរ ដោយវិធីច្រើនយ៉ាងដូចជា៖

- វិទីទី១៖ អ្នកអាចទទួលទានគ្រាប់ថ្នាំដែលផលិតពីរមៀត ១គ្រាប់រាល់ពេលមុនបាយទាំង៣ពេល កន្លះម៉ោង និងមួយគ្រាប់ទៀតពេលយប់មុនចូលគេងត្រឹមតែ២សប្តាហ៍ការឈឺចាប់នឹងបានធូរស្រាល។

- វិធីទី២៖ អ្នកអាចយករមៀតធ្វើជាអាហារសម្រាប់ទទួលទានជាប្រចាំ ឬអាចទទួលទានភេសជ្ជៈ /តែ ដែលផ្សំពីរមៀត លាយទឹកឃ្មុំដើម្បីទទួលទាន។

រមៀតសម្រាប់ ដំបៅក្រពះ និងបញ្ហាប្រព័ន្ធរំលាយអាហារ

# ផ្លែចេកអាចបន្សាបជាតិអាស៊ីតក្នុងក្រពះ

ការទទួលទានផ្លែចេកទុំជាប្រចាំ មិនត្រឹមតែល្អចំពោះសុខភាពច្រើនយ៉ាងនោះទេ តែវាក៏ត្រូវបានគេដឹងថា មានតួនាទីធ្វើជាទឹករំអិលដើម្បីជួយសម្រួល ឬបន្សាបជាតិអាស៊ីតដែលមាននៅក្នុងក្រពះផងដែរ។

ការសិក្សាបានបង្ហាញថា មនុស្សប្រមាណជា ៧៥ភាគរយ មានការធូរស្រាលដោយសារតែបញ្ហាប្រព័ន្ធរំលាយអាហារ ឬចាល់ជាតិអាស៊ីតក្នុងក្រពះ ដោយគ្រាន់តែទទួលទានផ្លែចេក ឬម្សៅដែលផលិតពីផ្លែចេក ត្រឹមតែ ៨សប្តាហ៍តែប៉ុណ្ណោះ។

ផ្លែចេកអាចបន្សាបជាតិអាស៊ីតក្នុងក្រពះ

# អាហារសម្រាប់អ្នកមានអាការពុលចំណី

អាការពុលចំណីអាហារនឹងបានប្រសើរឡើង មិនលើសពី ២ ទៅ៣ថ្ងៃនោះទេ។ អ្នកអាចទទួលទានអាហារល្អៗសម្រាប់សុខភាពដូចជា បាយ ផ្លែចេកទុំ នំស្រួយ ឬអាហារដែលទន់ៗជំនួយដល់ក្រពះរបស់អ្នក។ ជាពិសេសគឺត្រូវចៀសវាងការទទួលទានពពួកភេសជ្ជៈកាហ្វេអ៊ីន ដូចជាកាហ្វេ តែ និងគ្រឿងស្រវឹងជាដើម។ ម្យ៉ាងវិញទៀត ការទទួលទានទឹកធម្មតាឱ្យបានច្រើន ក៏អាចជួយធ្វើឱ្យអាការកាន់តែប្រសើរឡើងផងដែរ។ ករណីធ្ងន់ធ្ងរមានតែការប្រើថ្នាំ ឬបង្គ្រប់ជាតិទឹកបន្ថែមតាមរយៈការដាក់សឺរ៉ូមតែប៉ុណ្ណោះទើបអាចជួយអ្នកបាន។

អាហារសម្រាប់អ្នកមានអាការពុលចំណី

# ទឹកជួយដល់ការក្អួតចង្អោរ

ពេលអ្នកក្អួរចង្អោរច្រើនពេកទៅ នឹងធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកបាន ដូច្នេះអ្នកត្រូវទទួលទានទឹកឡើងចិញឱ្យបានច្រើន ឬទទួលទានទឹកដែលមានជាតិរ៉ែក៏បាន។

ក្រៅពីនេះអ្នកអាចសាកល្បងទទួលទានល្បាយទឹកមួយប្រភេទដែលអាចធ្វើដោយងាយៗដោយខ្លួនឯងបាន ដោយត្រូវដាក់ អំបិល កន្លះស្លាបព្រាកាហ្វេ និង ស្ករស៦ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកស្អាត ១លីត្រ។ រួចទទួលទានទឹកនេះម្តងបន្តិចៗ នៅពេលដែលអ្នកក្អួតចង្អោររួច ឬមានអាការថាខះបំពង់-ក។

ទឹកជួយដល់ការក្អួតចង្អោរ

# ខ្ញីជួយដល់ការក្អួតចង្អោរ បញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហារលាកបំពង់រំលាយអាហារ (Gastroesophageal ឬ GERD)

គ្រាន់តែយកខ្ញីស្រស់ៗដាំជាមួយនឹងទឹកឱ្យពុះ ហើយទទួលទានមួយពែងក្រោយទទួលទានអាហររួច អាចជួយសម្រួលដល់អាការក្អួតចង្អោរដោយសារតែការចាញ់កូន បញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហារលាកបំពង់រំលាយអាហារ (Gastroesophageal ឬ GERD)បានផងដែរ។ នៅក្នុងនោះតែខ្ញី ថែមទាំងអាចបំបាត់អាការវិលមុខទូទៅ និងវិលមុខដោយសារតែប្រតិកម្មគីមី ឬការវះកាត់បានយ៉ាងប្រសើរផងដែរ។

ខ្ញីជួយដល់ការក្អួតចង្អោរ បញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហារលាកបំពង់រំលាយអាហារ

# ស្លឹកជីរអង្កាម សម្រាប់បញ្ហាប្រព័ន្ធរំលាយអាហារ

គ្រាន់តែយកស្លឹកជីរអង្កាមស្រស់ ១ស្លាបព្រា ដាំជាមួយនឹងទឹកមួយពែងឱ្យពុះរយៈពេល ១០នាទី សឹមទទួលទាន អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការក្អួតចង្អោរបាន យ៉ាងល្អ ជាពិសេសគឺអាចជួយបន្ថយជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ។

ស្លឹកជីរអង្កាម សម្រាប់បញ្ហាប្រព័ន្ធរំលាយអាហារ

# ទំពារស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូ អាចជួយជម្រុញការផលិតទឹកមាត់ ដើម្បីសម្រួលដល់បញ្ហារលាកបំពង់រំលាយអាហារ (Gastroesophageal ឬ GERD) និងបន្ថយជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ។ ដូច្នេះ អ្នកអាចទំពារស្ករកៅស៊ូ ក្រោយពេលបាយរួច ១ម៉ោងកន្លះ ដើម្បីការពារចាល់ជាតិអាស៊ីត បញ្ហាក្រពះ និងទប់ស្កាត់ការក្អួតចង្អោរផ្សេងៗ តែប្រាកដជាស្ករកៅស៊ូដែលអ្នកទំពារ គឺគ្មានជាតិស្ករ៕  

ការទំពារស្ករកៅស៊ូ អាចជួយជម្រុញការផលិតទឹកមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]