រាជធានីភ្នំពេញ ៖ តារាចម្រៀងសំនៀងរដឺននាងអឿន ស្រីមុំ បានវិលមកស្រុកកំណើតវិញហើយ បន្ទាប់ពីសម្ងំរស់នៅជាមួយបុរសអាណិកជនម្នាក់ ក្នុងប្រទេសកាណាដាជាង៣ឆ្នាំ។ក្រោយពី ចេញទៅសម្តែងនៅប្រទេសកាណាដា ក្នុងអំឡុងឆ្នាំ២០១០នោះ តារាចម្រៀងមេម៉ាយក្តៅស្រួយ អឿន ស្រីមុំ មិនបានវិលមកប្រទេសកម្ពុជា តាមកាលកំណត់ឡើយ ស្របពេលដែលនាងសម្រេចចិត្ត រស់នៅជាមួយបុរសអាណិកជនម្នាក់នៅទីនោះដូចប្តីប្រពន្ធ ។

រយៈពេលដែលអឿន ស្រីមុំ រស់នៅប្រទេសកាណាដានោះគេគិតថា តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តបាត់ដំបង រូបនេះកំពុងរស់នៅយ៉ាងសុខសាន្ត ព្រោះរូបភាពជាច្រើនដែលនាងបង្ហោះក្នុង ហ្វេសប៊ុកបង្ហាញទឹកមុខស្រស់ស្រាយជានិច្ច ។ នោះជាហេតុធ្វើឲ្យគេគិតថា នាងប្រហែលជាគ្មានថ្ងៃនឹងវិលមកកាន់ ទឹកដីកំណើតជាលើកទី២ឡើយ ក្រោយពេលជួបរឿងប្រះឆាជាមួយ អតីតស្វាមីដែលជាតន្ត្រីករនោះ ។

ផ្ទុយទៅវិញ នៅទីបំផុតម្ចាស់បទ «ពាក់អាវមិនដែលឃើញដោះ» រូបនេះបានត្រឡប់មកទឹកដីកំណើតវិញ និងបានទាំងឡើងបង្ហាញមុខក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ។
ក្នុងពេលសម្ភាសន៍ អឿន ស្រីមុំ  និយាយថា នាងមករស់នៅស្រុកខ្មែរជារៀងរហូតដោយមិនមានបំណង ត្រឡប់ទៅប្រទេសកាណាដាវិញឡើយ ។

នាងថា រំជួលចិត្តណាស់នៅពេលបានឃើញ ស្រុកខ្មែរមានការអភិវឌ្ឍខ្លាំងដោយមានស្ពានអាកាស និងការរីកចម្រើនដទៃទៀត តែក្នុងរយៈពេលខ្លីដែលនាងបាត់មុខនេះ ។ អឿន ស្រីមុំ ស្ទើរបង្ហូរទឹកភ្នែកនៅពេលរំលឹកដល់ ការចាកចោលប្រទេសកំណើតអស់ជាច្រើនឆ្នាំកន្លងមក ដែលនេះបង្ហាញយ៉ាងច្បាស់ថា ការយល់ថា នាងសោយសុខនៅប្រទេសកាណាដា នាពេលកន្លងមក គឺជារឿងផ្ទុយស្រឡះ ។ នាងនិយាយថា «ខ្ញុំនៅកាណាដាត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ហើយបើទោះជាយូរៗបានឡើងច្រៀងម្ដង ក៏មិនមានបងប្អូនយើងគាំទ្រដូចនៅស្រុកខ្មែរឡើយ គឺមើលទៅកម្សត់ណាស់ ។ ដូច្នេះហើយគ្រាន់តែមកដល់ស្រុកខ្មែរបាន ប៉ុន្មានថ្ងៃនាងខ្ញុុំរកឱកាសឡើងឆាកទូរទស្សន៍ ដើម្បីឲ្យបងប្អូនខ្មែរទាំងអស់ដឹងថា អឿន ស្រីមុំ សុំខ្លួនមករស់នៅស្រុកខ្មែរវិញហើយ និងឈប់ទៅប្រទេសកាណាដា» ។

អឿន ស្រីមុំ និយាយថា នាងសប្បាយចិត្តណាស់ នៅពេលឃើញស្រុកកំណើតស្រស់ស្អាត ឯការរៀបចំប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា ក៏មានលក្ខណៈទំនើបនិងទាន់សម័យ ។ ព្រោះតែហេតុផលហ្នឹងហើយទើបតម្រូវឲ្យនាងសម្រេចចិត្ត មិនទៅកាណាដាវិញដោយមិនស្ដាយផ្ទះវីឡា និងរថយន្តទំនើបដែលនាងធ្លាប់បង្ហាញនៅក្នុងហ្វេសប៊ុក ក្នុងពេលជ្រកកោណនៅប្រទេសនោះ ។ 
អឿន ស្រីមុំ បានអញ្ជើញម្ដាយរបស់នាងឲ្យបង្ហាញមុខទន្ទឹម គ្នានឹងការឡើងឆាករបស់នាងដើម្បីបញ្ជាក់ថា នាងពិតជាលែងទៅរស់នៅប្រទេសកាណាដាវិញហើយ ។នាង បញ្ជាក់ថា ឈប់ទៅណាចោលស្រុកខ្មែរទៀតហើយៗក៏ឈប់ដកខ្លួនពីសិល្បៈដែរ ។ នាងសន្យានឹងស្វះស្វែងរកឱកាសច្រៀងរាំឡើងវិញ ក្រោយពីត្រលប់មករស់នៅស្រុកខ្មែរជាអចិន្ត្រៃយ៍នេះ ។ ស្រីមុំ បញ្ជាក់ប្រាប់ទស្សនិកជនថា ការពិតនាងនៅត្រាំត្រែងក្នុង ប្រទេសកាណាដាមិនមែនព្រោះចង់រស់នៅទេ គឺដោយសារតែចង់នៅលេង ហើយគាប់ជួនជាមានបញ្ហាដកឃ្លាមិនបានផង ទើបចេះតែអូសបន្លាយពេលដល់រាប់ឆ្នាំបែបនោះ ។

ទោះជាយ៉ាងណាក្តី អឿន ស្រីមុំ មិនបានបញ្ជាក់អំពីស្វាមីរបស់នាងដែលនៅកាណាដា នោះមកស្រុកខ្មែរជាមួយនាងដែរឬយ៉ាងណាទេ ធ្វើឲ្យគេនៅតែមានចម្ងល់ថា ការវិលត្រឡប់ទាំងតក់ក្រហល់របស់នាងនៅពេលនេះអាច បណ្តាលមកពីមានបញ្ហាទៅលើសម្ព័ន្ធភាពស្នេហារបស់នាង ។នាង អឿន ស្រីមុំ គឺជាអ្នកចម្រៀងរដឺនម្នាក់ដែលមានឈ្មោះបោះ សំឡេងគ្រាន់បើក្នុងពិភពសិល្បៈ ជាពិសេសនាងទទួលបានការគាំទ្រពីបងប្អូនខ្ មែររស់នៅក្រៅប្រទេស ។ អ្នកចម្រៀងរូបនេះ បានសម្រេចចិត្តលែងលះជា ផ្លូវការជាមួយតន្ត្រីករលោកកែវ សុខា កាលពីឆ្នាំ២០០៧ បន្ទាប់ពីពួកគេបានរួមរស់ និងឆ្លងកាត់ការរស់នៅជាមួយគ្នាទាំងលំបាក និងសុខស្រួលអស់រយៈពេលជាង១០ឆ្នាំមកនោះ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]