ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា រឿងរ៉ាវនៅក្នុងពិភពសិល្បៈ តែងតែកើតមានជារឿយៗ មិនថាតែរឿងអាស្រូវ ឬក៏ពាក្យចចាមអារ៉ាមគ្រប់សព្វបែបយ៉ាង ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជន ចេះតែចង់ដឹងចង់តាមដានពីរឿងរ៉ាវព័ត៌មាន ទាក់ទងនឹងតារាទាំងនោះ។

ជាក់ស្តែង ចូលមកដល់ចុងឆ្នាំ២០១៧នេះផងដែរ យើងក៏បានប្រមូលយកតារាកម្ពុជាទាំង៧ដួង ដែលពួកគេត្រូវបានប្រិយមិត្តគាំទ្រតាមដាន និងនិយាយពីពួកគេច្រើនបំផុតប្រចាំឆ្នាំនេះ។

ចង់ដឹងថាមានតារារូបណាខ្លះ តោះតាមដានទាំងអស់គ្នា៖

១. កុមារា ពេជ្រ ថៃ

ម្ចាស់ពាន់រង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានប្រិយមិត្តស្ទើរតែទូទាំងប្រទេស បានជជែកវែកញែកដាក់គ្នា ទាក់ទងទៅនឹងលទ្ធផលជ័យលាភីរបស់ប្អូន។ ប៉ុន្តែមិនថាយ៉ាងណា ការយល់ឃើញរបស់មនុស្សម្នាក់ មានលក្ខណៈខុសៗពីគ្នា រីឯភាពជោគជ័យរបស់ពេជ្រ ថៃ ក៏បានមកពីការបោះឆ្នោតពេញចិត្តស្រលាញ់ របស់មហាជនផងដែរ។

កុមារា ពេជ្រ ថៃ

២. តារាចម្រៀង ម៉ៃ សុគន្ធ

អាចនិយាយបានថា តារារូបនេះមានរឿងអាស្រូវច្រើនមិនធម្មតាឡើយ។ លោក ម៉ៃ សុគន្ធ ធ្លាប់បានធ្វើការរិះគន់ទៅលើ កុមារា ពេជ្រ ថៃ ដោយថាប្អូនបានកុហសពីអាយុពិតរបស់ខ្លួន រហូតដល់ថ្នាក់ប្រកាសឲ្យគេយកកុមារារូបនេះ ទៅពិនិត្យ DNA ដើម្បីធ្វើការបញ្ជាក់ថែមទៀតផង ដោយសារតែរឿងនេះ លោកក៏ត្រូវបានមហាជនធ្វើការរិះគន់ចាស់ដៃ។

ចូលមករឿងអាស្រូវផ្សេងមួយទៀត លោកម៉ៃ សុគន្ធ តែងតែត្រូវបានមហាជនសម្តែង ការមិនពេញចិត្តជាខ្លាំង ដោយសារតែភាគច្រើនលោក តែងកូពីបទចម្រៀងពីប្រទេសជិតខាង សូម្បីតែវីដេអូចម្រៀង ក៏លោកសម្តែងតាមគេផងដែរ ដែលរឿងនេះធ្វើឲ្យមហាជនកាន់តែរិះគន់ ទៅលើតារាចម្រៀងរូបនេះ។

តារាចម្រៀង ម៉ៃ សុគន្ធ

៣. តារាស្រីស៊ិចស៊ី ដេននី ក្វាន់

ភាគច្រើនព័ត៌មានដែលចុះផ្សាយពី តារាស្រីដេននីក្វាន់ គឺទាក់ទងទៅនឹងការស្លៀកពាក់របស់នាង។ ជាការពិតណាស់ កាលពីមួយរយៈមុននេះ តារាស្រី ដេនីក្វាន់ តែងតែស្លៀកពាក់ស៊ិចស៊ី បញ្ចេញដើមទ្រូង រហូតត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រមានម្តងហើយម្តងទៀត។

បើទោះបីជា បច្ចុប្បន្ននេះ តារាស្រីស៊ិចស៊ីរូបនេះ បានកែខ្លួនខ្លះៗក៏ដោយ ប៉ុន្តែមិនថាយ៉ាងណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែមិនអាចលើកលែងបានតទៅទៀត ដោយសម្រេចដាក់ពិន័យតារាសម្តែង កញ្ញា ដេនី ក្វាន់ មិនឲ្យមានវត្តមាននៅក្នុងវិស័យសិល្បៈ។

តារាស្រីស៊ិចស៊ី ដេននី ក្វាន់

៤. កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

កន្លងមកអ្នកគាំទ្រតែងតែរំពឹងយ៉ាងមាំថា ទំនាក់ទំនងរវាងកញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀងប្រុសរួមទ្រនំលោក ឆន សុវណ្ណរាជ មានភាពស៊ីជម្រៅលើសពីមិត្តរួមការងារ អាចនឹងមានទំនាក់ទំនងស្នេហា ដោយការសង្កេតពីទង្វើរបស់អ្នកទាំងពីរ ក៏ដូចជាការរូបថតស្វីតៗជាមួយគ្នាជាច្រើនផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា អ្វីៗគឺខុសពីការគិតដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយតាមពិត តារាស្រី ឱក សុគន្ធកញ្ញា កំពុងមានស្នេហា ជាមួយនឹង ប្អូនប្រុសថៅកែផលិតកម្មហង្សជាច្រើនឆ្នាំណាស់មកហើយ។ ហើយក៏បានលេចឮដំណឹងថា អ្នកទាំងពីរនឹងចូលរោងការ នៅឆ្នាំក្រោយនេះទៀតផង។

តារាចម្រៀង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា និងគូដណ្តឹង

៥. តារាចម្រៀងកញ្ញា វ៉ាន់ នីឡា

ផ្ទុះរឿង ចាប់តាំងពីដើមឆ្នាំ២០១៧មកម៉្លេះ ដោយតារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា ត្រូវបានអតីតសង្សារបង្ហោះរូបអាក្រាតក្រោយចែកផ្លូវគ្នា។ លើសពីនេះ តារាស្រីរូបនេះ ព្រមទាំងបងប្រុសបង្កើត ដែលជាផលិតករល្បីឈ្មោះ លោក សុខ ជំនោរ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ រហូតដល់មានការចាប់ខ្លួន និងជារឿងដែលប្រិយមិត្តតាមដានច្រើនបំផុតកាលពីដើមឆ្នាំ២០១៧នេះ។

តារាចម្រៀង វ៉ាន់ នីឡា
តារាចម្រៀង វ៉ាន់ នីឡា

៦. តារារ៉េប ជីដេវីត និង តារាចម្រៀង ទេព បូព្រឹក្ស

ចាប់តាំងពីតារារ៉េប ងួន ចាន់ដេវីត សម្រេចចិត្តចាកចេញពីដៃគូចាស់ អ្នកនាង ពេជ្រ សោភា រួចងាកមកចាប់ដៃគូថ្មីជាមួយនឹងតារាស្រី ទេព បូព្រឹក្សវិញមក គេសង្កេតឃើញថា អ្នកទាំងពីរតែងតែ ទទួលបានមតិប្រតិកម្មជាច្រើន ពីសំណាក់អ្នកគាំទ្រ ដោយអ្នកខ្លះថាបែបនេះ រីឯអ្នកខ្លះទៀត ថាតារារ៉េបរូបនេះជាមនុស្សល្មើសគុណ។

ប៉ុន្តែមិនថាយ៉ាងណា ការសម្រេចរបស់មនុស្សម្នាក់ៗ តែងតែមានហេតុនិងផល គ្រាន់តែយើងមិនដឹងពីរឿងផ្ទៃក្នុងរបស់គេតែប៉ុណ្ណោះ។

ពេជ្រ សោភា និង ជីដេវីត
ទេព បូព្រឹក្ស និង ជីដេវីត

៧. នីឡា តារាកំប្លែង

ផ្ទុះការភ្ញាក់ផ្អើលកាលពីថ្មីៗនេះ ដោយតារាកំប្លែងស្រីវ័យក្មេង កញ្ញា នីឡា កូនតាវ៉ិចទ័រ បានប្រកាសផ្តាច់ពាក្យជាមួយនឹងគូដណ្តឹង ដែលពីមុនស្រលាញ់គ្នាប្តូរផ្តាច់ដោយផ្ទាល់មាត់ ដែលធ្វើឲ្យឪពុករបស់នាង មិនអាចនិយាយអ្វីបានតទៅទៀត។ 

ហើយបើតាមមួយរយៈ ចុងក្រោយនេះ នីឡា ត្រូវបានគេសង្ស័យថា កំពុងតែទាក់ទងមានស្នេហាជាមួយនឹង តារាហ្វេសប៊ុកមួយរូបផងដែរ៕

រូបជាមួយអតីតគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស