ភ្នំពេញ៖ នៅពេលដែលយើងធ្វើដំណើរនៅតាមដងផ្លូវ យើងតែងតែសង្កេតឃើញចំនួនអ្នកសុំទានមួយចំនួន ជាពិសេសគឺត្រង់ចំណុចភ្លើងស្តុបតែម្តង។

យើងសង្កេតឃើញទៀតថា មានអ្នកធ្វើដំណើរខ្លះក៏បានផ្អាកដំណើររបស់ខ្លួនដើម្បីដាក់ទានដល់អ្នកសុំទាន ព្រោះតែគាត់មានចិត្តអាណិតអាសូរចំពោះអ្នកសុំទានទាំងអស់នោះ។ ចំណែកឯអ្នកដំណើរខ្លះទៀត គាត់មិនបានផ្អាកដំណើរដើម្បីដាក់ទានឡើយ ព្រោះតែគាត់មិនមានពេលវេលាដើម្បីឈប់ ហើយអ្នកដំណើរខ្លះទៀត គាត់ក៏មានទស្សនៈផ្ទាល់ខ្លួនថា ការដាក់ទានដល់ជនសុំទាននៅតាមដងផ្លូវ គឺជាការជំរុញទឹកចិត្តឲ្យចំនួនអ្នកសុំទានកាន់តែកើនឡើង។

ព្រោះតែដូច្នេះហើយទើបមានសំនួរមួយចោទសួរថា តើការដាក់ទានដល់ជនសុំទាននៅតាមដងផ្លូវសាធារណៈគឺជារឿងគួរធ្វើឬទេ? ហើយតើគួររកដំណោះស្រាយបែបណាដើម្បីកាត់បន្ថយចំនួនអ្នកសុំទានបាន?

ខាងក្រោមមតិយល់ឃើញរបស់យុវជនមួយចំនួន។ សូមតាមដានទាំងអស់គ្នា៖

គ្រាន់តែជារូបភាពតំណាងប៉ុណ្ណោះ

កញ្ញា ឆាន់ សិរី មានវ័យ ២៤ឆ្នាំ ដែលបច្ចុប្បន្នកញ្ញាជានិស្សិតឆ្នាំទី ៤ កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានឆ្លើយតបជាមួយសំនួរក្រុមការងារ Khmerload  ដោយកញ្ញាផ្ទាល់យល់ឃើញថា ការដាក់ទានដល់ជនសុំទាននៅតាមដងផ្លូវ  ជារឿងល្អហើយ ព្រោះអាណិតពួកគាត់ និងអាចជួយសម្រួលដល់ការខ្វះខាតដែលពួកគាត់កំពុងជួបប្រទះ។ ក៏ប៉ុន្តែកញ្ញាក៏ពោលនូវពាក្យប៉ុន្មានឃ្លាទៀតថា ប្រសិនបើយើងនៅតែបន្តដាក់ទានរហូត នោះយើងនឹងធ្វើឲ្យពួកគាត់ចេះតែបន្តនៅសុំទាននៅតាមដងផ្លូវរហូត ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ អាចធ្វើឲ្យពួកគាត់ប្រឈមនូវគ្រោះថ្នាក់ផ្សេងៗនៅពេលដែលដើរសុំទានក៏អាចថាបាន។

ជាដំណោះស្រាយកញ្ញាយល់ឃើញថា៖

ជំនួសឲ្យការដាក់ទានដោយផ្ទាល់ទៅពួកគាត់ យុវជនក៏ដូចជាអង្គការជាប់ពាក់ព័ន្ធនានា គួរតែជួយបង្ហាត់បង្រៀនជំនាញច្បាស់លាស់ណាមួយដល់ពួកគាត់ ដើម្បីបង្កើតជាមុខរបរសម្រាប់ចិញ្ចឹមជីវិតជាអចិន្ត្រៃយ៍។
កញ្ញា ឆាន់ សិរី

ចំណែកឯកញ្ញាសូម៉ាលីន វ័យ ២២ឆ្នាំ ដែលជានិស្សិតឆ្នាំទី ៣ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានលើកជាមតិយោបល់ថា  កញ្ញាគិតថាការដាក់ទានដល់អ្នកសុំទាននៅតាមដងផ្លូវគឺជារឿងមិនគួរធ្វើឡើយ ព្រោះវាធ្វើឲ្យការសុំទានចេះតែបន្តកើតឡើង ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់សុខភាពអ្នកសុំទានផ្ទាល់តែម្តង។ ម្យ៉ាងវិញទៀត កញ្ញាបានលើកឡើងថា ពេលខ្លះវាក៏អាចជារូបភាពមួយដែលជនឆ្លៀតឱកាស ប្រើប្រាស់ក្មេងៗដើម្បីសុំទានឲ្យខ្លួនផងដែរ។

ជាដំណោះស្រាយកញ្ញាបានឆ្លើយតបទាំងញញឹមថា៖

ដើម្បីចូលរួមកាន់បន្ថយចំនួនអ្នកសុំទាន កញ្ញាសុំឲ្យអង្គការពាក់ព័ន្ធនានា ចូលរួមដោយការផ្តល់ជាចំណេះដឹងដល់ពួកគាត់ ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ចំណេះដឹងទាំងនោះដើម្បីជារបរចិញ្ចឹមជីវិត។
កញ្ញា សូម៉ាលីន

ទស្សនៈរបស់លោក ប្រុស ច័ន្ទរដ្ឋា មានវ័យ ២៣ ឆ្នាំ ជានិស្សិតនៃវិទ្យាស្ថានភាសាបរទេសក្នុងរាជធានីភ្នំពេញ បានលើកឡើងថា លោកពិតជាមានការកោតសរសើរចំពោះអ្នកដំណើរមួយចំនួនដែលគាត់មានទឹកចិត្តអាណិតអាសូរចំពោះអ្នកសុំទាននៅតាមដងផ្លូវ។  តែលោកយល់ឃើញថា ការបន្តដាក់ទានដល់ពួកគាត់ វាអាចធ្វើឲ្យអ្នកសុំទានគិតថា កន្លែងទីសាធារណៈគឺជាកន្លែងប្រកបរបររបស់ពួកគាត់។ ម្យ៉ាងវិញទៀត លោកក៏បានបន្ថែមថា ការដាក់ទានដល់ពួកគាត់ វាអាចធ្វើឲ្យពួកគាត់មានការខ្ជិលក្នុងការប្រកបមុខរបរផ្សេងៗ។

ចំណែកឯដំណោះស្រាយលោកឆ្លើយតបថា៖

មានតែការផ្តល់នូវចំណេះដឹង និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពួកគាត់ទេ ទើបធ្វើឲ្យពួកគាត់បានប្រសើរ និងឈប់ធ្វើជាអ្នកសុំទាន។
លោក ប្រុស ច័ន្ទរដ្ឋា

សរុបមកវិញការរៀបរាប់ខាងលើ គ្រាន់តែជាមតិយល់ឃើញដែលយើងចង់ដឹងអំពីសំណាក់យុវវ័យខ្មែរ ពាក់ព័ន្ធទៅនឹងបញ្ហានេះតែប៉ុណ្ណោះ៕

ចុះតើប្រិយមិត្តយល់ឃើញដូចម្តេចវិញដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]