ភ្នំពេញៈ បុរសម្នាក់ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ដោយសារតែភាគីរងគ្រោះចោទថាជាបក្ខពួក បានព្រួតគ្នាវាយ និងកាប់ចាក់លើជនរងគ្រោះ រហូតរបួសសុះ សាច់ ហើយបដិសេធ ថាមិនបានរួមចំំណែកទេក្នុងរឿងនេះ ផ្ទុយទៅវិញគេស្ដីបន្ទោសជនរងគ្រោះថា ជាមនុស្សព្រហើន នរណាក៏ស្អប់ដែរ ទើបត្រូវគេវាយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ០៤និង១០នាទីរសៀល ថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១២ មានករណីវាយកាប់ចាក់គ្នា ដោយកាំបិត បានកើតឡើង នៅលើដងផ្លូវលំមួយ ស្ថិតក្នុងភូមិ ច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់ ដែលគេស្គាល់ថា មានឈ្មោះ សៅ ប៊ុន្នី អាយុ ២២ឆ្នាំ មានមុខរបរកម្មករ កាត់ដេរ និងស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ រងរបួសសុះសាច់ ដោយត្រូវគេព្រួតគ្នាវាយ និងយកកាំបិតកាប់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវសមត្ថកិច្ច ជួយហៅរថយន្ដ ដឹកយកទៅសង្គ្រោះ និងបានឃាត់ខ្លួបបុរសម្នាក់ ដែលមានឈ្មោះ  រស់ ចាន់ណា អាយុ ៣៩ឆ្នាំ មាន មុខរបរជាជាងសំណង់ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ដោយនាំយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដោយសង្ស័យថាជាបក្ខពួក បានព្រួតគ្នាវាយកាប់ចាក់ លើជនរងគ្រោះ។

តាមប្រភពពីនគរបាលមូលដ្ឋានឲ្យដឹងថា ឆ្លងតាមលការសាកសួរ បុរសជាជនរងគ្រោះ រូបនេះក៏មិនអន់ដែរ ព្រោះរាល់ពេលគាត់ផឹកស្រាស្រវឹង គឺតែងតែបង្កទំនាស់ ជាមួយ អ្នកដែលជួលផ្ទះនៅក្បែរគ្នា។ ហើយលើកចុងក្រោយ មុនត្រូវគេវាយកាប់ចាក់ មិនដឹងអាចនៅជីវិតបានយូរ ឬអត់នោះ គឺគាត់បានទៅធាក់ទ្វារបន្ទប់គេ ទើបគេខឹងនាំគ្នាព្រួតវាយកាប់តែម្ដង។

បច្ចុប្បន្នជនរងគ្រោះ កំពុងត្រូវសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសៈ ទាំងនៅមានសង្ឈឹម តិចតួច ចំណែកក្រុមជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ កំពុងឃុំនៅអធិការដ្ឋាន ខណ្ឌសែនសុខ ចំណែកបក្ឋពួកនៅសេសសល់ សមត្ថកិច្ចកំពុងតាមប្រម៉ាញ់ ឲ្យចូលក្នុងសំណាញ់ច្បាប់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]