(ភ្នំពេញ)៖ បុរសអាមេរិកាំង លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា ដែលបានបូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុមនុស្សធម៌ ជាពិសេសជួយឲ្យកុមារកម្ពុជា ដែលរស់នៅលើគំនរសំរាម ស្ទឹងមានជ័យទទួលបានការអប់រំ និងការរស់នៅដោយសមរម្យនោះ ត្រូវបានសាកលវិទ្យាល័យសុខាភិបាល និងវិទ្យាសាស្រ្តសង្គម «ហ្សង់អេលីហ្សាប៊ែត (St. Elizabeth)» របស់សាធារណរដ្ឋស្លូវ៉ាគី ប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកសង្គមជូនរូបលោក។ លោក Scott Neeson គឺជាបុគ្គលទី២ហើយក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមួយនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ពិធីប្រគល់សញ្ញាបត្រកិត្តិយសលើកិច្ចការសង្គមរបស់លោក Scott Neeson នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧សប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមប្រគល់សញ្ញាបត្រដោយផ្ទាល់ពីសាស្ត្រាចារ្យបណ្ឌិត Vladimir Krcmery ​ស្ថាបនិក និងជាសាកលវិទ្យាធិការ «ហ្សង់អេលីហ្សាប៊ែត»។

កម្មវិធីការងារសង្គមរបស់សាកលវិទ្យាល័យអេលីហ្សាបែតមានបេសកកម្ម​អប់រំ និងរៀបចំអ្នកជំនាញវិជ្ជាជីវៈសម្រាប់ គម្រោងអភិវឌ្ឍន៍ទាក់ទងនឹងសង្គម ​សប្បុរសធម៌ និងការថែទាំសុខភាពនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំង ពិភពលោក។​ សាស្ត្រាចារ្យបណ្ឌិត Vladimir Krcmery ​ស្ថាបនិកនិងជាសាកលវិទ្យាធិការថ្លែងថា «គោលបំណងចម្បងរបស់ យើងគឺផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលងាយរងគ្រោះបំផុតនៅលើពិភពលោកតាមរយៈកម្មវិធីការងារសង្គមរបស់យើង»។ ​សាកលវិទ្យាល័យនេះបំពេញការងារ​ផ្អែកលើគុណតម្លៃស្មារតី និងគោលការណ៍មនុស្សធម៌ដែលរួមមាន៖ ការគោរពចំពោះ​មនុស្ស ការការពារជីវិតមនុស្ស និងការអភិវឌ្ឍវប្បធម៌។

បច្ចុប្បន្នសាកលវិទ្យាល័យកំពុងដំណើរការគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសចំនួន១០ នៅជុំវិញពិភពលោក ដោយផ្ដោតជាសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលរងគ្រោះពីភាពក្រីក្រធ្ងន់ធ្ងរ។ នៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យមានកម្មវិធីចំនួន២នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយផ្ដល់សេវាថែទាំដល់កុមារ ដែលឆ្លងមេរោគអេដស៍ និងគ្រួសាររបស់ពួកគេ។

សាស្ត្រាចារ្យបណ្ឌិត Krcmery និងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស​ផ្នែកសង្គមកិច្ចជូនលោក Neeson ដោយផ្អែកលើគុណសម្បត្តិ និងស្នាដៃដែលលោកបានចូលរួមអភិវឌ្ឍកុមារនិង គ្រួសារនៅកម្ពុជាដែលទទួលរងផលប៉ះពាល់ពីភាពក្រីក្រធ្ងន់ធ្ងរ។

បន្ទាប់ពីបានអញ្ជើញទស្សនាមជ្ឈមណ្ឌលនៃអង្គការមូលនិធិកុមារកម្ពុជា(CCF)រួចមក លោកសាស្ត្រាចារ្យបណ្ឌិត Krcmery បានមើលឃើញពីប្រសិទ្ធភាព​នៃភាពជាអ្នកដឹកនាំ ការខិតខំប្រឹងប្រែង និងមេត្តាធម៌​របស់លោក Neeson។ ការប្តេជ្ញាចិត្តរបស់លោកបាននាំមកនូវការរីកចម្រើនដល់អង្គការមួយនេះដែលធ្វើប្រតិបត្ដិការរបស់ខ្លួនអស់​រយៈពេល​១៣ឆ្នាំ ដោយបានពង្រីក​កម្មវិធីក្នុងវិស័យអប់រំ ការថែទាំសុខភាព ការលើកស្ទួយសហគមន៍ ភាពជាអ្នកដឹកនាំ អាជីព និងបំណិនជីវិត និងការថែទាំកុមារ ព្រមទាំងបានបង្កើតការិយាល័យសាខានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហុងកុង និងអូស្ត្រាលីផងដែរ។

បច្ចុប្បន្នអង្គការCCF ផ្តល់ការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារ និងសមាជិកសហគមន៍ជាង​ ៣០,០០០នាក់ជារៀងរាល់ឆ្នាំ ផ្តល់អាហារដល់កុមារដែលអត់ឃ្លានចំនួន៤០០នាក់ជារៀងរាល់ថ្ងៃ ជាមួយកម្មវិធីអាហារ ពេលល្ងាច និងបានអប់រំសិស្សជាង​៣០០០នាក់ ពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាល័យ។

លោក Neeson បានធ្វើការដោយមិនខ្លាចនឿយហត់តាមរយៈអង្គការរបស់លោក ដើម្បីធានាថាអ្នកដែលទទួលរង ផលប៉ះពាល់ពីភាពក្រីក្រធ្ងន់ធ្ងរ ទទួលបាន​​ការថែទាំសុខភាព ការអប់រំ និងទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ ការរស់នៅប្រកបដោយស្តង់ដារ។ ការងាររបស់លោកបានផ្លាស់ប្តូរជីវិតរស់នៅរបស់ពលរដ្ឋកម្ពុជាជាច្រើន តាមរយៈការផ្តល់​​សេចក្តីថ្លៃថ្នូរដល់ពួកគេ និងផ្លាស់ប្តូររបៀបដែលពួកគេមើលឃើញខ្លួនឯង និងពិភពលោក។

លោកសាស្ត្រាចារ្យបណ្ឌិត Krcmery បានថ្លែងថា «ភាពជាអ្នកដឹកនាំរបស់លោក [Scott Neeson] គឺជាការងារគំរូសម្រាប់យើងទាំងអស់គ្នា»៕

បុរសអាមេរិកាំង ដែលជួយកុមារកម្ពុជាលើគំនរសំរាម ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ «ហ្សង់អេលីហ្សាប៊ែត»
បុរសអាមេរិកាំង ដែលជួយកុមារកម្ពុជាលើគំនរសំរាម ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ «ហ្សង់អេលីហ្សាប៊ែត»
បុរសអាមេរិកាំង ដែលជួយកុមារកម្ពុជាលើគំនរសំរាម ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ «ហ្សង់អេលីហ្សាប៊ែត»

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]